រាជធានីភ្នំពេញ ៖ បន្ទាប់ពីក្លាយខ្លួនជាក្រុមហ៊ុនអេឡិចត្រូនិកមានចំណែកទីផ្សារធំបំផុត ទាំងលើទីផ្សារកម្ពុជា និងពិភពលោក នៅព្រឹកថ្ងៃទី២១ មិថុនា ២០១៣ នេះ ក្រុមហ៊ុន Samsung បានប្រកាសបើកសម្ពោធជាផ្លូវការនូវហាង Samsung Experience Store ដ៏ធំដំបូង និងទំនើបជាងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារ Parkway ។
ហាងដែលផ្ដល់បទពិសោធន៍សម្រាប់អតិថិជនចូលរួមសាកល្បងដោយសេរី និងមិនគិតថ្លៃនេះ មានឈ្មោះថា «Samsung Experience Store-Apsara» ។ ក្នុងឱកាសបើកដំណើរការ Samsung Experience Store នេះដែរ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ Samsung គ្រប់លំដាប់ថ្នាក់ តំណាងចែកចាយ អតិថិជន និងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័ន សរុបប្រមាណជាង ៥០នាក់ ។
សម្ដែងក្ដីអំណរនៃការរីកចម្រើនរបស់ក្រុមហ៊ុននេះ នាយកក្រុមហ៊ុន Samsung ប្រចាំសាខាប្រទេសកម្ពុជា និងប្រទេសឡាវ លោក ហ្គីហាន លី បានថ្លែងថា ទន្ទឹមនឹងលេចចេញជារូបរាងរបស់ Experience Store ធំជាងគេ ទំនើបជាងគេ ជាលើកដំបូងបង្អស់នៅកម្ពុជានាថ្ងៃនេះ គឺស្ដែងឲ្យឃើញពីដំណើរវិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងគ្មានដែនកំណត់ដែល Samsung សម្រេចបាន ។
លោកនាយករូបនេះបន្តថា កម្ពុជា គឺជាទីផ្សារដែលមានសក្តានុពល និងក្លាយជាទីផ្សារយុទ្ធសាស្រ្តមួយរបស់ផលិតផលស៊ាំសុង ដែលក្រមហ៊ុនជឿជាក់ថា ជាលទ្ធផលនៃវិនិយោគទុននេះ នឹងត្រលប់ជាផលវិជ្ជមានដល់ក្រុមហ៊ុនស៊ាំសុង និងរាជរដ្ឋាភិបាល ដោយសារតែដំណើរការល្អរបស់សេដ្ឋកិច្ច និងស្ថេរភាពនយោបាយរបស់កម្ពុជា ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមក ។
លោកក៏បានធ្វើការថ្លែងអំណរគុណដល់សមត្ថកិច្ចដែលពាក់ព័ន្ធ បានខិតខំប្រឹងប្រែងទប់ស្កាត់ផលិតផលអេឡិចត្រូនិចស៊ាំសុង ដែលគេចពន្ធ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនស៊ាំសុងផងដែរ ។
ជាការលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Samsung ទាំងអស់ក្នុងឱកាសបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ Samsung Experience Store-Apsara ក្រុមហ៊ុន Samsung បានត្រៀមកញ្ចប់កាដូពិសេសដោយអតិថិជនគ្រាន់តែជាវម៉ូដែលណាមួយ ដូចជា Samsung Galaxy Note 8 ក្រុមហ៊ុននឹងផ្ដល់ជូន កាសប្លូធូស១ អាវយឺត១ មួក១ និងស្រ្គីនការពារអេក្រង់ចំនួន១ ចំណែកឯ Samsung Galaxy Grand នឹងទទួលបានអាវយឺតចំនួន១ភ្លាមៗ ។
ពិសេសជាងនោះ រាល់ការជាវ Galaxy S4 ឬGalaxy Note 2 ក្រុមហ៊ុននឹងផ្ដល់ជូន Flip Cover ១ បូករួម កាសប្លូធូស១ អាវយឺត១ មួក១ និងស្រ្គីនការពារអេក្រង់ចំនួន១ ។ ដោយឡែករង្វាន់អាវយឺតដ៏ស្រស់ស្អាត នឹងផ្ដល់ជូនភ្លាមៗ រាល់ការទិញស្មាតហ្វូនស៊េរីផ្សេងៗ ឬ Samsung Galaxy Tablet ។ ចំពោះរង្វាន់មួក ឡូយៗវិញអតិថិជនទាំងអស់នឹងទទួលបានដោយឥតគិតថ្លៃប្រសិនបើទិញទូរស័ព្ទស៊េរីធម្មតា (Feature Phone) ក្រៅពី Smartphone ឬ Tablet ។
ប្រូម៉ូសិននេះ មានតែរយៈពេល ៥ថ្ងៃ តែប៉ុណ្ណោះ ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៦ មិថុនា ២០១៣ ។ គួររំលឹកថា តួលេខទូរស័ព្ទស៊េរីថ្មី និងទំនើបបំផុតរបស់ Samsung Galaxy S4 ដែលទើបនឹងចេញលក់នាពេលកន្លងទៅថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងសម្បើម ដោយលក់បានរហូតដល់ទៅ ១០លានគ្រឿង បន្ទាប់ពីថ្ងៃប្រកាសចេញលក់ជាផ្លូវការបានមួយខែ។
ទន្ទឹមនឹងប្រជាប្រិយភាពដ៏សម្បើម ដែលមនុស្សទូទាំងសាកលលោកផ្ដោតអារម្មណ៍ និងចង់ប្រើប្រាស់ដោយផ្ទាល់នេះ ត្រូវបានក្រុមអ្នកវិភាគប៉ាន់ប្រមាណថា Galaxy S4 ត្រឹមដាច់ឆ្នាំ២០១៣ នេះ អាចលក់បានមិនតិចជាង ៨០លានគ្រឿងទេ ៕
ចែករំលែកព័តមាននេះ