ទីក្រុងហាណូយ ៖ សេវាកម្មដឹកជញ្ជូនរបស់វៀតណាម ជាពិសេសការដឹកជញ្ជូនម្ហូបអាហារ គឺកំពុងតែមានការត្រូវប៉ាន់យ៉ាងខ្លាំង ដែលគេឃើញមានអាជីវកម្មបែបនេះជាច្រើនកំពុងរីកដុះដាល ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor បានឱ្យដឹងថា វិស័យនេះបានកើនឡើងប្រហែល១៥%ក្នុងមួយឆ្នាំនៅតំបន់អាស៊ី។ នៅវៀតណាម ទីផ្សារក្រុមហ៊ុនដឹកជញ្ជូនអាហារបច្ចុប្បន្ន មានតម្លៃ៣៣លានដុល្លារអាមេរិក ហើយអាចលើសពី៣៨លានដុល្លារនៅឆ្នាំ២០២០ ។
ភាគរយនៃអ្នកប្រើសេវានេះក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ថ្វីបើវាមានប្រជាប្រិយភាពនៅតែតាមតំបន់ទីក្រុង ដែលមានបុគ្គលិកការិយាល័យច្រើនក៏ដោយ ។ យោងតាមស្ថិតិពីសមាគមអ្នកលក់រាយវៀតណាម បានឱ្យដឹងថា មានប្រជាជនតែ ៣០%ប៉ុណ្ណោះ ដែលបានប្រើប្រាស់សេវាកម្មដឹកជញ្ជូនម្ហូបអាហារនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញកាលពីឆ្នាំមុន ប៉ុន្ដែចំនួននេះបានកើនឡើងដល់ជាង៧០%នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ។
លោក Nguyen Manh Hung អ្នកចាត់ការភោជនីយដ្ឋាន Cowboy Jack’s Tay Son បានប្រាប់សារព័ត៌មានវៀតណាមថា ភោជនីយដ្ឋានរបស់លោកកំពុងតែប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន Now and Lala។ លោកថា សេវាកម្មនេះជួយឱ្យភោជនីយដ្ឋានរបស់លោក ស្វែងរកអតិថិជនកាន់តែច្រើន ដើម្បីឱ្យលោកអាចលក់អាហារបានច្រើន ។
សេវាកម្មនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ភោជនីយដ្ឋានធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ភោជនីយដ្ឋានអាហារតូចឬតាមចិញ្ចើមផ្លូវទៀតផង ។ ម្ចាស់ហាងតាមចិញ្ចើមផ្លូវ Pho Chien Gion បានប្រាប់សារព័ត៌មានអនឡាញសេដ្ឋកិច្ចសៃហ្គនថា ហាងរបស់លោកបានចុះឈ្មោះប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន GradFood ។ ក្រោយពីបានប្រើប្រាស់រួច ការលក់ក៏មានការកើនឡើង ។
ជាមួយគ្នានេះដែរ គេក៏ឃើញក្រុមហ៊ុន Grab បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនអាហារ GrabFood រួមជាមួយកម្មវិធីជាច្រើន ដែលភ្ជាប់ជាមួយភោជនីយដ្ឋាន និងសហការជាមួយក្រុមហ៊ុនទូទាត់លុយអេឡិចត្រូនិកផងដែរ ៕
ចែករំលែកព័តមាននេះ