ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹង​បើក​ទីផ្សារ​សម្លៀក​បំពាក់​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​និង​កំពុង​តែ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ធំ​ជាង​មុន​ជាមួយ​ប្រទេស​រុ​ស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សម្លៀក​បំពាក់​សម្រាប់​រដូវរងារ​ដូច​ជា អាវ​រោមសត្វ ឬ​អាវធំ ដែល​ជា​សក្ដានុពល​ក្នុង​ការ​ពង្រីក​ទីផ្សារ​ធំ​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​និង​កំពុង​តែ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ធំ​ជាង​មុន​ជាមួយ​ប្រទេស​រុ​ស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សម្លៀក​បំពាក់​សម្រាប់​រដូវរងារ​ដូច​ជា អាវ​រោមសត្វ ឬ​អាវធំ ដែល​ជា​សក្ដានុពល​ក្នុង​ការ​ពង្រីក​ទីផ្សារ​ធំ​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ និង​ទិស​ដៅ​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​កន្លង​មក លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ដៃគូ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​-​អាស៊ី ក្នុង​នោះ​គឺ​ផ្ដោត​ជាមួយ​ប្រទេស​រុ​ស្ស៊ី ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« បន្ទាប់​ពី​ចរចា​រួចរាល់​ហើយ កម្ពុជា​នឹង​បើក​ទីផ្សារ​សម្លៀក​បំពាក់​សម្រាប់​រដូវរងារ​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ដែល​ជា​សក្ដានុពល ក៏​ដូច​ជា​កាលានុវត្ដភាព​របស់​កម្ពុជា​ផង​ដែរ »​។
លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទីផ្សារ​រុ​ស្ស៊ី កម្ពុជា​ក៏​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ចរចា​បញ្ចប់​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ហើយ​នេះ​គឺជា​ទីផ្សារ​ធំ មាន​មនុស្ស​ជាង​ពាក់កណ្ដាល​ពិភពលោក ដែល​ធ្វើ​ឲ្យ​កម្ពុជា​មានឱកាស​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ប្រទេស​ចិន ឥណ្ឌា កូរ៉េ​ខាងត្បូង ជប៉ុន អូស្ដ្រាលី និង​ប្រទេស​ណូ​វែ​ល​សេ​ឡង់ ។

លោក​រដ្ឋមន្ត្រី​រំពឹង​ថា ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ កម្ពុជា​នឹង​មាន​ភាព​ប្រកួតប្រជែង និង​ធ្វើការ​នាំ​ចេញ​នូវ​ផលិតផល​បាន​ច្រើន ជា​ពិសេស​ការ​នាំ​ចេញ​សម្លៀក​បំពាក់​សម្រាប់​រដូវរងារ​ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​កំពុង​ចរចា​បន្ដ​ខិតខំ​ជំរុញ​តាម​នីតិវិធី និង​យន្ដការ​នៃ​ការ​សម្រប សម្រួល​ទៅ​តាម​ប្រទេស​នីមួយ​ៗ ។
លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ពេល​នេះ យើង​កំពុង​ចរចា​ជាមួយ​សហភាព​អាស៊ី​អឺរ៉ុប ដែល​មាន​៥​ប្រទេស ហើយ​សុទ្ធសឹងតែ​ជាទី​ផ្សារ​ធំ តែ​បច្ចុប្បន្ន​បាន​សម្រេច​៣​ប្រទេស​ហើយ នៅ​តែ​ពីរ​ប្រទេស​ទៀត នឹង​បាន​សម្រេច​ពី​ការ​នាំ​ចូល​អាវរ​ងារ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំងនោះ ហើយ​ផលិតផល​ទាំងនោះ​សុទ្ធតែ​ជា​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ »​។

លោក​រដ្ឋមន្ត្រី​សម្ដែង​ក្ដី​រំពឹង​ថា នៅ​ពេល​ការ​ចរចា​បាន​សម្រេច ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា ជា​ពិសេស​ផលិតផល​សម្លៀក​បំពាក់ នឹង​កាន់តែ​ច្រើន​ឡើង ហើយនឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក​កាន់តែ​ច្រើន ជា​ពិសេស​នោះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កាន់តែ​កើនឡើង​ថែម​ទៀត ។​លោក​បណ្ឌិត ម៉ី កល្យាណ សេដ្ឋវិទូ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កន្លង​មក​ថា ការ​ធ្វើ​ពិពិធ​កម្ម​ទាំង​ទីផ្សារ និង​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន ហើយ​នៅ​ពេល​មាន​រោងចក្រ​កាត់ដេរ​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ចំណូល​ពី​វិស័យ​នេះ​មាន​កំណើន​ខ្ពស់ ។

លោក​បណ្ឌិត​ថ្លែង​ថា ៖« ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ផ្លាស់​ប្តូរ​បណ្ដើរ​ៗ​ហើយ មាន​ន័យ​ថា ផលិតផល​សម្លៀក​បំពាក់​យើង​នៅ​តែ​ធ្វើ តែ​គួរ​ធ្វើ​របស់​ណា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​នេះ និង​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ឲ្យ​បាន​ច្រើន​ថែម​ទៀត ខណៈ​ដែល​យើង​កំពុង​ទទួល​បានការ​អនុគ្រោះ​ពន្ធ »​។
យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា មាន​កំណើន​ប្រមាណ​១០% ក្នុង​ឆ្នាំ​២០១៨ ដែល​កំណើន​នេះ ទទួល​បាន​ពី​ការ​បន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម តាម​រយៈ​ការ​ខិតខំ​បើក​ច្រក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ជាង​១៤៧​ប្រទេស នៅ​ទូ​ទាំង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ