ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលសហការជាមួយអ្នកបើកបររថយន្តក្រុង បានឃាត់ខ្លួនយុវជនម្នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី១៩ មិថុនា ពីបទលួចសម្ភារជនបរទេសលើរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។តាមលោកវរសេនីយ៍ឯក គល់ ផល្លី ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា យុវជនសង្ស័យដែលបានលួចសម្ភារជនបរទេសនេះឈ្មោះ វឿន សុភា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចសម្ភារជនបរទេស កាលពីវេលាមោ៉ង៣ទៀបភ្លឺនៅលើរថយន្តក្រុងវីរៈ ប៊ុនថាំ ។
ម្ចាស់សម្ភារមានចំនួន២នាក់ គឺឈ្មោះ ZURRU KEVIN ALEXANDER ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិបារាំង មុខរបរបើកកសិដ្ឋានចិញ្ចឹមសេះ ស្នាក់នៅក្រុមទី១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ11cv85012 និងឈ្មោះ DESIRAV LEA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិបារាំងដែរ ជានិសិ្សត ស្នាក់នៅក្រុមទី១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ សម្ភារដែលបាត់បង់រួមមានទូរស័ព្ទដៃមា៉ាកសាំស៊ុង ពណ៌ខ្មៅ ចំនួន២គ្រឿង អាយផេតពណ៌ផ្កាឈូកចំនួន១គ្រឿង អាយផេតពណ៌ខ្មៅ លាយទឹកប្រាក់ចំនួន១គ្រឿង ខ្សែក្រវាត់ពណ៌ខ្មៅចំនួន១ ច្រវាក់ឃ្លុំមាត់សេះចំនួន១ ម៉ាស្ទ័រកាតចំនួន១ កាបូបស្ពាយពណ៌ខ្មៅចំនួន១ ។
លោកស្នងការរងបន្តថា យុវជនជាប់ចោទបានធ្វើសកម្មភាពលួចសម្ភារជនបរទេសដោយបន្លំខ្លួនធ្វើជាអ្នកដំណើរតាមរថយន្តក្រុងនៅពេលយប់ ដូចភ្ញៀវដទៃទៀតដែរ ហើយនៅពេលភ្ញៀវដេកលង់លក់អស់ យុវជនរូបនេះ បានធ្វើសកម្មភាពលួចសម្ភាររួចមានបំណងចុះនៅតាមផ្លូវ ទើបធ្វើឱ្យអ្នកបើកបររថយន្តមានការសង្ស័យក៏ឃាត់ឆែកឆេរ ។ លុះក្រោយពីបានដឹងថាយុវជនរូបនេះបានលួចសម្ភារភ្ញៀវបរទេស ទើបឃាត់ខ្លួនបញ្ជូនមកឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ