ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កម្សាន្ត​បុណ្យ​សមុទ្រ​កើនឡើង​៦​ដង មក​ពី​កត្តា​អ្វី ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុណ្យ​សមុទ្រ​លើក​ទី​៧​នៅ​ខេត្តកោះកុង​បាន​បញ្ចប់​ហើយដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​ជាង​៣៥​ម៉ឺន​នាក់ ។ លោក​ថោ​ង ខុន បាន​ថ្លែង​ថា បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែធ្នូ​ឆ្នាំ​២០១៨​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាង​៣៥​ម៉ឺន​នាក់​នេះ​កើនឡើង​៦​ដង បើ​ប្រៀបធៀប​ទៅ​នឹង​បុណ្យ​សមុទ្រ​កាលពី​ឆ្នាំ​២០១៣​នៅ​ខេត្តកោះកុង…

រាជធានី​ភ្នំពេញ ៖ បុណ្យ​សមុទ្រ​លើក​ទី​៧​នៅ​ខេត្តកោះកុង​បាន​បញ្ចប់​ហើយដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​ជាង​៣៥​ម៉ឺន​នាក់ ។

លោក​ថោ​ង ខុន បាន​ថ្លែង​ថា បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែធ្នូ​ឆ្នាំ​២០១៨​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាង​៣៥​ម៉ឺន​នាក់​នេះ​កើនឡើង​៦​ដង បើ​ប្រៀបធៀប​ទៅ​នឹង​បុណ្យ​សមុទ្រ​កាលពី​ឆ្នាំ​២០១៣​នៅ​ខេត្តកោះកុង ។ ថ្ងៃ​ទី​១ មាន​ភ្ញៀវ​ជាង​៦​ម៉ឺន​នាក់ ថ្ងៃ​ទី​២ ជាង​២០​ម៉ឺន​នាក់ និង​ថ្ងៃ​ទី​៣​មាន​ជាង​៩​ម៉ឺន​នាក់ ។ លោក​ថោ​ង ខុន ថា មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​នោះ​រួម​មាន កត្តា​សន្តិភាព កត្តា​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កត្តា​រីក​ចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្ល​ល់ កត្តា​ផលិតផល និង​គោលដៅ​ទេសចរណ៍ ប្លែក​ៗ​ដ៏​ទាក់ទាញ ពិសេស​គឺ​ទេសភាព​ដ៏​ទាក់ទាញ​នៃ​តំបន់ឆ្នេរ កោះ និង​តំបន់​អេកូ​ទេសចរណ៍ និង​ការ​យកចិត្តទុកដាក់​រៀបចំ​របស់​គណៈកម្មការ និង​អាជ្ញាធរ​ខេត្ត ការ​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ដ៏​ល្អ ។ ប៉ុន្តែ​កត្តា​សំខាន់​បំផុត​នោះ គឺ​វត្តមាន​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជាទី​គោរព​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ។

លោក​ថា ប្រជាពលរដ្ឋ​ពី​គ្រប់​ស្រុក​នៃ​ខេត្តកោះកុង និង​ពី​ស្ទើរ​គ្រប់​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ចង់​ជួប​ចង់​ស្តាប់​ផ្ទាល់​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជាក់ស្តែង​មាន ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​បាន​ចូលរួម​ស្តាប់​ផ្ទាល់​ប្រសាសន៍​សម្តេច​តេ​ជោ​ដែល​ថ្លែង ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពី​ធី​បើក ដោយ​ស្ងាត់ស្ងៀម និង​យកចិត្តទុកដាក់ និង​ពេញចិត្ត បំផុត ។

ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ៍​» អម​ជាមួយ​ពាក្យស្លោក​«​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​» ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។
ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​បាន​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ សំខាន់​ៗ​ជា​ច្រើន​ដូច​ជា ពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិព័រណ៍​ម្ហូបអាហារ​និង​ផលិតផល​បរទេស ការ​សម្តែង​សិល្បៈ​បុរាណ និង​សម័យ​របស់​សិល្បករ​ជាតិ និង​អន្តរជាតិ សកម្មភាព​កីឡា ក្បួនព្យុហយាត្រា និង​ការ​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត ។
ដើម្បី​សម្រួល​ដល់​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ទៅ​កម្សាន្ត​ក្នុង​ពិធីបុណ្យ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សម្រួល​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ទៅ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ប្រមាណ​ជាង ១.៥០០​នាក់ ។លោក​ថោ​ង ខុន ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨ ឆ្នាំ​ក្រោយ​នឹង​ត្រូវ​រៀបចំ ធ្វើ​ឡើង​នៅ​ខេត្តកំពត ។

លោក​ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​ជា​សមាជិក​អនុ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ បាន​បញ្ជាកា់ ក្នុង​រយៈពេល​កន្លះ​ខែ​មុន​ពិធីបុណ្យ​មក​ដល់ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន​១៨០០​បន្ទប់​ក្នុង​ទីរួមខេត្ត ត្រូវ​ភ្ញៀវ​កក់​ទុក​ទាំងអស់ សម្រាប់​សម្រាកលំហែ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​៣​យប់​៣​ថ្ងៃ ។ នៅ​មាន​ភ្ញៀវ​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​អត់​បន្ទប់​សម្រាក ត្រូវ​បោះ​តង់​តាម​សួន​សាធារណៈ​ដើម្បី​សម្រាក ។
អនុ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត កក់​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ក្នុងស្រុក​ខ្ល​ង​យ៉ៃ​ប្រទេស​ថៃ ចំនួន​១០០​បន្ទប់ និង​រង់ចាំ​សម្រួល​ចរាចរណ៍ ទទួលភ្ញៀវ​ឲ្យ​ចូល​ទៅ​សម្រាក​នៅ​ទីនោះ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ថ្លែង​ថា «​ហេតុផល​ដែល​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​កើនឡើង​សន្ធឹកសន្ធាប់​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​កត្តា​ជា​ច្រើន​ដូច​ជា អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់ តុបតែង​ភ្លើងពណ៌​បំភ្លឺ កែ​លំអ​សោភ័ណ​ភាព​គ្រប់​ទីកន្លែង​ដូច​ជា​អាគារ​រដ្ឋបាល​គ្រប់​ស្ថាប័ន សួនច្បារ និង​ទី​សាធារណៈ​ទូ​ទាំង​ខេត្ត​។ គណៈកម្មការ​អន្តរក្រសួង ក្នុង​នោះ​មាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សាធារណការ បាន​ប្តេជ្ញា​ពង្រីក​ន្ថែ​ម​តំបន់​សក្តានុពល​ទេសចរណ៍ ជា​ច្រើន​ទៀត ជួសជុល​ផ្លូវជាតិ​លេខ​៤៨ ចម្ងាយ​ជាង​១៥០​គីឡូម៉ែត្រ​តែ​ក្នុង​រយៈពេល​២​ខែ​ប៉ុណ្ណោះ​រួចរាល់​ជា​ស្ថាពរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ធានា​សុវត្ថិភាព ដល់​ការ​ធ្វើ​ចរាចរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​ចូលរួម​អបអរសាទរ និង​កម្សាន្ត​ក្នុង​ពី​ធី​បុណ្យ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ