រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលពេញពិភពសិល្បៈស្ទើរមិនគួរឱ្យជឿដែលឈួន ស្រីម៉ៅ តារាចម្រៀងដែលមានយីអ៊ុនចេញទៅច្រៀងនៅក្រៅប្រទេសជាញឹកញាប់ ស្រាប់តែទិញរថយន្តថ្មីម៉ាក Rang Rover ថ្មីសន្លាងជិះយ៉ាងសង្ហាគ្រប់ជំហានសម្តែងសិល្បៈ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញ ។ ចាត់ទុកជាតារាចំណូលថ្មីម្នាក់ទៀតហើយដែលមានតួលេខជិះរថយន្ត Rang Rover ក្នុងចំណោមតារាល្បីមួយចំនួនដែលគេឃើញប្រើរថយន្តរបៀបហ៊ឺហាបែបនេះ ពិសេសនាងឈួន ស្រីម៉ៅ បានក្លាយជាផ្ទាំងស៊ីបនៅក្នុងសួនសិល្បៈ មានមិត្តភក្តិសួរនាំជុំវិញរឿងរ៉ាវប្រើរថយន្តថ្មី។
មិនខុសពីតារាស្រីស្រស់ស្អាតមួយចំនួនទេ ស្រីម៉ៅត្រូវគេដាក់ការសង្ស័យថា អាចមានគូស្នេហ៍ទ្រព្យស្តុកទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារឱ្យ ព្រោះបើតាមការប្រឹងច្រៀងសន្សំប្រាក់ប៉ុនណាក៏មិនអាចស្ទុះមកទិញរថយន្តក្នុងតម្លៃរាប់ម៉ឺនដុល្លារបានយ៉ាងងាយដែរ លុះត្រាតែតារាជួរមុខល្បីឡើងកូដខ្លាំងមានការងារគ្រប់ច្រកល្ហកទើបអាចជឿទុកចិត្តបាន ។
ដោយមិនចង់ឱ្យមានពាក្យចចាមអារ៉ាមច្រើនបន្តទៀត តារាស្រីរាងតូចច្រឡឹង ទឹកដមសម្លេងពីរោះ កញ្ញាឈួន ស្រីម៉ៅ បានចេញមុខបកស្រាយភ្លាមៗ ព្រោះមិនអាចទ្រាំនឹងការសួរដេញដោលពីមហាជនបាន ពិសេសបណ្តាអ្នកសារព័ត៌មាន ព្រោះតាំងពីដូររថយន្តថ្មីមកនាងត្រូវគេតាមប្រម៉ាញ់រហូត។ នាងបានបកស្រាយថា ការពិតនាងបានដូររថយន្តថ្មីនេះជិត១ខែហើយ គឺនាងបានសម្លឹងទុកក្នុងចិត្តតាំងពីមុនទៅអាមេរិកម្ល៉េះដោយសារតែនាងស្រឡាញ់រថយន្តនេះយូរហើយ។ នាងបន្តថា ការដូររថយន្តថ្មីនេះគ្មានអ្នកណាជួយឧបត្ថម្ភទេ គ្មានអ្នកណាយកលុយមកឱ្យយើងរាប់ម៉ឺនដុល្លារងាយៗទេ ។
នាងច្រៀងរាប់ឆ្នាំហើយ បើនិយាយពីរឿងទៅក្រៅប្រទេសនាងឧស្សាហ៍ទៅញឹកញាប់ណាស់ក្នុងមួយឆ្នាំៗ អ៊ីចឹងហើយនាងចង់ឱ្យទស្សនិកជន ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈស្វែងយល់ពីបញ្ហានេះផង ទំរាំតែមានលុយនាងសន្សំទុកឡើងរាប់ឆ្នាំចេញច្រៀងគ្រប់កន្លែង ហែកអាកាសឆ្លងដល់ស្រុកគេ ចង់គេគិតយ៉ាងណា នាងមិនដឹងទេ ព្រោះនាងស្រាយចម្ងល់អស់ហើយ៕
ចែករំលែកព័តមាននេះ