ខេត្តបាត់ដំបង ៖ ពុទ្ធសាសនិកខ្មែរយើងតែងតែមានជំនឿថា មនុស្សដែលស្លាប់ទៅហើយនឹងមកចាប់កំណើតម្តងទៀត ទៅតាមផលកម្មរបស់ខ្លួន ខ្លះចាប់កំណើតជាសត្វ ហើយខ្លះទៅកើតជាទេវតា ខ្លះមកចាប់កំណើតជាមនុស្សម្តងទៀត ។ ដោយសារមានជំនឿថា មនុស្សកើតហើយស្លាប់ ស្លាប់ហើយកើត វិលវល់ចុះឡើងៗ ដូចកង់រទេះនេះហើយ ទើបមានហេតុផលខ្លះបានកើតឡើងគួរឱ្យចាប់អារម្មណ៍ ។
ជាក់ស្តែង មានកុមារាចម្លែកម្នាក់ធ្វើឱ្យឪពុកម្តាយរបស់គេ និងអ្នកភូមិជឿថា ជាជនជាតិបារាំងមកចាប់កំណើតជាខ្មែរ ព្រោះតាំងពីកើតមក កុមារារូបនេះមានមុខមាត់ ពណ៌សម្បុរស្បែកស មានសក់ពណ៌ទង់ដែង រោមដៃ រោមជើង រោមភ្នែក និងរោមចិញ្ចើម ក៏មានពណ៌ទង់ដែងដូចជនជាតិបារាំងបេះបិទ ។ កុមារាចម្លែកម្នាក់នេះឈ្មោះ ចន្ថា បារាំង អាយុ៦ឆ្នាំ មានបងប្អូន៤នាក់ ឪពុកឈ្មោះ លីវ ចន្ថា អាយុ៣៨ឆ្នាំ ម្តាយឈ្មោះ ភឿន ចាន់ឡា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
បើតាមម្តាយកុមារាចម្លែករូបនេះនិយាយប្រាប់កោះសន្តិភាពថា គាត់មានស្រុកកំណើតនៅក្នុងខេត្តកណ្តាល តែបានមករស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ទាំងពីរនាក់ប្តីប្រពន្ធអស់រយៈពេល៧ឆ្នាំមកហើយ និងមានកូនចំនួន៤នាក់ ១-ឈ្មោះ ចន្ថា រចនា ភេទប្រុស អាយុ១៤ឆ្នាំ ២-ឈ្មោះ ចន្ថា អាលីយ៉ា ភេទស្រី អាយុ៩ឆ្នាំ ៣-ឈ្មោះ ចន្ថា បារាំង ភេទប្រុស អាយុ៦ឆ្នាំ (ជាក្មេងចម្លែក) និង៤-ឈ្មោះ ចន្ថា មុីសៀង ភេទប្រុស អាយុ៤ឆ្នាំ ។ កូនគាត់៣នាក់មានសក់ពណ៌ខ្មៅ មានស្បែកសម្បុរសណ្តែកបាយ ជាកូនខ្មែរសុទ្ធសាធ តែកូនទី៣របស់គាត់ខុសប្លែកពីគេដាច់ស្រឡះតែម្តង ទោះបីជានរណាៗឃើញក៏គេមិនជឿថា ជាកូនរបស់ពួកគាត់ដែរ ។
អ្នកភូមិផងរបងជាមួយ ដែលឃើញកូនគាត់ម្នាក់នេះទើបនឹងកើតមកបានលាន់មាត់គ្រប់ៗគ្នាថា ពិតជាបារាំងមកយកនិស្ស័យជាខ្មែរមែន ព្រោះស្បែកក្រហមដូចកូនកណ្តុរ និងមានសក់ពណ៌ទង់ដែង ហើយអ្នកភូមិផ្អើលទៅចោមរោមមើលយ៉ាងច្រើនកុះករ ដោយគេសន្និដ្ឋានថា បារាំងមកចាប់កំណើតនៅក្នុងផ្ទៃគាត់ជាស្ត្រីខ្មែរ ។
ស្ត្រីជាម្តាយនិយាយទៀតថា នៅមុនពេលមានផ្ទៃពោះចំនួន២ខែ គាត់បានយល់សប្តិឃើញជនជាតិបារាំងម្នាក់ និងខ្មែរចំនួន៣នាក់ ក្នុងនោះមានយាយចំណាស់ម្នាក់ផងដែរ បាននាំគ្នាជិះក្បូននៅអូរកំរៀង ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងមកសុំឱ្យជនជាតិបារាំងម្នាក់នេះរស់នៅជាមួយនឹងគ្រួសាររបស់គាត់ ។
នៅក្នុងសុបិននោះ គាត់និងប្តីក៏យល់ព្រមទទួលជនជាតិបារាំងម្នាក់នេះឱ្យស្នាក់នៅ តាមការស្នើសុំរបស់យាយចំណាស់ ។ ស្ត្រីជាម្តាយបញ្ជាក់ទៀតថា កាលពីសម័យសង្គ្រាម គាត់បានឮគេនិយាយតៗគ្នាថា មានអ្នកកាសែតជនជាតិបារាំងម្នាក់ត្រូវបានខ្មែរក្រហមបាញ់សម្លាប់នៅក្នុងព្រៃភ្នំព្រឹក ដោយសារជនជាតិបារាំងម្នាក់នោះចុះទៅយកព័ត៌មាន ហើយគេហៅឱ្យគាត់ឈប់ គាត់មិនព្រមឈប់ នៅតែបន្តជិះម៉ូតូទៅមុខ ក៏ត្រូវបាញ់សម្លាប់នៅត្រង់កន្លែងនោះតែម្តង ។ លុះកូនគាត់ម្នាក់នេះកើតមក ក៏មានស្នាមដូចត្រូវគ្រាប់កាំភ្លើងនៅនឹងដើមទ្រូងធ្លុះធ្លាយមកខាងក្រោយ និងមានស្នាមភ្លើងឆេះនៅត្រង់គូទទៀតផង ទើបធ្វើឱ្យគាត់មានជំនឿបែបនេះ។
ចំណែកស្ត្រីម្នាក់ឈ្មោះ ភឿន គី អាយុ៤៦ឆ្នាំ ត្រូវជាម្តាយធំរបស់កុមារាចម្លែកនេះនិយាយថា ក្នុងពូជអម្បូររបស់គាត់ អត់ដែលឃើញកូនប្រុសស្រីណាម្នាក់មានសក់ រោមដៃ រោមជើង ពណ៌ទង់ដែងទេ ហើយសម្បុរស្បែកវិញក៏សុទ្ធតែមានពណ៌សណ្តែកបាយ និងពណ៌ខ្មៅ អត់ធ្លាប់មានពណ៌សដូចបារាំងឡើយ ទើបគេដាក់ឈ្មោះកុមារចម្លែកម្នាក់នេះថា បារាំង តែម្តងទៅ ។ គាត់និយាយទៀតថា នេះបញ្ជាក់យ៉ាងច្បាស់ថា កុមារាម្នាក់នេះជាជនជាតិបារាំងមកសុំចាប់កំណើតជាខ្មែរពិតប្រាកដមែន ហើយក្នុងចំណោមបងប្អូនទាំង៤នាក់ ខុសគេតែកុមារម្នាក់នេះ ។
ចំណែកអ្នកផ្សេងទៀតយល់ផ្ទុយពីនេះថា រឿងមនុស្សស្លាប់ទៅហើយចាប់កំណើតជាថ្មីអត់មានពិតប្រាកដនោះទេ កាលណាមនុស្សស្លាប់ទៅ វិញ្ញាណរបស់គេមិនទៅឋានសួគ៌ ក៏ទៅឋាននរកដែរ ព្រោះមនុស្សកើតតែម្តង ហើយក៏ស្លាប់តែម្តងដែរ អត់ចាប់ជាតិនោះទេ ។ ចំណែកមនុស្សដែលកើតមកជារៀងរាល់ថ្ងៃ ដោយសារមនុស្សប្រុសស្រីពីរនាក់រស់នៅជាមួយគ្នា បង្កកំណើតទៅជាកូនពូនជាចៅ ។ រីឯកូនដែលកើតមកមានលក្ខណៈស្រដៀងទៅនឹងជនជាតិបារាំង ដោយសារតែពេលគាត់យល់សប្តិរួចស្រមើស្រមៃអារម្មណ៍ដិតជាប់ពីបារាំងនោះនៅក្នុងផ្នត់គំនិត ទើបពេលក្មេងតូចនេះកើតមកដូចបារាំងតែម្តង ។
ជាក់ស្តែង បើសិនជាស្ត្រីមានផ្ទៃពោះម្នាក់ឧស្សាហ៍ទៅលេងនៅសួនសត្វមើលស្វា និងរូបភាពអាក្រក់ៗ ពេលកូនកើតមកអាចមានលក្ខណៈស្រដៀងទៅនឹងសត្វស្វាដែរ ។ ដូច្នេះហើយ ពេលស្ត្រីទើបនឹងមានផ្ទៃពោះ គួរគប្បីយករូបភាពណាស្អាតៗ ល្អៗ មកបិទនៅក្នុងបន្ទប់របស់ខ្លួន ដើម្បីឱ្យមានអារម្មណ៍ដិតនូវរូបភាពដែលយើងស្រឡាញ់ នោះកូនរបស់យើងក៏ស្អាតដូចគ្នាដែរ ៕
ចែករំលែកព័តមាននេះ