ខេត្តកំពង់ស្ពឺ ៖ សម្លៀកបំពាក់មួយចំនួន និងលុយ១០០ដុល្លារដែលខំសន្សំសម្រាប់ដោះស្រាយជីវភាព ព្រមទាំងសម្ភារមួយចំនួនរបស់លោកយាយជរា ត្រូវចៅដុតបំផ្លាញគ្មានសល់ ព្រោះតែខឹងលោកយាយនិយាយរឿងមិនខំរកការងារធ្វើ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥និង៣០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌស្រុកបានឃាត់ចៅលោកយាយឈ្មោះ ឈួន វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ចំណែកលោកយាយឈ្មោះ ហង្ស ម៉ិន អាយុ៧៧ឆ្នាំ ។ ជនសង្ស័យនេះត្រូវឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់លោកយាយដែលដាក់ពាក្យបណ្ដឹងទៅលើចៅរបស់ខ្លួនដើម្បីឱ្យចាត់ការតាមនីតិវិធី។
លោកយាយបានរៀបរាប់ថា មុនពេលកើតហេតុ ចៅបានមកសុំលុយយកទៅដើរលេង តែលោកយាយប្រាប់ថា គ្មានលុយនោះទេ យាយចាស់ហើយមិនដឹងទៅធ្វើការអីបានលុយមកឱ្យចៅសម្រាប់ចាយនោះឡើយ។ ចៅនៅក្មេង កម្លាំងមាំមួន គួរណាស់រកការងារធ្វើកុំចាំតែសុំលុយយាយ ព្រោះយាយចាស់ហើយ និយាយចប់ស្រាប់តែចៅស្ទុះប្រមូលអីវាន់ក្នុងផ្ទះមកដុតកម្ទេចចោលគ្មានសល់ សូម្បីតែគាត់ចាស់ហើយក៏ត្រូវចៅនេះវាយដំគាត់ដែរ។
សមត្ថកិចបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពដុតបំផ្លាញសម្ភារខូចខាតរួមមាន កន្ទេលចំនួន៥ ពូកចំនួន១ លុយ100ដុល្លារ និងសម្លៀកបំពាក់មួយចំនួនទៀត ។ ករណីខាងលើនេះ ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខាងលើពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីវិធី ។
លោកយាយជរាបានអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយដល់គាត់ផង ព្រោះពេលនេះ គាត់គ្មានមុង ភួយ កន្ទេល ខ្នើយសម្រាប់ប្រើប្រាស់នោះទេ ជាពិសេសលុយ១០០ដុល្លារដែលគាត់សន្សំជាយូរមកហើយក៏ត្រូវឆេះគ្មានសល់ដែរ៕
ចែករំលែកព័តមាននេះ