ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដោយសារតែមានបញ្ហាជាមួយប្រពន្ធ បានសម្រេចចិត្តចង.កធ្វើអត្តឃាតនៅផ្ទះបាយអ្នកភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ។ករណីចង.កនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៨ មិថុនា នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ។ បុរសធ្វើអត្តឃាតនេះឈ្មោះ ផុន រដ្ឋា អាយុ២៥ឆ្នាំ មានទីលំនៅភូមិរំពាត់ជ្រូក ឃុំក្រាំងចេក ស្រុកឧដុង្គ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិកើតហេតុបានឱ្យដឹងថា មុនពេលបុរសរូបនេះចង.ក គេឃើញគាត់ដើរចូលទៅក្នុងវត្តក្តីល្វា និងបានសុំនំបញ្ចុកលោក (ព្រះសង្ឃ) ហូប ។ នៅពេលហូបរួចហើយគាត់ក៏បានដើេរចេញពីវត្តមកវិញ និងបានរត់ចូលទៅចង.កនៅក្នុងផ្ទះបាយរបស់ប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិ ។ ក្រោយពេលចង.កធ្វើអត្តឃាត ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាមកចោមរោមមើល។ បន្ទាប់មកមេភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យ ។
បើតាមឪពុកមាជនរងគ្រោះឈ្មោះ ភន កុសល អាយុ៣៨ឆ្នាំបានឱ្យដឹងថា ក្មួយប្រុសរបស់គាត់ម្នាក់នេះមានបញ្ហាជាមួយប្រពន្ធ គឺចេះតែដើរតែលតោលគ្មានទិសដៅ ហើយនៅល្ងាចថ្ងៃទី១៨ មិថុនា ក្រុមគ្រួសារបានទទួលដំណឹងពីសមត្ថកិច្ចមូលដ្ឋានប្រាប់ថា គេបានចង.កស្លាប់បាត់ទៅហើយ ។ ប៉ុន្តែទោះជាយ៉ាងណា គេមិនដឹងពីបញ្ហាទំនាស់ផ្ទៃក្នុងគ្រួសារជាមួយនឹងប្រពន្ធមកពីមូលហេតុអ្វីនោះឡើយ ។
លោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ដែលចុះទៅពិនិត្យសពជនរងគ្រោះបានឱ្យដឹងថា បុរសនេះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតពិតមែន ហើយមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ។ ចំណែកលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងដែរថា បុរសដែលចង.កសម្លាប់ខ្លួននៅក្នុងផ្ទះបាយរបស់ឈ្មោះ ប៉ែន ពឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិកើតហេតុខាងលើ គឺគេបានយកខ្សែដែលម្ចាស់ផ្ទះសម្រាប់ចងព្យួរចានឆ្នាំងមកចង.កសម្លាប់ខ្លួន ។
លោក ប៉ែន ពឿន បានបំភ្លឺប្រាប់សមត្ថកិច្ចថា ផ្ទះរបស់លោកមិនមានអ្នកនៅនោះទេ ព្រោះម្នាក់ៗរវល់ចេញទៅធ្វើការរកស៊ី ។ ប៉ុន្តែមុនពេលមានការភ្ញាក់ផ្អើល គឺកូនរបស់គាត់បានចូលទៅក្នុងផ្ទះបាយបម្រុងដាំបាយ ស្រាប់តែក្រឡេកឃើញមនុស្សចង.កស្លាប់នៅក្នុងនោះ ធ្វើឱ្យគ្នាភ័យរត់ព្រលឹងចុងសក់ រហូតដល់សន្លប់ ។ លោកបន្តថា បើចង់ស្លាប់ មិនគួរមកចង.កក្នុងផ្ទះរបស់គាត់បែបនេះទេ ។
សពជនរងគ្រោះ ក្រោយពីពេលនគរបាលបច្ចេកទេសពិនិត្យរួចរាល់ ក៏បានប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ