រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីករ លោក អ៊ឹម ជីវ៉ា បានក្លាយជាអ្នកមើលការខុសត្រូវក្លឹបកម្សាន្តមួយ ។ បងធម៌របស់លោកបានបោះទុនជាង៣០ម៉ឺនដុល្លារអាមេរិកបើកក្លឹបកម្សាន្តនោះឈ្មោះ «លេនសុន» ស្ថិតនៅតាមបណ្តោយមហាវិថីទេពផន រាជធានីភ្នំពេញ ។
បើទោះបីជាក្លឹបកម្សាន្តដ៏ទំនើបនេះត្រូវបងធម៌របស់លោក អុឹម ជីវ៉ា ជាអ្នកចេញមុខបោះទុនរាប់សិបម៉ឺនដុល្លារក៏ដោយ ប៉ុន្តែសម្រាប់តារាសម្តែងដែលឆ្លងកាត់ជីវិតដ៏លំបាករូបនេះត្រូវបានផ្តល់តួនាទីធំនៅក្នុងការជួយមើលការខុសត្រូវក្នុងក្លឹបនេះ ។
នៅក្នុងថ្ងៃសម្ពោធក្លឹប លេនសុន កាលពីរាត្រីថ្ងៃទី២១ មិថុនា ២០១៣ តារាសម្តែង អុឹម ជីវ៉ា បានខ្វែងដៃខ្វែងជើងជាខ្លាំងក្នុងការរៀបចំទទួលភ្ញៀវ និងមិត្តភក្តិនៅក្នុងពិភពសិល្បៈដែលអញ្ជើញទៅចូលរួម ។
អ្នកគ្រប់គ្រងក្លឹបលោក យៀម រិទ្ធី ឱ្យដឹងថា លោក អុឹម ជីវ៉ា ត្រូវបានផ្តល់តួនាទីឱ្យជួយមើលការខុសត្រូវកិច្ចការមួួយចំនួននៅក្នុងក្លឹប ជាពិសេសលោកជាអ្នករៀបចំការសម្តែងសិល្បៈផ្សេងៗសម្រាប់ភ្ញៀវទស្សនា ។
ប្រភពដដែលបញ្ជាក់ថា ក្លឹបលេនសុន រៀបចំឡើងអស់រយៈពេល៥ខែ និងបានចំណាយទុនអស់ជាង៣០ម៉ឺនដុល្លារ ។
ក្លឹបនេះមានលក្ខណៈប្លែកពីគេដោយបានរៀបចំ និងតុបតែងយ៉ាងល្អស្រស់ស្អាត តាមរបៀបក្លឹបកម្សាន្តនៅបណ្តាប្រទេសជិតខាងដូចជា វៀតណាម និងសិង្ហបុរី និងមានកន្លែងអង្គុយធំទូលាយ អាចផ្ទុកភ្ញៀវបានរហូតទៅដល់ជាង៤០០នាក់ ។ ក្លឹបរបស់លោកអាចចូលកម្សាន្តបានទាំងចាស់ទាំងក្មេង ដោយសារមានលក្ខណៈធំទូលាយ មានសុវត្ថិភាព មិនរញ៉េរញ៉ៃ និងចាក់ភ្លេងមិនសូវលឺខ្លាំងដូចក្លឹបដទៃឡើយ ។
លោក យៀម រិទ្ធី បន្ថែមថា ចាប់ពីថ្ងៃបើកសម្ពោធទៅក្លឹបលេនសុន បញ្ចុះតម្លៃរហូតទៅដល់៣០% រាល់ទំនិញទាំងអស់ និងបញ្ចុះតម្លៃពិសេស៥០%សម្រាប់ស្ត្រីពេលចូលទៅកម្សាន្ត។ ក្លឹបកម្សាន្ត លេនសុន ត្រូវបងធម៌របស់លោក អុឹម ជីវ៉ា ជាអ្នកបោះទុន ហើយបានប្រគល់ការងារជាច្រើនឱ្យលោកទទួលខុសត្រូវ ប៉ុន្តែម្ចាស់ក្លឹបកម្សាន្តនេះមិនត្រូវបានលោក អុឹម ជីវ៉ា បង្ហើបប្រាប់ឈ្មោះឱ្យដឹងឡើយ ដោយលោកគ្រាន់តែបញ្ជាក់ដោយខ្លីថា ជាមន្ត្រីមានមុខមានមាត់ម្នាក់ និងជាអ្នកជំនួញដ៏ធំមួយរូបផងដែរ៕
ចែករំលែកព័តមាននេះ