ការផ្លាស់ប្ដូរពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសនានាសម្រេចបានកំណើន5%
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានាបានថមថយល្បឿននៅឆ្នាំនេះ ធៀបនឹងឆ្នាំមុនទោះបីជាទំហំទឹកប្រាក់កើនឡើងជិតដល់២៥ពាន់លានដុល្លារក្តី តែកំណើនសម្រេចបានតែ៥%ប៉ុណ្ណោះ ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ។


ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានស្នើបុគ្គលិក មន្ត្រីក្រោមឱវាទទាំងអស់យកចិត្តទុកដាក់បន្តទៀត លើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ តាមរយៈការធ្វើកំណែទម្រង់នានា ដែលក្នុងនោះរួមមានរចនាសម្ព័ន្ធគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន ការពង្រឹងធនធានមនុស្ស និងការកែលម្អរសេវាសាធារណៈជាដើម ដោយប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យាទំនើប ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ៖« អ្វីដែលសំខាន់យើងមើលឃើញថាកំណើននៃការនាំចេញរបស់យើងបានថយចុះ បើធៀបជាមួយឆ្នាំមុន ប៉ុន្តែការនាំចូលក៏មិនកើនខ្ពស់ដែរ គឺហាក់មានតុល្យភាពនឹងគ្នា ដែលមិនមានអ្វីគួរឲ្យបារម្ភ ប៉ុន្តែសំណួរនៅត្រង់ថា តើធ្វើម៉េចជំរុញឲ្យការនាំចេញកើនឡើងវិញ ? យើងត្រូវធ្វើអ្វីទៀត »។
លោកបណ្ឌិតបន្តថា ៖« រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើងបានកសាងជាយូរមកហើយ ដូចជា វិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្មជាដើម »។ លោកបណ្ឌិតបន្ថែមថា ៖« ការជំរុញការនាំចេញឲ្យកើនឡើងវាទាក់ទងនឹងកំណើនការវិនិយោគពីបរទេស(FDI) ព្រោះបើនាំចេញមិនកើន តើយើងបានប្រាក់ឯណាទិញរបស់គេចូល »។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា បញ្ហាប្រឈមក្នុងសេដ្ឋកិច្ចកម្ពុជាជារឿងដដែលៗ ដូចជា បញ្ហាតម្លៃការដឹកជញ្ជូន ការិយាធិបតេយ្យ និងអគ្គិសនីជាដើម ដែលរាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយហើយ តែវាត្រូវការពេលវេលា ។ លោកបន្តថា ៖« ហេតុនេះយើងត្រូវពង្រឹងសមត្ថភាពយុវជនវ័យក្មេង ព្រោះពួកគេនេះហើយជួយសេដ្ឋកិច្ចរបស់យើង ដែលពួកគេមានសមត្ថភាពជំនាញ ចេះភាសាអង់គ្លេស មានទេពកោសល្យខាងព័ត៌មានវិទ្យា និងជំនួញជាដើម »៕
ចែករំលែកព័តមាននេះ