ខកៅឡាក់ជាម្ហូបតំណាងខេត្តកំពង់ស្ពឺ មានឱជារសឆ្ងាញ់ពិសារ… ហើយប្រសិនបើយើងចង់ភ្លក្សរសជាតិថាតើខកៅឡាក់ធ្វើឱ្យចាប់មាត់ចាប់ចិត្តយ៉ាងណានោះ អ្នកស្រី ទ្រី សុរម្យ ជាប្រជាពលរដ្ឋ និងអតីតចុងភៅផងនោះបានប្រាប់មហាគ្រួសារពីរបៀបធ្វើដែលមានគ្រឿងផ្សំ និងវិធីដូចខាងក្រោម៖
គ្រឿងផ្សំ
គ្រាប់កៅឡាក់២០០ក្រាម, ជើងជ្រូក(យកត្រឹមសន្លាក់ជង្គង់ឡើងលើ) ១,៥គីឡូក្រាម, ដើមខាត់ណា តាមចូលចិត្ត, ជីវ៉ាន់ស៊ុយតាមចូលចិត្ត, ខ្ទឹមសតាមចូលចិត្ត, ទឹកដូងខ្ចី១ផ្លែ, ប្រេងឆា៣ ឬ៤ស្លាបព្រាបាយ។
គ្រឿងផ្សំរសជាតិ
អំបិល១ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ២ស្លាបព្រាបាយ, ទឹកត្រី១ស្លាបព្រាបាយ, ទឹកសីុអីុវ១ស្លាបព្រាបាយ, ប្រេងខ្យង១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ១វែកសម្ល ឬកន្លះកូនចាន, ម្សៅខ១ស្លាបព្រាកាហ្វេ, ម្រេច១ស្លាបព្រាកាហ្វេ, ស្ករត្នោត១វែកសម្ល។
វិធីធ្វើ
ដំបូងស្ងោរគ្រាប់កៅឡាក់រយៈពេល៣ម៉ោង និងប្តូរទឹករហូតទាល់តែលែងខ្មៅរួចជម្រះសំបកចេញលាងទឹកឱ្យស្អាត។ សំអាតជើងជ្រូករួចកាប់ដុំៗតាមការចូលចិត្ត បន្ទាប់ពីចាក់ទឹកដូងលាយអំបិល និងប៊ីចេងបន្តិច ហើយដាក់ស្ងោររំងាស់សាច់ក្រោយពេលពុះត្រូវដួសពពុះចេញឱ្យអស់ លុះសាច់ឆ្អិនស្រង់ទុកមួយអន្លើ។
បន្ទាប់ទៀតដាំឆ្នាំងចាក់ប្រេងឆាឱ្យក្តៅបំពងខ្ទឹមឱ្យឈ្ងុយ រួចដាក់ស្ករកូរឱ្យក្រហមចាក់ទឹកត្រី អំបិល ប្រេងខ្យង ទឹកប៉េងប៉ោះ និងគ្រឿងផ្សំផ្សេងទៀតចូលកូរឱ្យសព្វ ដាក់គ្រាប់កៅឡាក់ចូល និងដាក់សាច់ជ្រូករំងាស់ឱ្យចូលជាតិបន្តិច អាចថែមទឹកឱ្យវាខាប់ល្មម ផ្ងំរយៈពេល៣០នាទី ទើបភ្លក្សរសជាតិល្មមចូលចិត្ត រួចដាក់ចុះដួសដាក់ចានតុបតែងដោយស្លឹកជីវ៉ាន់ស៊ុយបន្តិចជាការស្រេច ។ ឯដើមខាត់ណាស្រុសប្រៀបដូចជាអន្លក់ ឬគ្រឿងលំអផ្ទាប់ពីក្រៅក៏បាន ៕
ចែករំលែកព័តមាននេះ