រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តម៉ាករ៉ង់រ៉ូវែមួយគ្រឿង បានបោះពួយទៅបុកគូទរថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងពីក្រោយ និងជ្រុកទៅបុកបង្គោលភ្លើងមួយដើមទៀត ក្រោយមកក៏ឃើញបុរសនិងស្ត្រីជនជាតិចិនពីរនាក់នាំគ្នារត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២២ ធ្នូ នេះ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវព្រះសុធារស កែងផ្លូវព្រះសុរាម្រិត
(ខាងកើតនាគបាញ់ទឹក) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សេចក្តីរាយការណ៍បន្តថា ភាគីរថយន្តម៉ាករ៉ង់រ៉ូវែ មានពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២S-០៧៧៧ ត្រូវបានកម្លាំងមានសម្ថកិច្ច ហៅរថយន្តមកស្ទូចដឹកយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ។ ក្រោយពីរថយន្តមួយគ្រឿងនេះ ដែលអ្នកបើកជាជនជាតិចិន និងរួមដំណើរជាមួយស្ត្រីជនជាតិចិនម្នាក់ទៀត ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ឃើញស្ត្រីចំណាស់ម្នាក់ បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២I-១៦៧៤មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវសុរាម្រិតក្នុងទិសដៅពីកើតទៅ
លិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លើងស្តុបក៏លោតឡើងពណ៌ក្រហម ហើយស្ត្រីរូបនោះ ក៏បាន ឈប់ភ្លើងស្តុប ពេលនោះស្រាប់តែមានរថយន្តចិននោះ បោះពួយមកក្នុងល្បឿនយ៉ាងលឿន ក៏បុកគូទរថយន្តហាយឡិនឌ័រពីក្រោយពេញទំហឹងតែម្តង ។ ភ្លាមនោះ អ្នកបើកក៏បានបួងចង្កូតងាកទៅខាងស្តាំដៃ ទៅបុកផ្ទុបនឹងបង្គោលភ្លើងមួយដើមក្បែរនោះជាប់ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅនឹងមួយកន្លែង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានប្រទះឃើញប័ណ្ណបើកមានឈ្មោះ ផឹង ឈៀង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិននៅក្នុងរថយន្តឡង់រ៉ូវែនោះ។ ដូច្នេះ អាចនឹងងាយស្រួលរកម្ចាស់រថយន្តនេះហើយ។

ចែករំលែកព័តមាននេះ