រាជធានីភ្នំពេញ ៖ អ្នកជំនាញទេសចរណ៍ក្នុងវិស័យឯកជន បានស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យចូលរួមបង្កើតផលិតផលទេសចរណ៍ថ្មីៗ ក៏ដូចជាជំរុញបន្ថែមទៅលើផលិតផលក្នុងស្រុក ដូចជាវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជាម្តងហើយម្តងទៀត ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍នាព្រឹកថ្ងៃទី៤ ខែធ្នូ ម្សិលមិញថា ស្របពេលដែលភ្ញៀវទេសចរបរទេសកាន់តែកើនឡើងជាបន្តបន្ទាប់ និងពីមួយឆ្នាំទៅមួយឆ្នាំ លោកស្រីសូមឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់នៅកម្ពុជា ជួយជំរុញបន្ថែមលើការផលិតនូវវត្ថុអនុស្សាវរីយ៍ក្នុងស្រុកឲ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ព្រោះថាបើក្រឡេកមើលទីផ្សារភាគច្រើនជាផលិតផលដែលនាំចូល ។ លោកស្រីបន្តថា ៖« ក្នុងឆ្នាំ២០១៨នេះ វិស័យទេសចរណ៍កម្ពុជានៅតែរក្សាបានភាពវិជ្ជមានច្រើន បើធៀបនឹងឆ្នាំកន្លងៗទៅ ហើយនៅឆ្នាំបន្ទាប់២០១៩ ក៏នឹងរក្សាបានភាពល្អប្រសើរដូចគ្នាផងដែរ »។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសប្រមាណជាង២,៣លាននាក់ បានទិញប័ណ្ណចូលទស្សនាអង្គរ ពោលគឺកើនឡើងជាង៦% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៧កន្លងទៅ និងទទួលបានចំណូលប្រមាណ១០៤លានដុល្លារអាមេរិក ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុនបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ មានប្រមាណ២០%ដែលចំនួននេះមានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងប៉ុន្មានឆ្នាំកន្លងមក។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា ការវិនិយោគពីវិស័យឯកជន មានសារសំខាន់ណាស់ ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺទាមទារការចូលរួមពីរាជរដ្ឋាភិបាល តាមរយៈការគាំពារផ្នែកច្បាប់ ព្រោះផលប្រយោជន៍នៅពីក្រោយការនាំចូលផលិតផលទាំងនោះ គឺការមិនអនុវត្តច្បាប់។ លោកបន្ដថា ៖« វិស័យឯកជនពិតជាមានការគាំទ្រ និងចង់ចូលរួមវិនិយោគលើផ្នែកនេះ ប៉ុន្តែអ្វីសំខាន់គឺការរឹតបន្តឹងការនាំចូល និងការអនុវតច្បាប់ឲ្យបានល្អប្រសើរ នៅពេលនោះ នឹងមានការចូលរួមវិនិយោគពីវិស័យឯកជនយ៉ាងផុសផុល »។ លោកបញ្ជាក់ថា ៖« ការអនុវត្តច្បាប់នៅមានកម្រិតរបស់យើង ធ្វើឲ្យយើងខាតបង់សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍យ៉ាងច្រើនក្នុងមួយឆ្នាំៗ »។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤,៣លាននាក់ កើនឡើងប្រមាណ១១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួនជាង៣,៩លាននាក់ ខណៈនៅឆ្នាំ២០១៨នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ៦,២លាននាក់ និងប្រមាណ៧លាននាក់នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ៥ពាន់លានដុល្លារអាមេរិក ដោយបង្កើតនូវឱកាសការងារប្រមាណ១លាននាក់ ។ ក្នុងឆ្នាំ ២០៣០ កម្ពុជាក៏គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិឲ្យបាន១៥លាននាក់ ដោយរំពឹងលើចំណូលពីវិស័យនេះ ប្រមាណ១០ពាន់លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ២លាននាក់ជូនពលរដ្ឋក្នុងស្រុក ៕
ចែករំលែកព័តមាននេះ