យោងតាមដេលីម៉េលចេញផ្សាយកាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៣ ឱ្យដឹងថា បវរកញ្ញារដ្ឋ ខននិកទីខាត់ នាងអេរីន ព្រេឌី វ័យ២៥ឆ្នាំ បានគ្រងមកុដបវរកញ្ញាសហរដ្ឋអាមេរិក ឆ្នាំ២០១៣ ក្នុងកម្មវិធីប្រកួតដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុងឡាសវេហ្គាសកាលពីរាត្រីថ្ងៃអាទិត្យ ទី១៦ មិថុនា ២០១៣ ។
បវរកញ្ញាឯកវ័យ២៥ឆ្នាំរូបនេះបានផ្ដួលបេក្ខនារី៥០នាក់ផ្សេងទៀតមកពីបណ្ដារដ្ឋនានាទូទាំងសហរដ្ឋអាមេរិក ខណៈនាង Mary Margaret McCord Webb មកពីរដ្ឋអាល់បាម៉ាទទួលបានចំណាត់ថ្នាក់លេខ២ និងនាង Stacie Juris មកពីរដ្ឋអីុលីណយ ទទួលបានចំណាត់ថ្នាក់លេខ៣ ។ បវរកញ្ញាអាមេរិកឆ្នាំ២០១៣ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាតទៀតផង ។ បច្ចុប្បន្ននាងកំពុងបម្រើការងារផ្នែកគណនេយ្យក្នុងក្រុមហ៊ុនឯកជនមួយបន្ទាប់ពីនាងបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ ។
មូលហេតុដែលនាំឱ្យនាងអេរីន ព្រេឌីមានឱកាសគ្រងមកុដបវរកញ្ញាសហរដ្ឋអាមេរិកឆ្នាំ២០១៣នេះដោយកក្ដាពីរយ៉ាង ទី១ គឺរូបសម្រស់របស់នាង និងទី២គឺភាពវៃឆ្លាតក្នុងការឆ្លើយសំណួរដែលទាក់ទងទៅនឹងការធ្វើតេស្ដDNA ។ ក្រោយពីទទួលបានជ័យលាភីនាង អេរីន ព្រេឌី មានក្ដីរំភើបយ៉ាងខ្លាំងដោយនិយាយថា៖« ការប្រកាសជ័យលាភីនេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរតែមិនជឿ ក៏ប៉ុន្តែវាជាការពិតដែលបានកើតឡើងចំពោះរូបខ្ញុំ» ។
បន្ទាប់ពីទទួលបានជ័យលាភីនេះនាងអេរីន ព្រេឌី នឹងតំណាងឱ្យបវរកញ្ញាសហរដ្ឋអាមេរិកទៅចូលរួមប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ២០១៣ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣ ក្នុងប្រទេសរុស្ស៊ី ៕
ចែករំលែកព័តមាននេះ