រាជធានីភ្នំពេញ ៖ ក្រោយវិលចូលសង្វៀនប្រដាល់វិញកីឡាករជើងចាស់ និងធ្លាប់ល្បីឈ្មោះលោកនួន សេតសង់ ត្រូវគេកត់សម្គាល់ថាទទួលបានលទ្ធផលឈ្នះខ្លះចាញ់ខ្លះមិនដូចអ្វីដែលលោកធ្លាប់បន្សល់ទុកនៅមុនពេលបាត់មុខ ដែលឡើងរេញលើកណាកម្រឃើញចាញ់ណាស់ ។ ក្រុមអ្នកស្នេហាកីឡាប្រដាល់នៅតែយល់ថា លោកនៅរក្សាភាពដើមបានច្រើនភាគរយនៅឡើយទេ បន្ទាប់ពីវិភាគពីលទ្ធផលចាញ់ពីរលើករបស់លោកក្រោយហក់ចូលសង្វៀនជាថ្មី ដែលត្រូវគេមើលឃើញថាជើងខ្លាំងវ័យក្មេងមុននឹងបំបាក់លោកបានក៏វេទនាខ្លាំងណាស់ដែរ ។
ប្រមាណជា៤ទៅ៥ឆ្នាំមុនគ្មាននរណាម្នាក់មិនស្គាល់កីឡាករនួន សេតសង់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនោះទេ ។ ប៉ុន្តែរយៈកាលចុងក្រោយ លោកត្រូវគេកត់សម្គាល់ថាបាត់មុខឈឹង ដោយគេនឹកស្មានថា កីឡាកររូបនេះបោះបង់សង្វៀនប្រដាល់ជារៀងរហូតបាត់ទៅហើយទើបមានការភ្ញាក់ផ្អើលគួរសមក្រោយពេលលោកបង្ហាញខ្លួនជាថ្មី ហើយនៅតែមានសមត្ថភាពដូចដើមតទល់ជាមួយកីឡាករជើងខ្លាំងថ្មីៗ ដែលកាលពីលេចមុខភ្លាមៗត្រូវអ្នកខ្លះព្យាករណ៍ថា លោកពិតជាមិនអាចទៅរួច ។
កីឡាករនួន សេតសង់ បញ្ជាក់ថា រយៈពេលដែលលោកបាត់មុខគឺយូរគ្រប់គ្រាន់គួរសម ដែលអាចឲ្យមហាជនភ្លេចមុខ និងភ្លេចឈ្មោះរបស់លោកនៅក្នុងវិស័យប្រដាល់ ទើបទាមទារឲ្យលោកត្រូវចាប់ផ្ដើមពីចំណុចសូន្យមិនខុសពីកីឡាករជើងថ្មី ដើម្បីប្រទាញយកការគាំទ្រពីសំណាក់មហាជនភាគច្រើនឡើងវិញ ។
រយៈពេលបោះបង់នោះ គឺដោយសារតែលោកជាប់ភារៈធ្វើចម្ការជាមួយប្រពន្ធកូន ដែលស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ គាប់ជួនជាប្រដាល់នាអំឡុងពេលលោកនៅខ្លាំងផ្ដល់តម្លៃខ្លួនមិនអាចឲ្យលោករកប្រាក់ដេកព្យាបាលខ្លួនបានផង ទើបបង្ខំឲ្យលោកសម្រេចចិត្តដើរចេញ ។ ចំពោះដំណើរវិលវិញជាថ្មីនេះ លោកមានហេតុផល២ ដោយមិនមែនព្រោះតែហេតុផលឡើងរេញយកប្រាក់ដូចក្រុមកីឡាករវ័យក្មេងខ្លះលើកឡើងនោះឡើយ ។ ហេតុផលទី១ គឺដោយសារសន្ទុះធ្វើស្រែចម្ការដែលលោកធ្លាប់ធ្វើ មិនអាចឲ្យលោករកចំណូលបានគ្រប់គ្រាន់ និងទី២ គឺដោយសារតែលោកសម្លឹងឃើញថា វិស័យកីឡាប្រដាល់នាពេលចុងក្រោយនេះកាន់តែមានការរីកចម្រើន ។
លោកនិយាយថា ស្ថានភាពប្រដាល់ក្នុងរយៈពេលចុងក្រោយ នៅមិនអាចប្រដូចនឹងតម្លៃខ្លួនកីឡាករបរទេស ដែលចេញប្រកួតម្ដងៗបានរាប់រយដុល្លារ និងមានការធានារ៉ាប់រងចំពោះរបួសស្នាមពិតប្រាកដមែន ប៉ុន្តែក៏ចាត់ទុកថាមានចំណុចប្រសើរជាងមុន គឺល្អជាងក្នុងអំឡុងពេលដែលលោកកំពុងឡើងកូដនោះផងដែរ ។ ទាំងនេះហើយ ទើបរុញឲ្យលោកដែលនៅស្រឡាញ់ងប់ងុលនឹងអាជីពប្រដាល់នៅឡើយមានទឹកចិត្តពុះពោរ ហើយវិលមកកាន់ការហ្វឹកហាត់ម្ដងទៀត ដើម្បីត្រឡប់មកកាន់សង្វៀនប្រដាល់ជាថ្មី ។
យោងតាមការវិភាគចុងក្រោយ នួន សេតសង់ នៅរក្សាសមត្ថភាពបានល្អទាំងកម្លាំងស៊ុហ្វ និងភាពរហ័សក្នុងការវាយចេញ បើធៀបនឹងកីឡាករកំពុងឡើងកូដថ្មីៗ ។ ជាក់ស្ដែងលទ្ធផលដែលលោកអាចបំបាក់កីឡាករឃឹម ពេជ្រចិន្តា មកពីក្លិបបូរីនាគរាជ កាលពីថ្ងៃអាទិត្យទី១៤ កក្កដា នៅសង្វៀនបឹងស្នោឲ្យចាញ់ដោយពិន្ទុ គឺជាភស្ដុតាងស្រាប់ ។
បើទោះជាមនុស្សមួយក្រុម យល់ថា លោកអាចឈ្នះត្រឹមកីឡាករខ្លាចាស់ ប៉ុន្តែគេនៅតែមើលឃើញថា សមត្ថភាពរបស់កីឡាកររូបនេះ នៅតែរក្សាបានល្អមិនខុសពីពេលមុនដែលលោកបាត់មុខ ។ ក្នុងចំណោម៥ប្រកួតថ្មីៗ ៣ប្រកួតដែលលោកបានឈ្នះគឺកីឡាករដែលលោកបានបំបាក់សុទ្ធតែរងកណ្ដាប់ដៃ និងរន្ទះជើងយ៉ាងដំណំពីលោក ខណៈ២នាក់ដែលអាចឈ្នះលោកក៏ត្រូវគេមើលឃើញថា ស្ថិតក្រោមហេតុផលលម្អៀងលើកីឡាករវ័យក្មេង ដែលទំនងជាមានបង្អែកក្នុងចង្កោមគណៈកម្មការរៀបចំការប្រដាល់នៅលើសង្វៀនដែលលោកបង្ហាញមុខច្រើនជាង ។
ចាំមើលតើដំណើរវិលចូលសង្វៀនវិញរបស់កីឡាករជើងចាស់រូបនេះ អាចធ្វើឲ្យលោកស្ដារមុខមាត់បានដូចដើម ឬយ៉ាងណា ?
ចែករំលែកព័តមាននេះ