រាជធានីភ្នំពេញ៖ រថយន្តម៉ាកតាកូម៉ាមួយគ្រឿងបានបើកបំពួយចូលយានដ្ឋាន សុខ ទី ជ្រុលទៅបុកម៉ូតូម៉ាកស្តុបពីមួយគ្រឿង និងរថយន្តមួយគ្រឿងបណ្តាលបុរសជាជាងជួសជុលរថយន្តម្នាក់រងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០១៨ នៅទីតាំងយានដ្ឋានជួសជុលរថយន្តស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
រថយន្តដែលបង្កគ្រោះថ្នាក់នោះម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២១៨៤ បើកបរ ដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។ តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទោសដៅពីជើងទៅត្បូងគោលបំណងទៅជួសជុល ។
ខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុក៏បានបត់ស្តាំចូលយានដ្ឋានមិនដឹងមូលហេតុអ្វីទេ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្តុបពី ពណ៌ក្រហមលាយស មួយគ្រឿង និងទៅបុកជាងកំពុងជួសជុលទៅផ្ទប់រថយន្ត CRV មួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ ។
តាមម្ចាស់រថយន្តបានអោយដឹងថាមូលហេតុដែលកើតមានគ្រោះថ្នាក់ដោយសារពេលចូលយានប្រុងឈប់ជាន់ហ្វ្រាំងស្រាប់តែច្រឡំហ្គែរក៏បានជ្រុលចង្កូតទៅបុករះតែម្តង ។ បន្ទាប់ពីមានគ្រោះថ្នាក់នគរបាលចុះទៅកន្លែងកើតហេតុ ហើយភាគីទាំង២ក៏បានសម្របសម្រូលដើម្បីបញ្ចប់ រឿង ៕
ចែករំលែកព័តមាននេះ