ខេត្តពោធិ៍សាត់ ៖ ភ្ញៀវដែលបានទៅចូលរួមក្នុងពិធីជប់លៀងការកូនអ្នកស្រុកមួយកន្លែងបានរត់ចែកផ្លូវគ្នាភ័យព្រលឹងចុងសក់ ព្រោះតែខ្លាចត្រូវនឹងកៅអី ដំបង និងដុំថ្ម ដែលភាគីកូនកំលោះ និងភាគីកូនក្រមុំបើកឆាកប្រយុទ្ធគ្នាដូចរឿងភាគចិន ខណៈពេលភ្ញៀវកំពុងទទួលទានអាហារផឹកស្រាសប្បាយ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៨ ធ្នូ មានកម្មវិធីការកូនអ្នកស្រុកមួយកន្លែងនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ។ ពិធីជប់លៀងបានដំណើរការទៅតាំងពីម៉ោង១១ព្រឹក ដោយមានភ្ញៀវចូលរួមរាប់រយនាក់ និងមានតន្ត្រីរាំកំសាន្តផងដែរ។ លុះនៅម៉ោង១៤និង៣០នាទីរសៀល ខណៈពេលភ្ញៀវមួយចំនួនបានចេញជាបណ្ដើរៗ និងមួយចំនួនទៀតនៅបន្តសប្បាយនៅឡើយនោះ ភាគីកូនកំលោះអស់ស្រាផឹកក៏ហៅយកថែម តែភាគីខាងកូនក្រមុំមិនបានយកមកភ្លាមទេ។
សមត្ថកិច្ចបន្តថា ដោយដាច់ស្តុកយូរពេកធ្វើឲ្យភាគីខាងកូនកំលោះអន្ទះអន្ទាញបម្រុងដកលុយក្នុងហោប៉ៅឲ្យគេទៅទិញស្រាពីក្រៅមកផឹក ប៉ុន្តែភាគីខាងកូនក្រមុំមកទាន់ក៏ឃាត់មិនឲ្យទិញព្រោះស្រាមិនទាន់អស់នៅឡើយទេ គ្រាន់តែអ្នកបម្រើមានការឆកល្វែងប៉ុណ្ណោះ។ ខណៈនោះបុរសខាងកូនកំលោះម្នាក់បានពោលពាក្យថា «អាពួកស្រុកស្រែបានតែវាយសម្លាប់ចោល» ពេលនោះក៏កើតហឹង្សារវាងភាគីកូនកម្លោះ និងភាគីកូនក្រមុំដេញវាយគ្នាផ្អើលពេញរោងការតែម្ដង បណ្ដាលឲ្យភ្ញៀវដែលកំពុងតែផឹកស៊ីសប្បាយភ័យរត់ជាន់ជើងគ្នា។
សមត្ថកិច្ចឲ្យដឹងថា ភាគីកូនកម្លោះមានគ្នា៧នាក់ ឯភាគីកូនក្រមុំមានគ្នា៦នាក់ ហើយជាលទ្ធផលបណ្ដាលឲ្យភាគីកូនកម្លោះ២នាក់រងរបួស ទី១-ឈ្មោះ ម៉ន ម៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន (របួសភ្នែកខាងស្ដាំ), និងទី២-ឈ្មោះ ម៉ន ធីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្នស់តាចាប ឃុំស្នាមព្រះ ស្រុកបាកាន (របួសមុខខាងស្ដាំ)។
ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯភាគីទាំងសងខាងបានព្យាយាមសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ហើយករណីនេះអាចទើបតែកើតមានជាលើកទីមួយទេ នៅខេត្តពោធិ៍សាត់៕
ចែករំលែកព័តមាននេះ