ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម និង ធនាគារជាតិ​ហាក់​ខ្វែង គំនិត​លើ​កំណើន កសិកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កម្ពុជា​មិន​ទាន់​ដោះស្រាយ​បាន ស្រប​ពេល​ជាមួយ​គ្នា​នេះ ធនាគារជាតិ​បាន​អះអាង​ថា កម្ពុជា​អាច​ទទួល​បាន​កំណើន​វិនិយោគ​លើ​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កម្ពុជា​មិន​ទាន់​ដោះស្រាយ​បាន ស្រប​ពេល​ជាមួយ​គ្នា​នេះ ធនាគារជាតិ​បាន​អះអាង​ថា កម្ពុជា​អាច​ទទួល​បាន​កំណើន​វិនិយោគ​លើ​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បា​ម​ថ្លែង​កាលពី​ថ្ងៃ​ទី​៣ មក​រា ម្សិលមិញ​ថា កម្ពុជា​មាន​កំណើន​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​មួយ​ៗ​នៅឡើយ ដោយសារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​មិន​ទាន់​មាន​ភាព​អំណោយផល​នៅឡើយ ពិសេស​តម្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​ទឹក ភ្លើង​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់ ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ។ លោក​ថ្លែង​ថា ៖« ទោះជា​តម្លៃ​ពលកម្ម​យើង​ទាប តែ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​មួយ​ដែល​ត្រូវការ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ »​។

ទោះ​យ៉ាងនេះ​ក្ដី បើ​តាម​ការ​សិក្សា​មួយ ដែល​បាន​ធ្វើ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​បាន​បង្ហាញ​ថា កម្ពុជា​អាច​ទទួល​បាន​កំណើន​វិនិយោគ​លើ​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។

ការ​បង្ហាញ​នូវ​សញ្ញា​សុទិដ្ឋិនិយម​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំ​២០១៩​ដែល​បាន​ចេញផ្សាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ បាយការណ៍​បាន​អះអាង​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ជា​ពិសេស​ផលិតផល​កាត់ដេរ ត្រូវ​បាន​ប៉ាន់​ស្មានថា​កើនឡើង​២៤,៧% ស្រប​ពេល​ដែល​ការ​នាំ​ចេញ​ផលិតផល​មួយ​ចំនួន​បាន​កើនឡើង​ក្នុង​អត្រា​២​ទៅ​៣​ខ្ទង់ ដូច​ជា​ការ​នាំ​ចេញ​អង្ករ​កើនឡើង​២៣% ទោចក្រយាន​កើនឡើង​១២% និង​គ្រឿងបន្លាស់​យានយន្ត​កើនឡើង​៣​ដង ។

ទោះបី​យ៉ាងណា របាយការណ៍​បាន​បន្ត​ថា ថ្វីបើ​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​នៅ​បន្ត​មាន​ចំណែក​ធំ​ប្រមាណ​២​ភាគ​៣​នៃ​ការ​នាំ​ចេញ​សរុប​ក៏​ដោយ ក៏​ចំណែក​នេះ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ដែរ បើ​ធៀប​នឹង​ប្រមាណ​៩៦%​នៃ​ការ​នាំ​ចេញ​កាលពី​១០​ឆ្នាំ​មុន ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​បន្ថែម​ទៀត ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ ព្រមទាំង​លក្ខខណ្ឌ​អាកាសធាតុ និង​ផ្ទៃដី​កម្ពុជា មាន​ភាព​អំណោយផល​ដល់​ការ​វិនិយោគ ក្នុង​វិស័យ​កម្មន្តសាល និង​កសិកម្ម ដើម្បី​កែ​ច្នៃ​ផលិតផល​កសិកម្ម ដើម្បី​នាំ​ចេញ​ទៅ​បរទេស ដែល​បច្ចុប្បន្ន​យើង​ឃើញ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ ។

លោក​គិត​ថា ៖« នៅ​បណ្តា​ឆ្នាំ​ខាង​មុខ កម្ពុជា​នឹង​ទទួល​បាន​កំណើន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ដោយសារ​កម្ពុជា​មាន​ភាព​អំណោយផល​ជា​ច្រើន ពិសេស​ច្បាប់​វិនិយោគ​របស់​កម្ពុជា​មាន​ភាព​បើកចំហ ដែល​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​បោះទុន​១០០%​វិនិយោគ​នៅ​កម្ពុជា »​។ លោក​ថា ៖« ច្បាប់​នេះ​រួម​ទាំង​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​បាន​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​យ៉ាង​ខ្លាំង »​។
រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ -២០២៥ ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា ក្នុង​គោលដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​រឹង​មាំ និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​នានា ដើម្បី​នាំ​ចេញ​ទៅ​កាន់​បរទេស ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​មាន​ប្រសាសន៍​ថា សុខភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​សញ្ញា​ល្អ​ប្រសើរ តែ​បញ្ហា​ប្រឈម​របស់​យើង​នៅ​នៅ​តែ​មាន​ភាព​ដដែល​ៗ ដូច​ជា តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់ កង្វះ​ធនធានមនុស្ស ការិយាធិបតេយ្យ ថ្លៃ​ទឹក​ភ្លើង​នៅ​មាន​ត​ម្តៃ​ខ្ពស់ និង​មិន​ទាន់​មានគុណ​ភាព​ជាដើម ។ លោក​បន្ត​ថា ៖« សេដ្ឋកិច្ច​របស់​យើង​ប្រៀប​ដូច​ជា​រថយន្ត​ចាស់ ដែល​យើង​ត្រូវ​ធ្វើការ​ជួសជុល ឬ​បន្ថែម​គ្រឿង ដើម្បី​ឲ្យ​រថយន្ត​របស់​យើង​រត់​បាន​លឿន និង​ឆ្ងាយ​ជាង​មុន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ