ចុះហាមឃាត់ជនជាតិខ្មែរ-អ៊ិស្លាមចំនួន២១៦គ្រួសារចាកចេញពីដីសម្បទានសេដ្ឋកិច្ច
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរបានចុះហាមឃាត់នឹងស្នើរឲ្យជនជាតិខ្មែរ-អ៊ិស្លាមចំនួន២១៦គ្រួសារចាកចេញពីដីសម្បទានសេដ្ឋកិច្ចប៉ាស៊ីហ្វិកហ្គ្រែនក្រោយរកឃើញថា ប្រជាពលរដ្ឋទាំងនោះបានរំលោភយកដីក្រុមហ៊ុនដោយខុសច្បាប់ចំនួន៨០០ហិកតា ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក…
លោក ថាវ អឿង អភិបាលរងស្រុកកោះញែកបានឲ្យដឹងថា «ក្រុមការងារស្រុកបានចុះទៅផ្សព្វផ្សាយដល់ពួកគាត់ ជុំវិញបញ្ហាចូលទៅកាន់កាប់ដីចំនុចខាងលើនោះ ជាដីរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដូច្នេះតម្រូវឲ្យគាត់នាំគ្នាចាកចេញពីទីតាំងនោះវិលត្រលប់ទៅលំនៅឋានដើមវិញ ចៀសវាងប្រឈមផ្លូវច្បាប់» ។
អភិបាលរងស្រុកបន្តថា «ក្រុមប្រជាពលរដ្ឋទាំងនោះ មិនបានសុំការអនុញ្ញាតណាមួយពីអាជ្ញាធរមូលដ្ឋាន ដើម្បីមានសិទ្ធិចូលទៅរស់នៅលើដីតំបន់ខាងលើឡើយ…ដោយពួកគេបានអះអាងថា ដីនោះមិនមានពាក់ព័ន្ឋនឹងអ្នកណាឡើយ ជាដីព្រៃទើបសម្រេចនាំគ្នាកាប់រុករានរស់នៅតែម្តង» ។
បើតាមការបញ្ជាក់របស់លោក ថាវ អឿង ប្រជាពលរដ្ឋដែលចូលទៅចាប់ដីនោះភាគច្រើនមកពីខេត្តកំពង់ចាម មានជនជាតិខ្មែរឥស្លាមចំនួន១២៧គ្រួសារ ជនជាតិខ្មែរចំនួន៨៩គ្រួសារ កំពុងធ្វើកាន់កាប់ដីចំនួន៨០០ហិចតា ក្នុងទំហំផ្ទៃដីរបស់ក្រុមហ៊ុនចំនួន១ម៉ឺនហិកតា ។
ដោយឡែកក្រុមប្រជាពលរដ្ឋបានលើកឡើងថា«ពួកគាត់មិនអាចចាកចេញពីទីនេះបានឡើយ ស៊ូស្លាប់រស់នៅទីនេះ ព្រោះកាលពីពេលពួកគាត់ចូលរស់នៅដំបូងរបស់មកដល់ពេលនេះអស់រយៈពេលបីឆ្នាំហើយ មិនដែលឃើញក្រុមហ៊ុនចុះទៅបោះព្រំដីថាជាកម្មសិទ្ធឡើយ ក៏មិនដែលមានទំនាស់ជាមួយក្រុមហ៊ុនដែរ…អ៊ីចឹងពួកគាត់នឹងបន្តរស់នៅតំបន់នេះ» ៕

ចែករំលែកព័តមាននេះ