ខេត្តតាកែវ ៖ ក្មេងស្រីអនីតិជនវ័យ០៩ឆ្នាំម្នាក់ ត្រូវបានជនល្មោភកាមចាប់យកទៅរំលោភ និងសម្លាប់ចោលគួរឲ្យសង្វេគ ដែលហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៤៥នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រែកប្បាសបានអោយដឹងថា ករណីឃាតកម្មរំលោភសម្លាប់នេះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនមិតប្រាកដ និងជាមនុស្សស្រវឹងខួប រស់នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ០៩ឆ្នាំ រស់នៅខេត្តតាកែវ ។
លោកអធិការនគរបាលស្រុកបានបន្តថា មុនពេលកើតហេតុជនសង្ស័យបានចាប់ក្មេងស្រីយកទៅរំលោភនៅផ្ទះរបស់ខ្លួន ខណៈដែលស្រវឹងស្រាជោគជាំ ពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានក្មេងប្រុសម្នាក់ អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយឃើញ ក្រោយដឹងថាមានគេឃើញហើយ ជនសង្ស័យឈ្មោះ យ៉េន ធី ក៏បានចាប់ច្របាច់.កក្មេងស្រីរងគ្រោះសម្លាប់ចោល រួចយកសពទៅទម្លាក់ចោលក្នុងទឹកស្រះខាងលិចផ្ទះរបស់ខ្លួន និងបានរត់គេចខ្លួនបាត់ ។
ប៉ូលិសក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើក្មេងស្រីរងគ្រោះរួចមកបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាត្រូវគេរំលោភ និងសម្លាប់ពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យក្នុងករណីនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ