រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមគ្រោងនឹងបំពាក់ប្រព័ន្ធអុីនធើរណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ នៅរមណីយដ្ឋានអង្គរខេត្តសៀមរាប ។
ក្នុងកិច្ចប្រជុំពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអុីនធើរណេតគ្មានខ្សែ កាលពីថ្ងៃទី១១ មករា កន្លងមក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អុីវតឹក បានលើកឡើងថា ដើម្បីបម្រើសេវាអុីនធើរណេតល្បឿនលឿន និងសេវាកម្មOnline ផ្សេងទៀតជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប រាជរដ្ឋាភិបាលមានគម្រោងបំពាក់ប្រព័ន្ធអុីនធើរណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែជំនាន់ទី៥ (5G WiFi)នេះ គឺមានល្បឿនប្រមាណជា២០ជីហ្គាប៊ីតក្នុងមួយវិនាទី មានសមត្ថភាពតភ្ជាប់ខ្ពស់ជាងបច្ចេកវិទ្យាជំនាន់ទី៤ដល់ទៅ៥០០ដង (ក្នុងរង្វង់២០គីឡូម៉ែត្រការ៉េ ភ្ជាប់បាន១លានឧបករណ៍) និងល្បឿនរលកសញ្ញាតភ្ជាប់គឺ១មីលីវិនាទី ។ គម្រោងនេះ គឺជាផ្នែកមួយក្នុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជំរុញការផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជាតាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលនឹងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
លោករដ្ឋមន្ត្រីបន្ថែមថា ការបំពាក់ឧបករណ៍ប្រព័ន្ធអុីនគ្មានខ្សែ បច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi)នេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងមិនមានការជីកគាស់ ឬសាងសង់អ្វីបន្ថែមនៅក្នុងតំបន់រមណីយដ្ឋាននោះទេ។
គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ ហៅកាត់ថា(KT)នៃសាធារណរដ្ឋកូរ៉េ ជួយមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ភាគីកូរ៉េបានផ្ដល់នូវជំនួយឥតសំណងលើគម្រោងPublic Wifi និង Digital Connectivity for School ដើម្បីធ្វើការដំឡើងនៅទីតាំងចំនួន៥កន្លែង ក្នុងនោះ រាជធានីភ្នំពេញចំនួន២កន្លែង គឺសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង, ខេត្តកំពង់ឆ្នាំងចំនួន២កន្លែង គឺវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង និងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស និង១ទីតាំងទៀត ស្ថិតនៅវិទ្យាល័យអុីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ World Express Tours & Travel បានថ្លែងកន្លងមកថា ការបំពាក់Wifi ផ្ដល់សេវាអុីនធើរណេតនៅតាមសាធារណៈ គឺជាការបន្ថែម និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលទៅដល់វិស័យឯកជន និងសាធារណជនបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ក៏បានផ្ដល់ផលប្រយោជន៍ដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មាន ក៏ដូចជាភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកទាំងមូលផងដែរ ។
លោកថ្លែងថា ៖« ការដាក់ឲ្យប្រើប្រាស់សេវានេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតពីវិស័យសាធារណៈទៅដល់វិស័យឯកជន ហើយសាធារណជនក៏បានទទួលផលប្រយោជន៍ផងដែរ ។ ចំណុចសំខាន់មួយទៀត សេវាសាធារណៈនេះបានជួយទៅដល់ភ្ញៀវទេសចរ មានន័យថា ពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាននៅពេលពួកគាត់ទៅដល់កន្លែងមួយ គាត់អាចស្វែងរកតំបន់ទេសចរណ៍កន្លែងមួយផ្សេងទៀត និងអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកទាំងមូលបាន » ៕
ចែករំលែកព័តមាននេះ