រាជធានីភ្នំពេញ ៖ នេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ក្នុងពេលដែលនិស្សិតខ្មែរទី១បានប្រឡងជាប់អាហារូបករណ៍ Bill Gates នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ Gates Millennium Scholarship(GMS) មានតម្លៃសរុបបូកទាំងម្ហូបអាហារ និងការធ្វើដំណើរប្រហាក់ប្រហែល៨ម៉ឺុនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ។ និស្សិតខ្មែរដែលប្រឡងជាប់នេះមានឱកាសបន្ដការសិក្សារហូតដល់ថ្នាក់បណ្ឌិតដែលមានរយៈពេលមិនតិចជាង១២ឆ្នាំ ។
សោម រ៉ាន់ដា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ហើយបានទៅរស់នៅសហរដ្ឋអាមេរិកកាលពី១១ឆ្នាំមុន បច្ចុប្បន្នជានិស្សិតអាមេរិកាំងមានដើមកំណើតខ្មែរទី១ដែលទទួលបានអាហារូបករណ៍ដ៏មានតម្លៃខ្ពស់បែបនេះ ។ ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និស្សិត សោម រ៉ាន់ដា និយាយថា មានសិស្សប្រមាណ៦ម៉ឺុននាក់បានដាក់ពាក្យប្រឡងសុំអាហារូបករណ៍ Bill Gates នៅសហរដ្ឋអាមេរិក ប៉ុន្ដែមានតែសិស្សប្រមាណ១.០០០នាក់ក្នុងនោះមានរូបប្អូនផងដែរ ដែលបានប្រឡងជាប់អាហារូបករណ៍នេះ ។
ជាមួយនឹងមោទនភាពក្នុងនាមជាកូនខ្មែរ ដែលមានសេចក្ដីសប្បាយរីករាយជាអនេក នៅពេលបានអាហារូបករណ៏ដ៏កម្រនេះ សោម រ៉ាន់ដា និយាយថា ប្អូនគឺជាកូនប្រុសទោលក្នុងគ្រួសារដែលបានទៅរស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២ ។ សោម រ៉ាន់ដា ទើបបញ្ចប់ថ្នាក់វិទ្យាល័យ កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០១៣។ អាហារូបករណ៍ដែលប្អូនបានប្រឡងជាប់ ត្រូវបានគេផ្ដល់ជម្រើសទៅសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១៦នៅទូទាំងសហរដ្ឋអាមេរិក ដូចជាសាកលវិទ្យាល័យ Princeton University ,Brown University ,University of Pennsylvania and University of California ។ សោម រ៉ាន់ដា បានរំលឹកថា តាំងពីតូចម៉្លេះ រូបប្អូនចូលចិត្ដរៀនមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងសេដ្ឋកិច្ច ។
ទាក់ទងនឹងការប្រឡងយកអាហារូបករណ៍ Bill Gates នេះ សោម រ៉ាន់ដា និយាយថា ដំបូងឡើយ គេតម្រូវឱ្យប្អូនសរសេរអត្ថបទចំនួន៩ ហើយក្នុងអត្ថបទនីមួយៗត្រូវសរសេរឱ្យបានពី៥០០ទៅ១០០០ពាក្យ ដើម្បីរៀបរាប់អំពីជីវិត និងការសិក្សាផ្ទាល់ខ្លួន ។ បន្ទាប់មក គណៈកម្មការបានយកអត្ថបទទាំងអស់នេះទៅផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផល(ពិន្ទុ) នៃការសិក្សាគ្រប់មុខវិជ្ជានៅសាលាដែលខ្ញុំបានរៀនហើយ ទើបត្រូវឆ្លងកាត់ការប្រឡងជាបន្ដបន្ទាប់ទៀត ។
យ៉ាងណាក៏ដោយប្អូន សោម រ៉ាន់ដា និយាយដោយម៉ឺុងម៉ាត់ថា បន្ទាប់ពីបញ្ចប់ការសិក្សានៅអាមេរិករួច ប្អូននឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេស និងចែករំលែកចំណេះដឹងរបស់ប្អូនដល់សិស្សានុសិស្សកម្ពុជា ។ ជាមួយគ្នានេះប្អូនក៏បានសម្ដែងការរីករាយជាមួយនឹងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ពិសេសដំណឹងពីឈ្មោះសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលទើបតែបង្កើតថ្មី ។
ប្អូនបាននិយាយថា បើមានឱកាសប្អូននឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ប្អូនដែលបានសិក្សានៅសហរដ្ឋអាមេរិកទៅដល់សិស្ស-និស្សិតកម្ពុជា តាមរយៈសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញនេះតែម្ដង ។ លោក Bill Gates គឺជាមហាសេដ្ឋីអាមេរិកម្នាក់ដ៏ល្បីល្បាញ ហើយឈ្មោះរបស់លោកក៏ត្រូវបានសិស្ស និងនិស្សិតស្ទើរពាសពេញពិភពលោកបានស្គាល់ ។ អាហារូបករណ៍ Bill Gates ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមហាសេដ្ឋី Bill Gates និងភរិយារបស់លោក គឺលោកស្រី Melinda Gates ដោយអ្នកទាំងពីរបានផ្ដល់ជាទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក ។ រហូតទល់ពេលនេះ មាននិស្សិតចំនួន១៦.០០០នាក់ហើយ ដែលបានទទួលអាហារូបករណ៍ Bill Gates ៕
ចែករំលែកព័តមាននេះ