រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់២នាក់បានត្រូវសមត្ថកិច្ចក្របួចជាប់ ខណៈពួកគេជិះម៉ូតូម៉ាកស្មាស ធ្វើសកម្មភាពឆក់ខ្សែ.កស្ត្រីម្នាក់តាមដងផ្លូវបានសម្រេច ហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ មិថុនា នៅតាមបណ្តោយផ្លូវលេខ១៩១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យទាំងពីរនាក់នេះម្នាក់ឈ្មោះ មាស ច័ន្ទដារារិទ្ធ អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨៥ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ នូ អាស៊ាន អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូមែ៉ត្រលេខ៦ ខណ្ឌឫស្សីកែវ ។
លោក ម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខ ឱ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះឈ្មោះ ចាន់ រតនា អាយុ៤៣ឆ្នាំ រស់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានជិះម៉ូតូសេ១២៥ ជាមួយប្អូនប្រុស ។ លុះមកដល់ចំណុចខាងលើក៏ត្រូវជនសង្ស័យទាំង២នាក់ ដែលជិះម៉ូតូម៉ាកស្មាសវី សេ៊រី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BW-8779 ពីក្រោយធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីរងគ្រោះតែម្តង ។ ភ្លាមៗនោះ ស្រ្តីរងគ្រោះបានស្រែកឆោឡោដើម្បីឱ្យគេជួយ ហើយបានកម្លាំងប៉ូលិសល្បាតតាមមូលដ្ឋានក៏តាមប្រមាញ់ចាប់ជនសង្ស័យបានទាំងពីរនាក់រួមជាមួយម៉ូតូមួយគ្រឿង ។
ជនសង្ស័យទាំងពីរនាក់ ស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះគឺបានបាត់ខ្សែ.កបា្លទីនទម្ងន់២ជីកន្លះ តែជនសង្ស័យក្រោយពីឆក់បាន ដោយសាសមត្ថកិច្ចដេញតាម ក៏បានបោះខ្សែកនោះចោល ៕
ចែករំលែកព័តមាននេះ