ខេត្តតាកែវ ៖ លេខនេះ ទស្សនាវដ្តីមហាគ្រួសារសូមនាំអារម្មណ៍លោកអ្នកអានទៅជួបរឿងអបិយជំនឿមួយនៅវត្តប្រាង្គអណ្តែត ក្នុងភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ដែលវត្តនេះត្រូវបានអ្នកភូមិអះអាងថា មានព្រះបដិមាអង្គធំមួយមានបារមីអស្ចារ្យជួយប្រជារាស្ត្រគ្រប់គ្នាដែលទៅបន់ស្រសន់សុំសេចក្តីសុខសប្បាយ និងសម្រេចបំណងបានសមប្រកប ដូចយ៉ាងកូនចៅ ប្រជារាស្ត្រដែលបានបន់ស្រន់សុំសេចក្តីសុខពីព្រះអង្គ ហើយស្ថិតក្នុងហេតុការណ៍បាក់ប្លង់សេរោងចក្រវីងស្តារស៊ូជាដើម មិនមានរងរបួសអ្វីទេ ដោយសារបារមីរបស់ព្រះអង្គជួយ។
រូបបដិមាធំមួយអង្គនេះស្ថាបនាឡើងដោយកំបោរ ដីខ្សាច់ និងស្ករត្នោត ធ្វើឱ្យអ្នកភូមិនៅទីនោះមានជំនឿខ្លាំង និងបន្តល្បីដល់ភូមិផ្សេងទៀត មកបួងសួងសុំសេចក្តីសុខ និងបន់ស្រន់សូមឱ្យព្រះអង្គជួយពួកគាត់ធ្វើការ ឬប្រកបរបររកស៊ីសម្រេចដូចបំណង ។ លោកតា គុច ម៉ៅ និងលោកតា ឌួង ស៊ឹម ជាគណៈកម្មការអាចារ្យវត្តមើលការខុសត្រូវនៅកន្លែងរូបដិមាបានឱ្យដឹងថា កាលពីដើមឡើយនៅទីនេះជាទីទួលមួយ ព័ទ្ធជុំវិញដោយម្លេច (ផ្លូវទឹកជារបៀបបឹងបែកចេញពីដៃស្ទឹង ខ្លះរាក់ ខ្លះជ្រៅមានទឹកមិនចេះរីង) ហើយមានរូបព្រះបដិមាធំមួយអង្គដែលកសាងឡើងតាំងពីសតវត្សទី៧ ក្នុងសម័យអង្គរមកេម៉្លះ មានធាតុផ្សំពីកំបោរ ដីខ្សាច់ ស្ករត្នោត មានបារីពូកែស័ក្តិសិទ្ធិ។ លោកតា បន្តថា រូបដិមានេះមានបារមីសណ្ឋិតព្រះនាម កែវ មណីជោត ជារៀមច្បង កែវ មណី ហើយព្រះអង្គមានបារមីខ្ពស់ មានព្រះនេត្រប្រាក់ អ្នកតូច អ្នកធំតែងមកបួងសួងសុំសេចក្តីសុខក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយ ។ សព្វថ្ងៃមានបងប្អូនប្រជារាស្ត្រមកបួងសួងសុំសុខសប្បាយ អ្នកខ្លះមកសុំលាមាត់ លាករមិនដែលដាច់ ហើយអ្នកខ្លះថ្វាយបច្ច័យ អ្នកផ្សេងទៀតថ្វាយស៊ីម៉ងត៍ ដែក រីឯសមិទ្ធផលនៅទីនោះភាគច្រើនកើតឡើងពីសទ្ធាជ្រះថ្លារបស់អ្នកដែលមានជំនឿបូជាទាន។
លោកតា គុជ ម៉ៅ បានរំលឹកឱ្យដឹងផងដែរពីភាពអស្ចារ្យរបស់រូបព្រះបដិមា នេះថា កាលពីសម័យប៉ុលពត ពួកគេបាននាំគ្នាមកកម្ទេចរូបបដិមាដោយជីកដីដាក់គ្រាប់មីនខាងក្រោមបល័្លង្កព្រះ ហើយដុតបំផ្ទុះ ឱ្យខ្ទេច តែមិនផ្ទុះ ពេលនោះពួកវាខឹងណាស់ក៏នាំគ្នាប្រមូលរូបព្រះតូចៗយកទៅបោះចោលក្នុងម្លេច (ផ្លូវទឹកជារបៀបបឹងបែកពីដៃស្ទឹង) អស់ នៅសល់តែព្រះអង្គធំមួយអង្គប៉ុណ្ណោះ ។ ដោយសារធ្វើមិនបានសម្រេច ក្រោយមកពួកខ្មែរក្រហមនាំគ្នាមកវាយកម្ទេចម្តងទៀត ពេលនោះបានត្រឹមតែធ្វើឱ្យបាក់ម្រាមកូនដៃរបស់រូបព្រះបដិមាម្ខាងប៉ុណ្ណោះ និងភ្លាមៗស្រាប់តែមានភ្លើងឆាបឆេះឡើងក្នុងបរិវេណនោះសន្ធោសន្ធៅ ជាហេតុធ្វើឱ្យពួកខ្មែរក្រហមភ័យក៏នាំគ្នាដកទ័ពថយពីទីនេះទៅឈរជើងនៅខ្មែរក្រហមភូមិក្តី នៅខាងកើតផ្សារស្វាយព្រៃវិញ។ លោកតាបញ្ជាក់ថា កាលពីដើមវត្តនេះមានឈ្មោះថា វត្តម្លេច ក្រោយមកទៀតមានឈ្មោះថា វត្តបឹងត្រាញ់។ ដោយមានការរីកចម្រើនពីសម័យកាលមួយទៅសម័យកាលមួយ វត្តបឹងត្រាញ់ក៏បានប្តូរឈ្មោះមកជាវត្តប្រាង្គអណ្តែត ដល់សព្វថ្ងៃនេះ ។
អ្នកស្រី អែម ស្រីមុំ ជាអ្នកលក់ដូរនៅជិតវត្តបានឱ្យមហាគ្រួសារដឹងថា នៅក្នុងភូមិរបស់គាត់មិនមានរឿងអាក្រក់អីកើតឡើងនោះទេ អ្នកភូមិនៅជិតវត្តតែងតែបន់ស្រន់ដល់បារមីព្រះកែវ មណីជោត ជួយឃុំគ្រងអ្នកស្រុកឱ្យជួបតែសេចក្តីសុខ ។ អ្នកស្រីបញ្ជាក់ទៀតថា កាលគ្រោះថ្នាក់បាក់ពិតានរោងចក្រវីងស្តារស៊ូ ស្ថិតក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មិនឆ្ងាយប៉ុន្មានពីវត្តប្រាង្គអណ្តែត) ពេលថ្មីៗនេះ មានអ្នកស្លាប់៣នាក់ និងរងរបួស៦នាក់ តែកូនអ្នកភូមិខ្ញុំជាកម្មករនៅរោងចក្រនោះគ្មាននរណាម្នាក់រងរបួសអ្វីឡើយ ។
គូស្វាមីភរិយាវ័យក្មេងមួយគូបានមកទីនេះដែរ ប្រកបដោយទឹកមុខស្រស់ស្រាយ និងក្តីសង្ឃឹម គឺលោកប៉ាង សេងហ៊ូ និងភរិយាបានបង្ហើបពីរឿងជោគជ័យរបស់ខ្លួនប្រាប់មហាគ្រួសារថា ពួកខ្ញុំមកទីនេះដើម្បីមកថ្វាយបច្ច័យលាមាត់លាករពីព្រះអង្គ ពីព្រោះព្រះអង្គបានជួយឱ្យពួកខ្ញុំទទួលបានការងារដូចដែលខ្ញុំបានបួងសួងសុំឱ្យបារមីព្រះអង្គជួយកាលពីគ្រាមុន។ គួរបញ្ជាក់ថា វត្តប្រាង្គអណ្តែង សព្វថ្ងៃជាមណ្ឌលវិបស្សនាធុរៈប្រចាំខេត្តតាកែវផងដែរ៕
ចែករំលែកព័តមាននេះ