ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បីៗ​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​ផលិត​ផល​កម្ពុជា​និង​ថៃ​នៅ​កោះ​ពេជ្រ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៧ មិថុនា​ ២០១៣​ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ មាន​រៀប​ចំ​តាំង​ពិព័រណ៍​ផលិត​ផល​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ក្រោម​កិច្ច​សហ​ការ​រវាង​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​​ និង​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ។ ក្នុង​កម្ម​វិធី​ពិព័រណ៍​នោះ​ មាន​ការ​ចូល​រួម​ទស្សនា​ពី​ប្រជា​ពល​រដ្ឋ​ច្រើន​កុះ​ករ​ និង​មាន​ការ​ប្រគំ​តន្ត្រី​ក្រោម​វត្ត​មាន

រាជធានីភ្នំពេញ​ ៖ ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៧ មិថុនា​ ២០១៣​ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ មាន​រៀប​ចំ​តាំង​ពិព័រណ៍​ផលិត​ផល​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ក្រោម​កិច្ច​សហ​ការ​រវាង​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​​ និង​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ។ ក្នុង​កម្ម​វិធី​ពិព័រណ៍​នោះ​ មាន​ការ​ចូល​រួម​ទស្សនា​ពី​ប្រជា​ពល​រដ្ឋ​ច្រើន​កុះ​ករ​ និង​មាន​ការ​ប្រគំ​តន្ត្រី​ក្រោម​វត្ត​មាន​តារា​ល្បីៗ​ ព្រម​ជាមួយ​ការ​បង្ហាញ​ម៉ូដ​បង្ហាញ​ពី​គំនិត​ច្នៃ​ប្រឌិត​ផលិត​ ផលិត​ផល​​របស់​កូន​ខ្មែរ ។

នៅ​រាត្រី​ថ្ងៃ​ព្រហស្បត៍​ ទី​២៧​ មិថុនា​ ២០១៣​ មាន​តារា​ចម្រៀង​ តារា​បង្ហាញ​ម៉ូដ​ជា​ច្រើន​ដួង​ចូល​រួម​សម្តែង​រួម​គ្នា​ ក្នុង​កម្ម​វិធី​នោះ​ ។ តាម​ការ​ឱ្យ​ដឹង​ ពិព័រណ៍​ពាណិជ្ជ​កម្ម​លើក​ទី​១​នេះ​ ដើម្បី​រឹត​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​ ។ ពិសេស​បង្ហាញ​ពី​ការ​លើក​កម្ពស់​ផលិត​ផល​កម្ពុជា​ និង​ផលិត​ផល​របស់​ប្រទេស​ថៃ​ ។ ពិសេស​ចង់​លើក​កម្ពស់​ពី​អ្វី​ដែល​ប្រទេស​ទាំង​២​មាន​ និង​ចង់​បង្ហាញ​ឱ្យ​អ្នក​វិនិយោគ​ទុន​នៅ​ប្រទេស​ថៃ​កាន់​តែ​ចាប់​អារម្មណ៍​រក​ស៊ី​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ផ្នែក​ទៀត​ ដើម្បី​លើក​តម្កើង​ផ្នែក​សេដ្ឋ​កិច្ច​ និង​ភាព​រីក​ចម្រើន​ប្រកប​ដោយ​សុខ​សន្តិ​ភាព​ ។

រយៈ​ពេល​៣​ថ្ងៃ​នោះ​ ក្រៅ​ពី​ដាក់​តាំង​បង្ហាញ​ផលិត​ផល​របស់​ប្រទេស​ទាំង​២​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ ដោយ​មាន​តារា​ល្បីឈ្មោះ​ត្រូវ​ចិត្ត​យុវ​វ័យ​ និង​ការ​បង្ហាញ​ម៉ូដ​របស់​ក្រុម​កញ្ញា​ ឌួង​ ហ្សូរីដា​ ដល់​ទៅ​៣​ក្រុម​ យ៉ាង​គគ្រឹក​គគ្រេង​ ។ សម្រាប់​ថ្ងៃ​បញ្ចប់​ អ្នក​រៀប​ចំ​កម្ម​វិធី​ តម្រូវ​ឱ្យ​តារា​បង្ហាញ​ម៉ូដ​ផ្តោត​សំខាន់​លើ​ការ​ច្នៃ​ប្រឌិត​ពី​របៀប​តុប​តែង​ផ្កា​លម្អ​លើ​រាង​កាយ​គ្រប់​សណ្ឋាន​ ដែល​ជា​ការ​តុប​តែង​ផ្ទាល់​របស់​ម្ចាស់​ហាង​លក់​ផ្កា​ «បុប្ផាគិរី» ដើម្បី​លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ​ ហើយ​មាន​ការ​ទះ​ដៃ​ស្វាគមន៍​កង​រំពង​ពី​អ្នក​ទស្សនា​ ។​
តារា​ចម្រៀង​ដែល​ចូល​រួម​ក្នុង​ថ្ងៃ​ទី៣​ មាន​ដូច​ជា​ កញ្ញា​ សុគន្ធ​ នីសា​, ពៅ​ សុជាតា​, ឈួន​ ស្រីម៉ៅ​, វី ឌីណែត​, រតនៈ​ ពិសិដ្ឋ, ឆាយ​ វីរយុទ្ធ, និង​លោក​ ចាន់​ វិបុល​ ជា​ដើម។ ចំពោះ​អ្នក​បង្ហាញ​ម៉ូដ​មាន​ កញ្ញា​ សូដា នីតា​, សម​ ម៉ាណា​, អុឹង និមល, ខេម៉ារីតា, អាលីហ្សា, កញ្ញា​ ទេពី និង​កញ្ញា​ ស្រីម៉ៅ ជា​ដើម​ ។​ កម្ម​វិធី​នោះ​មាន​គម្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ ដើម្បី​ផ្សារ​ភ្ជាប់​ការ​ទាក់​ទង​រវាង​ប្រទេស​ទាំង​២​ កម្ពុជា​-ថៃ​ លើ​ផ្នែក​ពាណិជ្ជ​កម្ម​ ៕​