ខេត្តសៀមរាប ៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផល នៃកម្មវិធីអន្តរជាតិវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែធ្នូឆ្នាំ ២០១៨ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។
លោកមានប្រសាសន៍ថា កម្ពុជាបានចូលរួមក្នុងកម្មវិធីអន្តរជាតិវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហៅកាត់ថា PISA-Dក្នុ ងឆ្នាំ២០១៦ ដែលជាគម្រោងតែមួយគត់ផ្តួចផ្តើមបង្កើតឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅកាត់ថា OECD និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតក្នុងបំណងធ្វើតេស្តវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសចំណូលទាប និងមធ្យម ដែលគម្រោងនេះរួមចំណែកក្នុងការពិនិត្យតាមដានគោលដៅអប់រំជាសកលទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ។
លោករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា លទ្ឋផល PISA-D បានបង្ហាញពីសិស្សអាយុ១៥ឆ្នាំនៅកម្ពុជា មានសមត្ថភាពខ្ពស់ជាងសិស្សអាយុ១៥ឆ្នាំនៅប្រទេសសេណេហ្គាល់ និងសំប៊ី លើគ្រប់មុខវិជ្ជា និងមានសមត្ថភាពលើមុខវិជ្ជាគណិតវិទ្យាប្រហាក់ប្រហែលនឹងសិស្សក្នុងបណ្តាប្រទេសចូលរួមក្នុងកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែចំពោះអំណាន និងវិទ្យាសាស្ត្រវិញ សិស្សកម្ពុជាជាមធ្យមមានសមត្ថភាពទាបជាងសិស្សនៅបណ្តាប្រទេសជាសមាជិក PISA-D និងប្រទេសសមាជិកអាស៊ាន មានវៀតណាម ថៃ ឥណ្ឌូណេស៊ី និងសឹង្ហបុរី ហើយសិស្សកម្ពុជា មានវិន័យល្អក្នុងថ្នាក់រៀន ស្តាប់គ្រូ មិនឡូឡាប្រសើរជាងសិស្សជាសមាជិក PISA-D និង OECD ជាពិសេសពួកគេភាគច្រើបង្ហាញពីទស្សនៈវិជ្ជមានចំពោះគ្រូបង្រៀន ។
លោក ហង់ ជួនណារ៉ុន មានប្រសាសន៍បន្ថែមទៀតថា យ៉ាងណាក៏ដោយក៏ការវិភាគបានបង្ហាញថា កម្ពុជាមានបញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំដែលត្រូវការវិធានការបន្ទាន់ ដើម្បីពង្រឹងគុណភាពអប់រំ ដូចជាសិស្សរៀនត្រួតថ្នាក់ សិស្សចូលរៀនយឺត រៀនក្រោមកម្រិតថ្នាក់ដែលខ្លួនត្រូវរៀន បើធៀបនឹងអាយុ ការបាត់ម៉ោងសិក្សា ដោយសារគ្រូ និងសិស្សមកយឺត ។
ខណៈដែលការមកយឺតរបស់គ្រូ បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងតាមសាលារៀននៅកម្ពុជា ដែលជាកត្តាឱ្យសិស្សមករៀនយឺត និងកត្តាប៉ះពាល់ដល់គុណភាព បង្រៀន និងការសិក្សារបស់សិស្ស ហើយចំនួនម៉ោងសិក្សានៅកម្ពុជា ពីបឋមដល់អនុវិទ្យាល័យ ប្រហាក់ប្រហែលនឹងបណ្តាប្រទេសទទួលពិន្ទុខ្ពស់លើរង្វាយតម្លៃPISA ដូចជាកូរ៉េខាងត្បូង ចិនម៉ាកាវ ជប៉ុន សឹង្ហបុរី ហើយម៉ោងសិក្សានេះ មិនមែនជាបញ្ហាធ្វើឱ្យសិស្សនៅកម្ពុជា រៀនខ្សោយនោះទេ ផ្ទុយមកវិញ ការបាត់ម៉ោងនិងគុណភាពបង្រៀនទើបជាបញ្ហាចម្បង៕
ចែករំលែកព័តមាននេះ