ខេត្តបន្ទាយមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ត្រូវបន្តវិធានការរក្សាសន្តិភាព ការពារ រក្សាស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ ។ គ្មានការអភិវឌ្ឍណាមួយដែលចាប់ផ្តើមពីអស្ថិរភាព ឬមានសង្គ្រាមនោះទេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២១ មិថុនា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៩ប្រវែង១៤៤,២៧គីឡូម៉ែត្រ ពីបំបែកផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ៣៩៣នៅភូមិកូនដំរី ខេត្តបន្ទាយជ័យ ដល់គីឡូម៉ែត្រលេខ៩០ផ្លូវជាតិលេខ៥៧ ចំណុចភូមិស្ទឹងកាច់ ខេត្តប៉ៃលិន ក្រោមថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវចំណាយ៧២,៨៨លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ត្រូវរក្សាសន្តិភាព ស្ថិរភាពនយោបាយដែលយើងខិតខំរកបានដោយលំបាក ហើយតាមរយៈសន្តិភាព ស្ថិរភាពនយោបាយនេះ គឺបានផ្តល់ឱកាសដ៏ល្អបំផុតហើយឱ្យយើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ ។ ទន្ទឹមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណមិត្តចិនដែលបានផ្តល់កម្ចីនូវចំនួនយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍ ពិសេសចិនបានគាំទ្រយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តពេញផ្ទៃប្រទេស ។ ក្នុងនោះគាំទ្រសម្តេចក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដែលប្រែក្លាយអតីតសមរភូមិឱ្យទៅជាតំបន់មានការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការល្អ និងក្លាយជាទីផ្សារ សម្រាប់ពាណិជ្ជកម្មរវាងប្រទេសជិតខាង ។
នយោបាយឈ្នះ=ឈ្នះ បានធ្វើឱ្យប្រទេសជាតិទាំងមូលមានការឯកភាពជាតិ បានប្រែក្លាយតំបន់នៅភាគពាយ័ព្យដូចជាបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលពីមុនពោរពេញដោយភាពតានតឹង ជម្លោះ សង្គ្រាម ឱ្យទៅជាតំបន់អភិវឌ្ឍន៍មានសេដ្ឋកិច្ចរីកចម្រើន ។ សម្តេចមានប្រសាសន៍ថា ការធ្វើសមាហរណកម្មរដ្ឋបាលមិនគ្រប់គ្រាន់ទេ អ្វីដែលសំខាន់បំផុតនោះគឺការធ្វើសមាហរណកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រទាក់ក្រឡាគ្នានៅគ្រប់ទីកន្លែង ដើម្បីផ្តល់ឱកាសពេជ្រសម្រាប់ប្រជាពលរដ្ឋងាយស្រួលអភិវឌ្ឍន៍ជីវភាពតាមរយៈការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅមកបានងាយស្រួលផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដាក់លុយចូលហោប៉ៅប្រជាជនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ទីកន្លែង ដែលអាចឱ្យប្រជាជនចំណេញពេលវេលាក្នុងការធ្វើដំណើរ និងចំណេញប្រាក់កាសដែលអាចជំរុញការកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព ។ នៅក្នុងគម្រោងរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៤ សម្តេចបានស្នើឱ្យចិនបន្តគាំទ្រកម្ពុជាក្នុងការស្តារ និងកសាងឡើងវិញផ្លូវជាតិលេខ៥៨បន្តទៀតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ ខាងមុខ ខេត្តបន្ទាយមានជ័យនឹងទទួលបានសំឡេងច្រើនជាងកាលបោះឆ្នោតកន្លងទៅ ដោយសារតែគោលនយោបាយចាស់សកម្មភាពថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលមានយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ ចុះបំពេញបេសកកម្មវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិជូនប្រជាជននៅគ្រប់ទីកន្លែង ។ តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មីដែលផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាជនប្រមាណជា២លានហិកតាទាំងដីដែលបានផ្តល់រួច និងកំពុងផ្តល់នោះ នឹងបង្កើតឱកាសដល់ពួកគាត់បន្ថែមទៀតក្នុងការបង្កបង្កើនផលដំណាំកសិកម្ម ពិសេសបូកជាមួយហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច និងកំពុងបន្តសាងសង់នោះ នឹងធ្វើឱ្យកម្រិតជីវភាពពួកគាត់កាន់តែប្រសើរឡើងជាលំដាប់ទៀតផង ។
លោក ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាថ្លែងថា ឆ្នាំនេះជាខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ជាឆ្នាំមិត្តភាពចិន និងកម្ពុជា ។ ពីថ្ងៃមុន យើងខ្ញុំរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួចលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅរាជធានីភ្នំពេញ ។ មិត្តកម្ពុជាបានអញ្ជើញមកចូលរួមជាច្រើន ដើម្បីសំណេះសំណាលគ្នាជាមិត្តភាព។ រយៈពេល៥៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីប្រទេសយើងទាំងពីរចងចំណងការទូត មិត្តភាពចិន និងកម្ពុជា ទទួលរងនូវព្យុះភ្លៀងលើអន្តរជាតិ ហើយប្រទេសយើងទាំងពីរបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាពជាបន្តបន្ទាប់ ។
លោកឯកអគ្គរដ្ឋទូតបន្តថា ប្រទេសយើងទាំងពីរ ចិន និងកម្ពុជាបានក្លាយទៅជាគំរូនៃការរស់នៅដោយសុខដុមរមនា និងការអភិវឌ្ឍរួមគ្នា ។ យើងខ្ញុំមានស្មារតីរីករាយ និងរំភើបចំពោះទំនាក់ទំនងមិត្តភាពចិន និងកម្ពុជា ហើយមានជំនឿជឿជាក់ដ៏មោះមុតចំពោះអនាគតចិន និងកម្ពុជា ។ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា សមិទ្ធផលដែលត្រូវធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ គឺជាគម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៥៩ ដែលមានប្រវែងសរុប១៤៤,២៧គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ៣៩៣ ភូមិកូនដំរី ខេត្តបន្ទាយមានជ័យ ទៅដល់គីឡូម៉ែត្រលេខ៩០ ផ្លូវជាតិលេខ៥៧ ចំណុចភូមិស្ទឹងកាច់ ខេត្តប៉ៃលិន កាត់តាមស្រុកចំនួន៤ គឺស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រុកសំពៅលូន ស្រុកភ្នំពឹក ស្រុកកំរៀង របស់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលត្រូវចំណាយថវិកា៧២,៨៨លានដុល្លារអាមេរិក ក្រោមកម្ចីសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងដោះស្រាយផលប៉ះពាល់ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការតភ្ជាប់ផ្លូវជាតិលេខ៥៩ គឺជាការតភ្ជាប់រវាងច្រកទ្វារព្រំដែនសំខាន់ៗដូចជាច្រកម៉ាឡៃ ច្រកភ្នំដី ស្រុកសំពៅលូន ច្រកអូររំដួល ស្រុកភ្នំព្រឹក ច្រកស្វាយចេក ស្រុកកំរៀងជាដើម ។ ការតភ្ជាប់នេះអាចនឹងជួយសម្រួលបន្ថែមដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ និងប្រែក្លាយតំបន់ទាំងឡាយដែលធ្លាប់មានជម្លោះ និងធ្លាប់ជាសមរភូមិប្រយុទ្ធដែលសិ្ថតនៅសងខាងផ្លូវជាតិនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីភូមិកូនដំរី ស្រុកម៉ាឡៃ សំពៅលូន ភ្នំព្រឹក កំរៀង ដល់ប៉ៃលិនឱ្យក្លាយទៅជាតំបន់សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ។
នេះជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយផលិតកម្ម ជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដឹកជញ្ជូន ការផ្គត់ផ្គង់ភ័ស្តុភារ និងទេសចរណ៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានឆាប់រហ័ស ៕
ចែករំលែកព័តមាននេះ