ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ជិត​100​លាន​ដុល្លារ​ដល់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា និង​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​ទៅ​លើ​ធនធាន​ជលផល សហភាព​អឺរ៉ុប​(EU) ប្រចាំ​កម្ពុជា គ្រោង​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​៨៧​លាន​អឺ​រ៉ូ ឬ​ស្មើ​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធាន​ជលផល​វារីវប្បកម្ម…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា និង​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​ទៅ​លើ​ធនធាន​ជលផល សហភាព​អឺរ៉ុប​(EU) ប្រចាំ​កម្ពុជា គ្រោង​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​៨៧​លាន​អឺ​រ៉ូ ឬ​ស្មើ​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធាន​ជលផល​វារីវប្បកម្ម បន្ទាប់​ពី​ថវិកា​ជាង​៣០​លាន​អឺ​រ៉ូ ដែល​ផ្ដល់​ជូន​កម្ពុជា កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​កម្ពុជា​យក​មក​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ។

យោង​តាម​គេហទំព័រ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ភាព​សំខាន់​នេះ​វិស័យ​វារីវប្បកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប​បាន​អនុម័ត​កម្មវិធី​ការ​គ្រប់គ្រង​ធនធាន​ជលផល ដែល​មាន​ទឹកប្រាក់​ប្រមាណ​៨៧​លាន​អឺ​រ៉ូ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ធនធាន​នេះ ឲ្យ​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​គម្រោង​នេះ មាន​ទឹកប្រាក់​៣០​លាន​អឺ​រ៉ូ បាន​បញ្ចប់​ដោយ​ជោគជ័យ ។

ប្រភព​ដដែល​បញ្ជាក់​ថា ៖« គម្រោង​ដែល​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប​នៅ​ពេល​ខាង​មុខ​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ នឹង​ត្រូវ​ប្រើប្រាស់​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៩​ដល់ ឆ្នាំ​២០២៣ ហើយ​គម្រោង​នេះ​ក៏​គ្រោង​នឹង​ចុះហត្ថលេខា​រវាង​ភាគី​ទាំង​ពីរ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ » ។

លោក អេ​ង ជា​សាន ប្រធាន​រដ្ឋបាល​ជល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា ទឹកប្រាក់​ដែល​នឹង​ទទួល​បាន​នេះ​គឺជា​ជំនួយ​ឥត​សំណង​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ជួយ​ដល់​វិស័យ​ជលផល ទូ​ទាំង​ប្រទេស​កម្ពុជា ។ លោក​បន្ដ​ថា ៖« គម្រោង​នេះ អាច​នឹង​ចាប់​ផ្ដល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​ខាង​មុខ​ដោយសារ​តែ​ទឹកប្រាក់​មិន​ទាន់​ធ្លាក់​មក ដូចនេះ​វា​អាច​ពន្យារពេល​ប្រមាណ​កន្លះ​ឆ្នាំ​ទៀត » ។ លោក​បន្ត​ថា ហិរញ្ញប្បទាន​នេះ​ដែរ នឹង​ត្រូវ​បែងចែក​ទៅ​តាម​សហគមន៍​នានា ទូ​ទាំង​ប្រទេស ដើម្បី​អភិរក្ស ថែរក្សា និង​ផ្សព្វផ្សាយ​ពី​វិស័យ​ជល​នៅ​កម្ពុជា ហើយ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​កំណើន​ជលផល​ទាំង​ទឹកសាប និង​ទឹកប្រៃ ។ លោក​បញ្ជាក់​ថា សម្រាប់​តំបន់​ណា ខេត្ត​ណា​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពី​ហិរញ្ញប្បទាន​របស់​សហភាព​អឺរ៉ុប មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ពេល​នេះ​ក្រុមការងារ​កំពុង​រៀបចំ​ធ្វើ​កិច្ចការ​នេះ តែ​យ៉ាងណា​ក៏​ដោយ​ក្រសួង​នឹង​បែងចែក​ឲ្យ​មាន​តម្លាភាព​បំផុត​ដើម្បី​ប្រយោជន៍​ដល់​វិស័យ​ជលផល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ថា យោង​លើ​សេចក្តីជូនដំណឹង​ស្តី​ពី​រដូវ​ធ្វើ​ប្រហុក ផ្អក របស់​រដ្ឋបាល​ជលផល កាលពី​ស​ប្ដា​ហ៍​មុន​នេះ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​កម្ពស់​ទឹកទន្លេ​សាប​ស្រក​ចុះ​លឿន​ជាង​ឆ្នាំ​កន្លង​មក ជា​ហេតុ​ធ្វើ​ឲ្យ​ដាយ​នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ក្នុង​ខែ​មិគសិរ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០​ខែធ្នូ ។

ដោយឡែក សម្រាប់​សម្រាប់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​វិញ ក៏​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​នេះ​ឡើង​វិញ សម្រាប់​ទប់​ទប់​នឹង​ការ​នាំ​ចូល​ពី​ក្រៅប្រទេស ។ ជា​ការ​កត់សម្គាល់ ការ​ចិញ្ចឹម​ត្រី​ឆ្តោ​បាន​កើនឡើង​ដល់​ជាង​៦០​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បរិមាណ​នេះ​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង កាត់​បន្ថយ​ការ​ចាប់​ត្រី​ពី​ប្រភព​ធម្មជាតិ លើកកម្ពស់​ផលិតភាព​វារីវប្បកម្ម និង​បង្កើន​ប្រាក់​ចំណូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ