រាជធានីភ្នំពេញ ៖ ស្រ្ដីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់លេខ១០៣ ជាន់ទី១នៃផ្ទះសំណាក់ «អង្គរមាស» ដែលមានទីតាំងនៅអគារលេខ១៣១-១៣៣ តាមផ្លូវលេខ១៩ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី២០ មិថុនា និងបង្កឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើកោសល្យវិច័យភ្លាមៗដែរ ។ មន្ដ្រីនគរបាលមួយរូបឱ្យដឹងថា នៅវេលាម៉ោង១សៀលថ្ងៃទី១៩ មិថុនា មានស្រ្ដី២នាក់ ម្នាក់អាយុប្រហែលជាង២០ឆ្នាំ និងម្នាក់ទៀតអាយុប្រហែលជាង៤០ឆ្នាំ បានជិះម៉ូតូឌុបមកជួលបន្ទប់លេខ១០៣ ជាន់ទី១នៃផ្ទះសំណាក់ «អង្គរមាស» ស្នាក់នៅ ។
លុះដល់ម៉ោងប្រហែលជា២រសៀលថ្ងៃដដែល ស្ដ្រីដែលមានអាយុប្រហែលជាង២០ឆ្នាំចុះទៅទិញបបរយកមកហូបក្នុងបន្ទប់ រហូតដល់ម៉ោង១០យប់ក៏ឃើញស្ដ្រីចំណាស់ដែលមកជាមួយស្ដ្រីវ័យក្មេងស្លៀករ៉ូបចុះមកក្រោម ដោយនិយាយថា «ចេញទៅក្រៅរកទិញអីមកហូបបន្ដិច» រួចក៏ឡើងជិះម៉ូតូឌុបទៅបាត់ ។ ដោយសារតែបាត់ស្រ្ដីចំណាស់នោះយូរមិនឃើញត្រឡប់មកវិញក៏សង្ស័យ ហើយរហូតដល់ម៉ោងប្រហែល៣ទៀបភ្លឺឈានចូលថ្ងៃទី២០ មិថុនា ក៏សម្រេចចិត្ដយកកូនសោឡើងទៅចាក់មើលបន្ទប់លេខ១០៣ ។
ពេលឡើងទៅដល់គោះទ្វារបន្ទប់ច្រើនដង តែគ្មានអ្នកឆ្លើយតប ក៏កាន់តែសង្ស័យមែនទែនទើបចាក់សោចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញស្រ្ដីវ័យក្មេងស្លៀកខោអាវដំណេកពណ៌សមានផ្កា ពណ៌ផ្កាឈូក ដេកនៅលើគ្រែមានគ្របភួយពណ៌ក្រហម និងកន្សែងពោះគោ ពណ៌ស ច្របល់គ្នា ។ ប៉ុន្ដែនាងបានស្លាប់បាត់ទៅហើយ ដោយមានឈាមនៅក្បាលប្រឡាក់ពេញពូកផងដែរ ។ ខណៈឃើញដូច្នេះ ក៏រាយការណ៍ឱ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី២ចុះមកពិនិត្យកន្លែងកើតហេតុ ។
មន្ដ្រីនគរបាលដដែលបញ្ជាក់ថា យោងតាមការពិនិត្យលើសពស្រ្ដីរងគ្រោះឃើញថា មានស្លាកស្នាមបែកក្បាលជាច្រើនកន្លែង និងបំពង់ក ដោយត្រូវជនដៃដល់ដែលជាស្ដ្រីចំណាស់មកស្នាក់នៅជាមួយយកគម្របចានបង្គន់មកវាយក្បាល ហើយពេលគម្របនោះបែកក៏យកមកចាក់បំពង់កបន្ថែមទៀត ។
តាមការស្រាវជ្រាវ តាមរយៈសៀវភៅទូរស័ព្ទរបស់នារីរងគ្រោះដែលបន្សល់ទុកនៅក្នុងបន្ទប់កើតហេតុ សមត្ថកិច្ចអះអាងប្រាប់ថា ស្រ្ដីដែលត្រូវគេសម្លាប់ក្នុងផ្ទះសំណាក់អង្គរមាសនេះមានឈ្មោះហៅក្រៅថា ស្រីម៉ៅ បម្រើការងារក្នុងហាងខារ៉ាអូខេយីហោ «មហាហេង» ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។ ទោះបីជាបែបណា នេះគ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការទេ ហើយសមត្ថកិច្ចជំនាញមិនបានប្រាប់ព័ត៌មានអ្វីដល់អ្នកកាសែតឡើយទាក់ទិននឹងឃាតកម្មនេះ ។ មន្ដ្រីសាលាខណ្ឌដូនពេញឱ្យដឹងថា ទាក់ទិននឹងរឿងឃាតកម្មសម្លាប់ស្រ្ដីម្នាក់ក្នុងផ្ទះសំណាក់«អង្គរមាស» នេះ គឺផ្ទះសំណាក់នេះនឹងប្រឈមការផ្អាកធ្វើអាជីវកម្មមួយរយៈ ព្រោះតែម្ចាស់ផ្ទះសំណាក់មិនបានកត់ត្រាអត្ដសញ្ញាណភ្ញៀវដែលចូលមកស្នាក់នៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដែលតែងតែប្រជុំ និងក្រើនរំលឹកដល់ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារកន្លងមក ។
ដោយសារការធ្វេសប្រហែសមិនកត់ត្រាអត្ដសញ្ញាណភ្ញៀវចូលស្នាក់នៅនេះធ្វើឱ្យជនដៃដល់គេចផុតពីសំណាញ់ច្បាប់បាន ព្រោះតែមិនស្គាល់អត្ដសញ្ញាណ ។
ក្រោយពីនគរបាលជំនាញពិនិត្យរួច សពត្រូវបានដឹកយកទៅតម្កល់នៅវត្ដស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក ។ តាមប្រភពព័ត៌មានពីខេត្ដក្រចេះឱ្យដឹងថា នារីបម្រើខារ៉ាអូខេនេះ មានស្រុកកំណើតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្ដកំពង់ធំ ។ នាងឈ្មោះ ស៊ា សុខណាង ហៅយ៉ា ហៅម៉ៅ អាយុ២២
ឆ្នាំ ។ នាងពិតជាស្ដ្រីបម្រើនៅហាងខារ៉ាអូខេ «មហាហេង» ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ និងទើបតែចូលបម្រើការបានជិតមួយខែទេ ។
តាមប្រភពព័ត៌មានថា កាលពីថ្ងៃទី១៧ មិថុនា នៅវេលាម៉ោង១២ថ្ងៃត្រង់ គេឃើញរថយន្ដតាក់ស៊ី មួយគ្រឿងបានទៅយកនាង ហើយបើកចេញមកបាត់ទៅ ។ តាំងពីថ្ងៃនោះមក គេមិនឃើញនាងត្រឡប់មកវិញទេ ៕
ចែករំលែកព័តមាននេះ