ជាផ្នែកមួយនៃកិច្ចការសង្គមដ៏សំខាន់តារាចម្រៀងល្បីឈ្មោះ២ដួងរបស់ផលិតកម្ម Town គឺនាងសុគន្ធ និសា និងលោកករុណា ពេជ្រ ក្នុងថ្ងៃទិវាបរិច្ចាគឈាមពិភពលោកគម្រប់ខួប១០ឆ្នាំ ក្រោមប្រធានបទ «ធ្វើអំណោយទានសម្រាប់ជីវិត គឺបរិច្ចាគឈាម» ដែលអ្នកទាំង២បានចូលរួមក្នុងកម្មវិធីនេះសម្រាប់ប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងមកនោះបានលើកឡើងថា មិត្តយុវវ័យទាំងឡាយគួរតែចូលរួមឱ្យបានសកម្មក្នុងការបរិច្ចាគឈាម ព្រោះជាការជួយជីវិតមនុស្សលោក ។
នាងសុគន្ធ និសា បានផ្សព្វផ្សាយរូបថតដែលនាងបានចូលរួមទិវាបរិច្ចាគឈាមគម្រប់ខួប១០ឆ្នាំជាមួយលោកករុណា ពេជ្រ នៅសណ្ឋាគារសូហ្វីតែល នៅលើទំព័រហ្វេសប៊ុក ដោយសរសេរថា សូមឱ្យមិត្តយុវវ័យទាំងឡាយចូលរួមផ្តល់ឈាមទាំងអស់គ្នា ។ ចំណែកលោកករុណា ពេជ្រ សម្តែងអារម្មណ៍សប្បាយរីករាយ និងមានបំណងដូចគ្នាដោយលោកនិយាយថា យុវជនគ្រប់រូបគួរណាស់ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជាការរួមចំណែកជួយជីវិតមនុស្សលោក ។
តាមប្រភពព័ត៌មានឱ្យដឹងទៀតថា តារាចម្រៀងមនោសញ្ចេតនាសំឡេងក្រអួនក្រអៅសុគន្ធ និសា និងលោកករុណា ពេជ្រ ដែលសំបូរទៅដោយបទរាំវង់ និងកន្ទ្រឹម មានគម្រោងចូលរួមផ្សព្វផ្សាយដោយថតរូបជាផ្ទាំងបដាផ្សេងៗ ដើម្បីអប់រំប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសមិត្តយុវវ័យឱ្យចូលរួមសកម្មក្នុងការបរិច្ចាគឈាមដែលជាកិច្ចការសង្គមដ៏សំខាន់នេះ ៕
ចែករំលែកព័តមាននេះ