ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គម្រោង​ចំណាយ​ថវិកា​ជិត​៦០០​លាន​ដុល្លារ​សម្រាប់​ផែនការ​ក្នុង​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ឲ្យ​ដឹង​ថា កម្ពុជាគ្រោង​នឹង​ចំណា​យ​ថវិកា​ជិត​៦០០​លាន​ដុល្លារ​ សម្រាប់​ធ្វើការ​អភិវឌ្ឍ​លើ​ផែនការ​សកម្មភាព​នានា​ដែល​អាទិភាព​នៅ​ក្នុង​ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ឲ្យ​ដឹង​ថា កម្ពុជាគ្រោង​នឹង​ចំណា​យ​ថវិកា​ជិត​៦០០​លាន​ដុល្លារ​ សម្រាប់​ធ្វើការ​អភិវឌ្ឍ​លើ​ផែនការ​សកម្មភាព​នានា​ដែល​អាទិភាព​នៅ​ក្នុង​ឆ្នាំ​២០១៩ ។

ថ្លែង​ក្នុង​សិក្ខាសាលា​ជាតិ​ស្តី​ពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​ថា​ សិក្ខាសាលា​ជាតិ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​«​គ​.​ជ​.​អ​.​ប​» និង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មានការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​នានា​ទាំង​នៅ​ថ្នាក់​ជាតិ និង នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម និង​ស្វែងរក​ការ​ឯកភាព គ្នា​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ របស់ គ​.​ជ​.​អ​.​ប ដើម្បី​ឈាន​ទៅ​រៀបចំ​កញ្ចប់ និង​ការ​ដាក់​ជូន​គ​.​ជ​.​អ​.​ប ពិនិត្យ និង​សម្រេច ។

លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ផ្អែក​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​អង្គ​សិក្ខាសាលា ទាំងមូល និង​បង្ហាញ​អំពី​វ​ឌ្ឍ​ភាព និង​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​ការ​អនុវត្ត​ន៍ក្នុង​ឆ្នាំ​២០១៨ និង អំពី​សេចក្តី​ព្រាង​សកម្ម​ភាព​ជា​អាទិភាព​នានា​ ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ លោ​កប​ន្ថែម​​ថា សកម្មភាព​ជា​អាទិភាព​ទាំងនេះ ​ត្រូវ​បាន​គ្រោង​ឡើង​ដោយ​មានការ​ជជែក​ពិភាក្សា​គ្នា​ជាបឋម​ជាមួយ​ស្ថាប័ន អនុវត្ត​នានា​តាំងពី​ប៉ុន្មាន​ខែ​កន្លង​មក ដោយ​ផ្អែក​ជា​សំខាន់​លើ​ផែនការ​អនុវត្ត​៣​ឆ្នាំ​ដំណាក់កាល​ទី​៣​នៃ​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ​ស្តី​ពី​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា សកម្មភាព​ទាំងនេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​គម្រោង​ថវិកា​សរុប​ប្រមាណ​៥៩៥​លាន​ដុល្លារ​ ដោយ​រួម​បញ្ចូល​នូវ​ទី​១- ថវិការដ្ឋ ប្រមាណ​៥៥១​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ថវិកា​ចំនួន​ប្រមាណ​៥៤៣​លាន​ដុល្លារ សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ទី​២- ថវិកា​ចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍ ចំនួន​ប្រមាណ​៤៤​លាន​ដុល្លារ ។
បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ថវិកា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​មានការ កើនឡើង​ប្រមាណ​១២៧​លាន​ដុល្លារ ។ ដោយសារ​កំណើន​សេដ្ឋកិច្ចជាតិ​ការ​បង្កើន​អត្រា​ចូលរួម​របស់​ថវិការដ្ឋ​ទៅ​ក្នុង​មូលនិធិ​ឃុំ​សង្កាត់​ក្រុង​ស្រុក និង​ការ​បង្កើត​ឲ្យ​មាននូវ​ប្រភព​ចំណូលផ្សេង​ៗ​ទៀត ។

សូម​ជម្រាប​ថា ​សិក្ខា​សាលា​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​មាន​រយៈពេល​ពីរ​ថ្ងៃ​(​ថ្ងៃ​ទី​២៦-២៧ ខែធ្នូ ) ។​តាម​កម្មវិធី​នៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​អញ្ជើញ​ចូលរួម​បិទ​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ