អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្ររកឃើញពីរបៀបបម្លែងសំបកដបប្លាស្ទិកឲ្យទៅជាប្រភពថាមពលសម្រាប់រថយន្ត។
លោកបណ្ឌិត Moritz Kuehnel មកពីសាកលវិទ្យាល័យ Swansea University ផ្នែកគីមីវិទ្យា បានលើកឡើងថា៖ «ជារៀងរាល់ឆ្នាំមានប្លាស្ទិកច្រើនណាស់ត្រូវបានប្រើប្រាស់ រហូតដល់រាប់ពាន់លានតោន ហើយមានត្រឹមតែមួយផ្នែកតូចទេ ដែលយកទៅកែច្នៃប្រើប្រាស់ឡើងវិញ។ ពួកយើងព្យាយាមប្រើប្រាស់អ្វី ដែលគេសល់ពីការកែច្នៃ»។
លោកបន្តថា៖ «អ្វីពិសេសសម្រាប់ការរកឃើញ គឺថា យើងមិនចាំបាច់ត្រូវសម្អាតប្លាស្ទិកទាំងនោះមុនពេលកែច្នៃឡើយ។ យើងអាចបម្លែងគ្រប់ប្រភេទប្លាស្ទិក។ វានឹងបង្កើតទៅជាឧស្ម័នអ៊ីដ្រូសែន ដែលចេញតាមពពុះប្លាស្ទិករលាយ។ ឧស្ម័ននេះអាចយកទៅប្រើក្នុងរថយន្តដើរដោយអ៊ីដ្រូសែន»។
គេត្រូវការសារធាតុស្រូបពន្លឺដាក់ចូលក្នុងសំណល់ប្លាស្ទិក មុនពេលយកវាទៅដាក់ក្នុងល្បាយអាល់កាឡាំង និងដាក់ឲ្យត្រូវកំដៅថ្ងៃ។ ពេលនោះវានឹងចេញជាឧស្ម័នអ៊ីដ្រូសែន។
គួរបញ្ជាក់ផងដែរថា ការសិក្សានេះត្រូវបានផ្តល់ជាជំនួយពីក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្ររូបសាស្ត្រ និងក្រុមហ៊ុនប្រេងឥន្ធនៈអូទ្រីស។ គេមិនទាន់អាចផលិតអ៊ីដ្រូសែនតាមរបៀបនេះឲ្យទៅទីផ្សារបានឡើយ។ វាអាចនឹងត្រូវការពេលច្រើនឆ្នាំទៀត៕
ចែករំលែកព័តមាននេះ