ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្រវាត់ក្រុង​ទី​3​បាន​បើក​ការដ្ឋាន​សាងសង់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​មាន​ប្រវែង​ជិត​៥៣​គីឡូម៉ែត្រ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២៧៣​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​បើក​ការ​រ​ដ្ឋា​ន​សាងសង់​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ម្សិលមិញ…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​មាន​ប្រវែង​ជិត​៥៣​គីឡូម៉ែត្រ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២៧៣​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​បើក​ការ​រ​ដ្ឋា​ន​សាងសង់​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ម្សិលមិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ កម្ពុជា ។

ផ្លូវ​នេះ​ឆ្លងកាត់​ភូមិសាស្ត្រ រា​ធានី​ភ្នំពេញ​ជាង​១៥​គីឡូម៉ែត្រ និង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​ជិត​៣៨​គីឡូម៉ែត្រ ដែល​មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​១៤+១០៥ នៃ​ផ្លូវជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ​២៤+៨៤០ នៃ​ផ្លូវជាតិ​លេខ​១ ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នៅ​ពេល​នេះ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​តែ​មាន​កំណើន​មនុស្ស និង​យានយន្ត​យ៉ាងច្រើន និង​ជួយ​សម្រួល​ដល់​ការ​ដឹក​ទំនិញ​និង​ផលិតផល​ផ្សេង​ៗ​ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អោ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដែល​ផ្ទុយ​ពី​សម័យ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ដែល​ផ្លូវ​មួយ​ចំនួន​ធំ​ត្រូវ​បាន​បំផ្លាញ​ចោល ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖« ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា គឺ​បាន​ចាប់ផ្តើម​ពី​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​តាំងពី​៣២​ឆ្នាំ​មុន ដែល​បាន​ផ្តោត​ទៅ​លើ​ផ្លូវ​, ទឹក​, ភ្លើង និង មនុស្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣​មក យើង​បាន​ប្តូរ​មក​យក មនុស្ស​, ផ្លូវ​, ទឹក​, និង​ភ្លើង​វិញ ដោយ​យើង​បាន​ប្តូរ​យក​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព​មុខ​គេ »​។

ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់​ទៅ​២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន និង​សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ​២៥​ម៉ែត្រ ដោយ​មាន​ដាក់​អំ​ពូ​ល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​។ វា​ជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ ម្យ៉ាងទៀត គឺជា​កា​រត​ភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​មហា​អនុ​តំបន់​មេគង្គ រួមចំណែក​ក្នុង​ការ​សម្រួលការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅ​ជា​តំបន់​អភិវឌ្ឍ​ថែម​ទៀត​ផង ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​បង្ហើប​ពី​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ចំនួន​៣​បន្ថែម​ទៀត​ដែល​បាន​និង​កំពុង​គ្រោង​សាងសង់​នា​ពេល​ខាង​មុខ​នេះ ។ សម្ដេច​ថ្លែង​ថា ៖« បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​ស្ពាន​ភ្ជាប់​រវាង​ស្រុក​ស្ទឹង​ត្រង់ ក្នុង​ខេត្តកំពង់ចាម ត​ភ្ជាប់​ទៅ​កាន់​ស្រុក​ក្រូចឆ្មារ​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​និង​កំពុង​សាងសង់ ហើយ​ជាមួយ​នេះ យើង​កំពុង​សិក្សា និង​គ្រោង​សាងសង់​ស្ពាន​នៅ​ទីរួមខេត្ត​ក្រចេះ ដើម្បី​ត​ភ្ជាប់​រវាង​ខេត្តក្រចេះ​ទៅ​កាន់​ខេត្តកំពង់ធំ តាម​រយៈ​កា​រត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៦ »​។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​ថវិកា​ដើម្បី​សាងសង់​ស្ពាន​ភ្ជាប់​រវាង​ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់​ផង​ដែរ តាម​រយៈ​ការ​សាងសង់​ផ្លូវ​ភ្ជាប់​ពី​ខេត្តកោះកុង ឆ្លងកាត់​ខេត្តពោធិ៍សាត់ មក​កាន់​ស្រុក​សំឡូត ក្នុង​ខេត្តបាត់ដំបង នា​ពេល​ខាង​មុខ​ផង​ដែរ ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម ព្រោះ​ប្រជាជន​នា​ភូមិភាគ​ពាយ័ព្យ​នា​ពេល​បច្ចុប្បន្ន​នេះ ចង់ទៅ​កាន់​ខេត្តកោះកុង ត្រូវ​មក​កាន់​រាជធានី​ភ្នំពេញ ហើយ​ទើប​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តកោះកុង ហេតុនេះ​នៅ​ពេល​មាន​ផ្លូវ​នេះ ប្រជាជន​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ធ្វើ​ដំណើរ​វាង​ឆ្ងាយ​ទៀត​នោះ​ទេ ។

សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ជា​រឿង​ត្រឹមត្រូវ និង​ចាំបាច់​មួយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ប៉ុន្តែ​រដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ហើយ តែ​យ៉ាងណា​ក៏​ដោយ​វា​ត្រូវការ​ពេលវេលា ព្រោះ​ផ្លូវ​ឬ​ស្ពាន​មិន​អាច​សាងសង់​បញ្ចប់​រយៈពេល​ខ្លី​ទេ ។ លោក​ថ្លែង​ថា ៖« ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច កម្ពុជា​ត្រូវការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី កសាង​កាន់តែ​ច្រើន កាន់តែ​ប្រសើរ​ដើម្បី​ជំរុញ​ល្បឿន​កំណើនសេដ្ឋកិច្ច​របស់​យើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ