ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​អាច​បង្កើត​ទីក្រុង​ឆ្លាត​វៃ​បាន​ដែរ​ឬទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​នានា តែងតែ​ពិភាក្សា​ពី​ផែនការអភិវឌ្ឍន៍​ទីក្រុង​ទៅ​ជាទី​ក្រុង​ឆ្លាត​វៃ ឬ​ហៅ​ថា « Smart City»…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​នានា តែងតែ​ពិភាក្សា​ពី​ផែនការអភិវឌ្ឍន៍​ទីក្រុង​ទៅ​ជាទី​ក្រុង​ឆ្លាត​វៃ ឬ​ហៅ​ថា « Smart City» ខណៈ​បច្ចុប្បន្ន មាន​ទីក្រុង​ចំនួន​៣​របស់​កម្ពុជា ត្រូវ​ដាក់​ចូល​ក្នុង​របៀបរ​វៈ និង​ត្រៀម​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ជា Smart City ដើម្បី​ដើរ​ឲ្យ​ទាន់​យុគ្គសម័យ​ឌី​ជី​ថ​ល ។

ទោះ​យ៉ាងណា​ក្ដី បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ផ្អែក​លើ​ស្ថានភាព​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ទាន់​អាច​បង្កើត​ទីក្រុង​ឆ្លាត​វៃ​បាន​នៅឡើយ​ទេ ដោយសារ​កម្ពុជា​នៅ​មាន​កង្វះខាត​ច្រើន ពិសេស​គឺ​ច្បាប់​មួយ​ចំនួន ដូច​ជា​ច្បាប់ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E- Commerce) ជាដើម ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មក​ថា បើ​យោង​តាម​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ពេល​នេះ គឺ​កម្ពុជា​មិន​ទាន់​អាច​បង្កើត​ទីក្រុង​ឆ្លាត​វៃ​ឲ្យ​ស្រប​តាម​ស្ដង់ដា​បាន​នោះ​ទេ ដោយសារ​កម្ពុជា នៅ​មាន​កង្វះខាត​ច្បាប់​មួយ​ចំនួន ពិសេស​ច្បាប់ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E- Commerce) ដែល​ច្បាប់​នេះ កម្ពុជា​គ្រោង​បង្កើត​ឲ្យ​បាន​នៅ​ចុងឆ្នាំ​២០១៩​នេះ ។

ទោះ​យ៉ាងនេះ​ក្ដី លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« នៅ​ពេល​ដែល​កម្ពុជា​ឈាន​ចូល​ក្នុង​សម័យកាល​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ហើយ កម្ពុជា​នឹង​យក​ទីក្រុង​ចំនួន​៣​អភិវឌ្ឍន៍​ជាទី​ក្រុង​ឆ្លាត​វៃ ឬ​Smart City នេះ​គឺ​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប »​។ លោក​រដ្ឋមន្ត្រី​បន្ត​ថា គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក នៅ​ពេល​ចូល​ទៅ​ក្នុង​សម័យកាល​បដិវត្តន៍​ឧស្សាហកម្ម​កំរិត​៤.០ គឺ​គេ​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ ត្រូវ​បង្កើត​ទីក្រុង​ឆ្លាត​(Smart City) នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ប្រមាណ​ពី​១​ទៅ​៣​ទីក្រុង ឬ​អាច​ច្រើន​ជាង​នេះ ដើម្បី​បំពេញតម្រូវការ ឬ​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដូច​ជា សិង្ហ​បូ​រី បាន​បង្កើត​ទីក្រុង​ឆ្លាត​វៃ​រួច​ហើយ ។ ចំណែក​បណ្តា​ប្រទេស​ដទៃ​ទៀត កំពុង​បញ្ចូល​ទីក្រុង​របស់​គេ​ទាំងអស់ ទៅ​ជាទី​ក្រុង​ឆ្លាត »​។ លោក​ថា ៖« ទីក្រុង​ឆ្លាត​វៃ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន ពិសេស​ឧបករណ៍​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​វិស័យ​ទូរគមនាគមន៍ »​។ បើ​ទោះជា​កម្ពុជា​មិន​ទាន់​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​ក្លាយជា Smart City ប្រកបដោយ​ស្ដង់ដា​ក៏​ដោយ ប៉ុន្ដែ​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​អភិវឌ្ឍន៍​ជា​បណ្ដើរ​ៗ​ហើយ ជា​ពិសេស​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​និង​កំពុង​អភិវឌ្ឍន៍​គម្រោង​របស់​ពួក​គេ​ជា​ស្មា​ត​ស៊ី​ធី​នេះ​ផង​ដែរ ។

លោក ទូច សំណាង អគ្គនាយករង​ក្រុង​ហ៊ុន​OCIC ដែល​កំពុង​វិនិយោគ​សាងសង់​ទីក្រុង​រណប​ជ្រោយចង្វា បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​ទីក្រុង​នេះ​ជា​ប្រភេទ​Smart City ដើម្បី​ប្រែ​ទីក្រុង​ដែល​មាន​ដី​ប្រមាណ​១០០​ហិ​កតា​នេះ ជាទី​ក្រុង​ប្រកបដោយ​ស៊ី​វិ​ល័យ​មួយ ។ លោក​បន្ដ​ថា ៖« ការ​បង្កើត​ទីក្រុង​បែប​Smart City ត្រូវ​គោរព​តាម​ស្តង់ដា​បរិស្ថាន និង​សន្សំ​សំចៃ​អគ្គិសនី មាន​សួន​បៃតង និង​មិន​បំពុលបរិស្ថាន ពោល​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នេះ មាន​ភាព​សុខដុមរមនា »​។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​សាស្ត្រាចារ្យ​ភឿ​ង សុ​ភ័​ណ្ឌ បាន​ថ្លែង​ថា ទីក្រុង​ឆ្លាត​វៃ​ឬ​Smart City មាន​សារសំខាន់​ណាស់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​ទីក្រុង​បែប​នេះ​តម្រូវ​ឲ្យ​មានការ​រៀបចំ​ឡើង​តាម​បែប​បៃតង ដែល​រួម​មាន​ប្រព័ន្ធ​បង្ហូរទឹក​ត្រូវ​បែងចែក​រវាង​ទឹកភ្លៀង និង​ទឹក​កខ្វក់ មានការ​សន្សំ​សំចៃ​ថាមពល​អគ្គិសនី តាម​រយៈ​ការ​ទាញ​យក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ មាន​លំហ​បៃតង មាន​ដាំ​ដើមឈើ មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម ។ លោក​បន្ត​ថា ៖« ការ​រៀបចំ​ទីក្រុង​បែប​នេះ​ត្រូវ​ចំណាយ​ច្រើន និង​ត្រូវការ​ពេលវេលា និង​ការ​ប្តេជ្ញា​ចិត្ត​មួយ ទើប​យើង​អាច​ធ្វើ​បាន និង​ឆ្លើយ​តប​តាម​ស្តង់ដា​អន្តរជាតិ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ