រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ធ្នូ នេះបានអុនម័តលើសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)ច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវនយោបាយដល់មន្ត្រីអតីតគណបក្សប្រឆាំងដែលជាប់បម្រាមរបស់តុលារកំពូល ។
សម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៤ក្រោមអធិបតីភាពសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាសរុប៥៦រូបនៃចំននួសមាជិកទាំងអស់បានអុនម័តទាំងស្រុងលើសេចក្តីស្នើច្បាប់នេះ ។
លោក ម៉ម ប៊ុននាង ជាអ្នកនាំពាក្យព្រឹទ្ធសភាធ្លាប់ឲ្យដឹងថា សេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីធានាភាពច្បាស់លាស់ លើបុគ្គលដែលត្រូវតុលាការកំពូលសម្រេចហាមឃាតការធ្វើសកម្មភាពនយោបាយស្របតាមគោលការនីតិរដ្ឋ លើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសម្រាប់ថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យពួកគេមានសិទ្ធិធ្វើនយោបាយឡើងវិញ ។
លោកបន្តថា សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្ត្រ ចំនួន៨៧រូប ដោយធ្វើវិសោធនកម្មទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដោយបន្ថែមនូវវាក្យខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ ។
បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះនឹងអាចទទួល បានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ» ។
សូមជម្រាបសេចក្តីស្នើច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃ តី១៣ ខែធ្នូ ឆ្នាំ២០១៨ ដោយសម្លេង១១៥បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ៕
ចែករំលែកព័តមាននេះ