ខេត្ដសៀមរាប ៖ កាលពីថ្ងៃទី១៦ មិថុនាកន្លងមក អង្គការយូណេស្កូសហការជាមួយក្រុមហ៊ុន Panasonic រៀបចំពិធីដឹកនាំកុមារចំនួន១០០នាក់មកពីសាលាបឋមសិក្សាភូមិនគរក្រៅ ខេត្ដសៀមរាប ចុះទៅមើលការជួសជុលប្រាសាទបាយ័ន និងពន្យល់ពួកគេឱ្យយល់ដឹងអំពីសម្បត្ដិបេតិកភណ្ឌពិភពលោក ដែលបច្ចុប្បន្នពិភពលោកកំពុងផ្ដោតការយកចិត្ដទុកដាក់គិតគូថែរក្សា និងអភិរក្ស។
នៅក្នុងឱកាសនោះក៏មានសំណួរចម្លើយពាក់ព័ន្ធនឹងសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរដូចជា តើនៅក្នុងពិភពលោកនេះមានប្រទេសប៉ុន្មានជាសមាជិករបស់អង្គការយូណេស្កូដែលគិតគូអំពីសម្បត្ដិបេតិកភណ្ឌពិភពលោក ? សម្បត្ដិបេតិភណ្ឌពិភពលោកបច្ចុប្បន្នមានចំនួនប៉ុន្មាន ? តើប្រទេសណាខ្លះដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនជាងគេ?
នៅមជ្ឈមណ្ឌលព័ត៌មានបាយ័ន ក្នុងថ្ងៃដដែលនេះដែរ កុមារទាំងនោះត្រូវបានគេនាំឱ្យអង្គុយស្ដាប់ការពន្យល់ តាមរយៈការបញ្ចាំងស្លាយមួយដែលបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះមានប្រទេសចំនួន១៩០ប្រទេសជាសមាជិករបស់អង្គការយូណេស្កូ ។ សម្បត្ដិបេតិកភណ្ឌពិភពលោកត្រូវបានគេធ្វើការបែងចែកជាបីប្រភេទ គឺសម្បត្ដិបេតិកភណ្ឌវប្បធម៌ សម្បត្ដិបេតិកភណ្ឌធម្មជាតិ និងសម្បត្ដិបេតិកភណ្ឌចម្រុះ។ បេតិកភណ្ឌវប្បធម៌ គឺជាសម្បត្ដិមួយដែលកើតឡើងដោយស្នាដៃមនុស្ស ឧទាហរណ៍ដូចជាប្រាសាទ ឬកំពែង ។ ចំណែកសម្បត្ដិបេតិកភណ្ឌធម្មជាតិ មិនកើតឡើងដោយស្នាដៃមនុស្សទេ គឺកើតឡើងដោយសារធម្មជាតិពិតៗ ឧទាហរណ៍ដូចជាព្រៃអាម៉ាស្សូនជាដើម ។ ឯសម្បត្ដិបេតិកភណ្ឌពិភពលោកចម្រុះវិញ គឺកើតចេញពីស្នាដៃមនុស្សផ្សំជាមួយធម្មជាតិ ឧទាហរណ៍មនុស្សដាប់ថ្មធ្វើជារូងរស់នៅក្នុងព្រៃបែបធម្មជាតិ មិនមានលក្ខណៈអភិវឌ្ឍអ្វីទេ ។
បច្ចុប្បន្នពិភពលោកមានសម្បត្ដិបេតិកភណ្ឌចំនួន៩៦២កន្លែង ក្នុងនោះសម្បត្ដិបេតិកភណ្ឌវប្បធម៌មាន៧៤៥កន្លែង ធម្មជាតិមាន១៨៨កន្លែង និងចម្រុះ១២៩កន្លែង ហើយប្រទេសដែលមានសម្បត្ដិបេតិកភណ្ឌច្រើនជាងគេ គឺ ប្រទេសអីុតាលី មាន៤៧កន្លែង , អេស្ប៉ាញ មាន៤៤កន្លែង និងចិនមាន៤៣កន្លែង ។ ដោយឡែកកម្ពុជា ក៏មាន២កន្លែងដែរ គឺប្រាសាទអង្គរវត្ដ ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ ។
លោក សឿ សុធី ប្រធានការិយាល័យជួសជុលប្រាសាទនៃអង្គការ JASA របស់ប្រទេសជប៉ុនបានមានប្រសាសន៍ថា ដំណាក់កាលជួសជុលប្រាសាទនានានៅក្នុងប្រទេសកម្ពុជាគិតទាំងប្រសាទដែលបានដាក់ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក និងប្រាសាទផ្សេងៗទៀតផងនោះ គឺមិនអាចធ្វើការប៉ាន់ស្មានថា ការជួសជុលនោះមានរយៈពេលប៉ុន្មានឆ្នាំទើបរួចរាល់ទេ ។
បច្ចុប្បន្នប្រាសាទដែលកំពុងជួសជុលនោះមានដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតុបខាងលិច ប្រាសាទប្រែរូប ប្រាសាទបាទជុំ ប្រសាទភ្នំបាខែង ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទបន្ទាយស្រី ប្រាសាទតាកែវ និងប្រាសាទបន្ទាយក្ដី ហើយប្រទេសដែលបានចូលរួមផ្ដល់ទាំងកម្លាំង និងថវិកាក្នុងការជួសជុលប្រាសាទទាំងនោះមានដូចជា ជប៉ុន បារាំង អាមេរិក ចិន អីុតាលី អាល្លឺម៉ង់ និងឥណ្ឌាផងដែរ ៕
ចែករំលែកព័តមាននេះ