ការ​អភិវឌ្ឍ​ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ សប្បុរសជន​ជា​ដៃគូ​អភិវឌ្ឍ​នានា


ខេត្តកំពត ៖ ការ​លើក​ឡើង​របស់​លោក​អភិបាលខេត្ត​បែប​នេះ គឺ​នៅ​ក្នុង​អង្គ​សិក្ខា សាលា​ស្ដី​ពី សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​ក្រុង​ឆ្នាំ​២០១៨-២០២១ នៅ​ក្នុង​សាល​ប្រជុំ សាលាខេត្ត​ចាស់ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គពិធី​បើក​សិក្ខាសាលា​ស្តី​អំពី សមាហរណកម្ម កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល ថ្នាក់​ក្រុង ឆ្នាំ​២០១៩-២០២១ លោក អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បន្ត​ថា រាល់​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​ក្រុង​ក៏​ដូច​ជា​ទូ​ទាំង​ខេត្ត​យើង ទាំងមូល​ផង​ដែរ ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដៃគូរ​អភិវឌ្ឍន៍ និង​សប្បុរសជន​នានា ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ទើប​អាច​សម្រេច​លទ្ធផល​រីក​ចម្រើន​បាន​ដោយ​ជោគជ័យ។

ព្រោះថា រាល់​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ នៅ​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​កន្លង​មក គឺជា​ដំណើរការ​ពង្រឹង របប​ប្រជាធិបតេយ្យ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​បើកឱកាស ឲ្យ​កាន់តែ​ច្រើន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍ ជា​ពិសេស​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមប្រឹក្សា​សង្កាត់​ដែល​ជា​តំណាង ប្រជាជន​ក៏​បាន​លើក ឡើង​នូវ​គម្រោង ឬ​សកម្មភាព​ជា​អាទិភាព ស្នើ​ឡើង​ដោយ​អ្នក​ភូមិ​បាន​ដាក់​បញ្ចូល ទៅ​ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខ្លួន​ដើម្បី​ស្វែងរក​ប្រភព​ថវិកា​គាំទ្រ​នេះ​ផង​ដែរ​។

ដូចនេះ​ការ​រៀបចំ​ធ្វើ​អង្គ​សិក្ខាសាលា​សមាហរណកម្ម នៃ​កម្មវិធី វិនិយោគ​បី​ឆ្នាំ​រំកិល​ឆ្នាំ​២០១៩-២០២១ ដែល​ក្រុង​កំពត​ធ្វើ​ឡើង​នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់ ក្នុង​ការ​បង្ក​ឱកាស​គាំទ្រ​គម្រោង​សកម្មភាព វិនិយោគ​របស់​ក្រុង​និង​សង្កាត់ ដែល​ពុំ​មាន​មូលនិធិ​អនុវត្ត និង​សម្របសម្រួល​ប​ន្ស៉ី​គ្នា រវាង​គម្រោង សកម្មភាព​វិនិយោគ​ក្រុង និង​សង្កាត់ គម្រោង​សកម្មភាព​វិនិយោគ សង្កាត់ និង​សង្កាត់ គម្រោង​សកម្មភាព​វិនិយោគ​ក្រុង និង​សង្កាត់ និង​មន្ទីរ​វិស័យ និង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ព្រមទាំង ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋបាល​ក្រុង​ជាមួយ​រដ្ឋបាល​សង្កាត់ និង​ភាគី​ពាក់ព័ន្ធ​នានា​។

លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​តំណាង​មន្ទីរ​ជំនាញ និង​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ត យកចិត្តទុកដាក់ ពិនិត្យ​ពិចារណា​បន្ថែម​ទៀត ទៅ​លើ​តារាង​ម៉ា​ទ្រិ​ច សង្កាត់ និង​ក្រុង ដើម្បី​ជ្រើសរើស នូវ​គម្រោង​ណា​ដែល​សម​ស្រប ទៅ​នឹង​ទិស​ដៅ​វិស័យ​របស់​ខ្លួន ហើយ​ដែល​មន្ទីរ​ជំនាញ ឬ​ដៃគូ​អភិវឌ្ឍន៍​គិត​ថា មាន​ថវិកា​ជា​ស្រេច​ដែល​ផ្ដល់​ដោយ ក្រសួង​ស្ថាប័ន ឬ​ម្ចាស់​ជំនួយ​ផ្សេង​ៗ សម្រាប់​ឆ្លើយ​តប និង​គាំទ្រ​ដល់​គម្រោង អភិវឌ្ឍន៍​សង្កាត់ និង​ក្រុង​។ ទន្ទឹម​នោះ​លោក​អភិបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ នូវ​គម្រោង​ទាំងឡាយ​ណា ដែល​បាន​ធ្វើការ​សន្យា​គាំទ្រ​ដល់​គម្រោង​ឆ្នាំ កន្លង​ទៅ ហើយ​មិន​ទាន់​បាន​អនុវត្ត​ត្រូវ​ខិតខំ​ធ្វើការ​អនុវត្ត​អោយ​បាន​ទាន់​ពេលវេលា​ផង​ដែរ​៕

Facebook Google Twitter Email

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ