ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ជួយ​មនុស្ស​ណាស់​ករណី​ឆេះ​ផ្ទះ​២​កន្លែង​នេះ តែ​ទាញ​ដៃ​បាន​មក​តែ​ស្បែក​រលេះរលួយ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​២​កន្លែង​ផ្សេង​គ្នាបាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​៤ ធ្នូ និង​វេលា​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​៥ ធ្នូ ដែល​បានបណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​របួសធ្ងន់ ។ នេះ​ជា​គ្រោះ​អកុសល​មួយ​…

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​២​កន្លែង​ផ្សេង​គ្នាបាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​៤ ធ្នូ និង​វេលា​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​៥ ធ្នូ ដែល​បានបណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​របួសធ្ងន់ ។ នេះ​ជា​គ្រោះ​អកុសល​មួយ​ ដែល​បាន​កើតឡើង​គួរ​ឲ្យ​រន្ធត់ ។ ខាងក្រោម​នេះ ​គឺជា​សេចក្តីរាយការណ៍​ជុំវិញ​គ្រោះ​អគ្គិភ័យ​ទាំង​២​
នេះ ។

ករណី​ទី​១-​អគ្គិភ័យ​មួយ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង ដែល​មាន​មនុស្ស​រស់នៅ​២​នាក់​ឪពុក​និង​កូនស្រីសុទ្ធតែ​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា បណ្តាល​ឲ្យ​បុរស​ជា​ឪពុក​ស្លាប់​ ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម និង​បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ ធ្នូ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ក្នុង​អតីត​ទីលាន​ចាក់សំរាម ក្រុម​ទី​៣ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ ដែល​ស្លាប់​ក្នុង​អណ្តាតភ្លើង​នោះ​ គ្មាន​អ្នក​ណា​ស្គាល់ឈ្មោះ​ច្បាស់​នោះ​ទេ ដោយ​គេ​តែង​ហៅ​គាត់​ថា តា​រ៉ូ​ម៉ា អាយុ​៦៧​ឆ្នាំ ស្នាក់​នៅ​ជា​មួយ​កូនស្រី​ម្នាក់ ​ឈ្មោះ មុំ អាយុ​៣៧​ឆ្នាំ ។ ទាំង​ឪពុក​និង​កូន​ សុទ្ធតែ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា ។ សម្ភារ​ដែល​ខូចខាត​រួម​ទាំង​ផ្ទះ​មួយ​ខ្នង ​ត្រូវ​ឆេះ​ទាំងស្រុង ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​នោះ​ស្ត្រី​ជា​កូន​បាន​បញ្ជាក់​ថា ដោយសារ​ឪពុក​ជក់បារី ហើយ​បោះ​កន្ទុយបារី​ចោល​មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ឆេះ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទាំង​២​នាក់​ឪពុក​កូន​រាល់ថ្ងៃ​ តែងតែ​ដើរ​រើស​អេ​ត​ចាយ តាម​គំនរ​សំរាម​រាល់ថ្ងៃ គឺ​រើស​គ្រប់មុខ​តាំងពី​ជ័រ ក្រដាស កម្ទេចកម្ទី ក្រណាត់​សំបក​ដប​គ្រប់​ប្រភេទ យក​មក​ទុក​ពេញ​ណែន​ក្នុងផ្ទះ ។ មុន​​ពេល​កើតហេតុ​ គេ​ឃើញ​នៅ​ក្នុងផ្ទះ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​គេ​ក៏​ឃើញ​កូនស្រី​ជន​រង​គ្រោះ​រើ​ខោអាវ​ និង​មុង​ភួយ​យក​ចេញ​មក​ក្រៅ​តែ​ម្នាក់ឯង ឈរ​មើល​ផ្ទះ​ខ្លួនឯង ​ដែល​កំពុង​ត្រូវ​ភ្លើង​ឆេះ​ធ្វើ​ហាក់ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។

ភ្លាម​ៗ​នោះ​ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​និង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ក៏​បានឮ​សំលេង​តា​រ៉ូ​ម៉ា ស្រែក​ពី​ក្នុងផ្ទះ​មក​ឲ្យ​ជួយ​គាត់​ផង ។ នៅ​ក្នុងផ្ទះ​ដែល​ឆេះ​ក្រហមរន្ទាល​នោះ ពេញ​ទៅ​ដោយ​កម្ទេចកម្ទី​ក្រណាត់​និង​ក្រដាស​គ្រប់​ប្រភេទ​សុទ្ធតែ​គ្រឿង​អេ​ត​ចាយ ទើប​ធ្វើ​ឲ្យ​ភ្លើង​ងាយ​នឹង​ឆេះ​ខ្លាំង ហើយ​មិន​
អាច​ចូល​តាម​ទ្វារ​មុខ​ទៅ​ជួយ​បាន ទើប​កម្លាំង​អាវុធហត្ថ​នឹង​ប្រជាពលរដ្ឋ​សម្រេចចិត្ត វាយ​ទម្លាយ​ជញ្ជាំង​ក្រោយ​បានឃើញ​តា​រ៉ូ​ម៉ា កំពុង​ក្រាប​លូន​ក្នុង​ភ្លើង​ស្រែក​ដង្ហោយ​រក​អ្នក​ជួយ មើលទៅ​គួរ​ឲ្យ​សង្វេគ​ពន់
ពេក ។

ភ្លាម​ៗ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ព្យាយាម​ចាប់ដៃ​គាត់ ទាញ​ចេញ​តាម​ប្រឡោះ​ជញ្ជាំង ដែល​ពួក​គេ​បាន​ទម្លាយ​ដែរ តែ​ទាញ​មិន​មក​សោះ គឺ​របក​តែ​ស្បែក​ចេញ​មក ។ ខណៈ​ពេល​កំពុង​ព្យាយាម​ទាញ​គាត់​ចេញ ជា​អកុសល​មេដំបូល​ផ្ទះ​បាន​ឆេះ​ដាច់​ធ្លាក់​សង្កត់ពីលើ​គាត់​បន្ថែម​ទៀត​បណ្តាល​ឲ្យ​អណ្តាតភ្លើង​លេប​ត្របាក់ យក​ជីវិត​គាត់​យ៉ាង​អាណោចអាធ័ម​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ជួយ​អ្វី​បាន ព្រោះ​លើស​ពី​សមត្ថភាព​ដែល​ពួក​គាត់​ជួយ​បាន ។

ភ្លាម​ៗ​នោះ​ក៏​មាន​វត្តមាន​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​៥​គ្រឿង និង​ប្រើ​រយៈពេល​១​ម៉ោង​កន្លះ​ទើប​ពន្លត់​បាន​ជោគជ័យ ។បន្ទាប់​ពី​ពន្លត់ភ្លើង​បាន​ហើយ ក្រុម​ពន្លត់​អគ្គិភ័យ​ក៏​បាន​នាំ​គ្នា​កាយ​រក​សព​ប្រទះ​ឃើញ​នៅ​ក្រោយ​ផ្ទះ កប់​ក្នុង​គំនរ​ភ្លើង​មាន​សភាព​ឆេះ​ខ្លោច​មើលទៅ​គួរ​ឲ្យ​រន្ធត់ ។ ក្រោយ​កើតហេតុ​សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។ ដោយឡែក​កូនស្រី​គាត់​ម្នាក់​សង្ឃឹមថានឹង​មាន​អង្គការ​មនុស្សធម៌​ជួយ​សង្គ្រោះ ព្រោះ​អ្វី​ៗ​ទាំងអស់​គ្មាន​សេសសល់​ទៀត​ទេ ។

ឆេះ​ផ្ទះល្វែង​ក្នុង​បុរី​ចំការមន​ រង​របួសធ្ងន់​មនុស្ស​២​នាក់ ក្រោយមក​ស្លាប់​ម្នាក់ករណី​ទី​២ ផ្ទះល្វែង​មួយ កម្ពស់​​៣​ជាន់ ​នៅ​ក្នុង​បុរី​ចំការមន ​ត្រូវ​បាន​អណ្តាតភ្លើង​ឆេះ ខណៈ​ម្ចាស់ផ្ទះ​ដេក​លង់លក់​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ធ្នូ ក្នុង​បុរី​ចំការមន ផ្ទះ​លេខ​G១៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​នា​យប់​កើតហេតុ ។

បើ​តាម​ប្រភព​ពី​អ្នក​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ចូល​សំ​រាន​លក់​ដូច​សព្វដង លុះដល់​ម៉ោង​កើតហេតុ​ពួក​គាត់​មាន​អារម្មណ៍​ឈ្ងៀម​ផ្សែង ។ ពេល​នោះ​ដែរ​ពួក​បាន​ចេញ​មក​មើល ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​នៅ​ក្នុងផ្ទះ តែ​មិនដឹង​ថា​ហុយ​ចេញពី​ជាន់​ណា​នោះ​ទេ ពីព្រោះ​ផ្ទះ​នោះ​មានកំ​ពស់​៣​ជាន់​ហើយ​ក៏​មិនដឹង​ថា មាន​មនុស្ស​នៅ​ក្នុងផ្ទះ​នោះ​ប៉ុន្មាន​នាក់​ដែរ ។

ពេល​ដែល​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​កាន់តែ​ខ្លាំង​ព្រមទាំង​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ​នោះ មនុស្ស​រស់នៅ​ក្នុងផ្ទះ​អត់​មាន​អ្នក​ណា​ដឹងខ្លួន​ទេ ពីព្រោះ​ដេក​លង់លក់​អស់ ទើប​ពួក​គាត់​ជា​អ្នក​ជិតខាង​បាន​នាំ​គ្នា​ស្រែក ផ្អើល​ឆោឡោ​ដល់​សន្តិសុខ ដែល​យាម​នៅ​ក្នុង​បុរី​យក​បំពង់​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​បាញ់​អស់​ច្រើន​បំពង់ តែ​មិន​អាច​ទប់ស្កាត់​បាន​ទេ​ធ្វើ​ឲ្យ​អណ្តាតភ្លើង​ឆេះ​រាលដាល​រហូត​ដល់​ជាន់​ទី​២ ទើប​ពួក​គាត់​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ។ ខណៈ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ព្រមទាំង​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចុះ​ទៅ​កន្លែង​កើតហេតុ បែរជា​ខាង​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​រារាំង​មិន​ឲ្យ​ចូល ទុក​រហូត​ទាល់តែ​ភ្លើង​ឆេះ​រាលដាល​ខ្លាំង​ឡើង​ៗ ទើប​ព្រម​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​និង​សមត្ថកិច្ច​ចូល​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក ។

ពេល​សមត្ថកិច្ច​កំពុង​តែ​រក​ម្ចាស់ផ្ទះ ស្រាប់តែ​មាន​បុរស​ម្នាក់​ដោយសារ​តែ​ក្តៅ​ខ្លាំង​ពេក​រក​កន្លែង​ចុះ​ក្រោម​មិន​បាន ព្រោះ​កំពុង​ឆេះ​ជាន់​ក្រោម​ក៏​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២ មក​ទាំង​ខ្លួនប្រាណ​ឆេះ​រោល​រលាក​ពេញ​ខ្លួនប្រាណ​រង​របួស​ធ្ងន់ធ្ងរ​ទៅ​ហើយ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​បាន​លោត​ពី​ជាន់​ទី​១​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ពេល​ដែល​សមត្ថកិច្ច​ចូល​ទៅ​ជួយ​អន្តរាគមន៍ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ ពេល​ដែល​សន្តិសុខ​អនុញ្ញាត​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​បើក​ចូល​ទៅ​នោះ គឺ​បញ្ហា​ផ្លូវ​ពិបាក​បើក​ចូល​ទៅ​ដោយសារ​តែ​នៅ​ក្នុង​បុរី​មាន​រថយន្ត​ចត​ត្រៀបត្រា​តាម​ផ្លូវ ពាសពេញ​មុខ​ផ្ទះ​របស់​គេ​ធ្វើ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្លាច​ប៉ះ​រថយន្ត​ដែល​ចត​ទាំងនោះ ទើប​យឺត​ដំណើរ​ធ្វើ​ឲ្យ​ភ្លើង​កាន់តែ​មាន​កម្លាំង​ឆេះ​រាល​ដល់​ជាន់​លើ​បំផុត ទម្រាំ​តែ​រថយន្ត​ចូល​បាន​បាញ់​ទឹក​ពន្លត់​នោះ ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ ដោយសារ​តែ​រលាកភ្លើង​និង​លោត​ពីលើ​ផ្ទះ ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលរួម​ធ្វើការ​បាញ់​ពន្លត់​ចំនួន​៨​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង ទើប​ភ្លើង​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ទៀប​ភ្លឺ ។ចំពោះ​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច គឺ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ចំពោះ​ករណី​អ្វី​ផ្សេង​ទៀត សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវ​ជ្រាវ ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​គឺ​ឆេះ​សម្ភារ​ទាំងស្រុង​នៅ​ក្នុងផ្ទះ​តែ​ម្តង ព្រមទាំង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​លោត​ពី​ជាន់​ទី​២ ក្រោយមក​បាន​ទទួលមរណភាព​ទៅ​ហើយ​ឈ្មោះ ចំរើន ច័ន្ទ​វិមាន អាយុ​២៥​ឆ្នាំ ជា​អ្នក​ស្នាក់​នៅ​ជាមួយ​បងស្រី​ជា​ម្ចាស់ផ្ទះ ។ ចំណែក​ស្ត្រី​ម្ចាស់ផ្ទះ​ជា​បង​ឈ្មោះ ចំរើន ច័ន្ទ​វរលក្ខណ៍ អាយុ​៣៧​ឆ្នាំ បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ដោយសារ​ការ​លោត​ពី​ជាន់​ទី​១​មក​ក្រោម បាន​ទើ​នឹង​សំយាប​កៅស៊ូ​ខាងក្រោម​ជួយ​ទប់ ។ ស្ត្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​នេះ​ក៏​ជា​ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មេ​ហ្គា​ផង​ដែរ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ពេល​មាន​ភ្លើង​ឆេះ​នៅ​ជាន់​ក្រោម​នោះ មិន​មាន​នរណា​ដឹង​ទេ តែ​ស្រី​បំរើ​មើល​កូន​ស្ត្រី​ម្ចាស់ផ្ទះ​បានដឹង​ខ្លួន​ដោយសារ​ភ្លើង​ដាច់​ក៏​ចេញពី​បន្ទប់​នៅ​ជាន់​ទី​១ ក៏​ឃើញ​ភ្លើង​ឆេះ​នៅ​ជាន់​ក្រោម​ក៏​ឆោឡោ​ស្រែក​ឮ​ដល់​ប្តី​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ វ៉ា​ន់ ប៊ុ​ន​រិ​ទ្ធ អាយុ​៣៧​ឆ្នាំ បាន​ស្ទុះ​មក​យក​កូនប្រុស​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ម្នាក់​ទៀត​អាយុ​៩​ខែ​ចុះ​តាម​ទ្វារ​ក្រោយ​រួច​ផុត​ពី​គ្រោះថ្នាក់ ។ការ​សន្និដ្ឋាន​បន្ថែម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឆេះ​ដ៏​ខ្លាំងក្លា​នេះ ដោយសារ​តែ​ផ្ទះ​នេះ​បាន​ក្រាល​ជ័រ​កម្រាល​លើ​ឥដ្ឋ ទើប​ពេល​ឆេះ​មិន​ងាយ​នឹង​រលត់ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ