រាជធានីភ្នំពេញ ៖ ក្នុងពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មចូលក្នុងសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ផលិតករភាពយន្តល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា បានបង្ហើបឱ្យដឹងថា អ្នកស្រីគ្រោងនឹងផលិតខ្សែភាពយន្តខ្នាតធំមួយដោយសម្រិតសម្រាំងខ្ពស់ និងមានការចំណាយច្រើនជាងរឿងមុនៗដើម្បីប្រកួតប្រជែងទីផ្សារភាពយន្តនៅក្នុងតំបន់ ។
នៅក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកដឹកនាំរឿងជើងចាស់រូបនេះអះអាងថា ខ្សែរឿងខ្នាតធំដែលអ្នកស្រីត្រៀមនឹងផលិតបន្ទាប់ពីរឿង «កុមារី២៥ឆ្នាំវគ្គ២» នោះគឺរឿង «លោកម្ចាស់គ្រញូង» ។ អ្នកស្រី ពាន់ ភួងបុប្ផា បន្ថែមថា រឿង «លោកម្ចាស់គ្រញូង» នឹងត្រូវចំណាយពេលវេលា និងដើមទុនច្រើនជាងរឿង «កុមារី២៥ឆ្នាំវគ្គ២» ព្រោះរឿងនេះ តាមគម្រោងអ្នកស្រីចង់ធ្វើឱ្យមានទ្រង់ទ្រាយធំ ដែលអាចប្រកួតប្រជែងជាមួយភាពយន្តក្នុងតំបន់អាស៊ានបាន ។
រឿង «លោកម្ចាស់គ្រញូង» គឺខ្សែរឿងបែបបុរាណ ដែលមានសិល្ប៍សាស្ត្រ អភិនីហារ និងមានសារអប់រំទាក់ទងទៅនឹងការការពារព្រៃឈើ ដោយនៅក្នុងនោះមានឈុតឆាកធំៗជាច្រើន មានកំប្លែង និងមនោសញ្ចេតនា ។ ទោះជាយ៉ាងណាក្តី អ្នកស្រីមិនទាន់អាចនិយាយបាននៅក្នុងពេលនេះថា តើនឹងត្រូវជ្រើសរើសតួសម្តែងណាខ្លះ ខណៈពេលដែលសាច់រឿងទាំងមូល គឺអ្នកស្រីមិនទាន់បានសរសេរចប់នៅឡើយ ប៉ុន្តែអ្នកស្រីរំពឹងថា ខ្សែរឿងនេះនឹងអាចចាប់ផ្តើមដំណើរការថតនៅចន្លោះខែសីហា និងខែវិច្ឆិកាខាងមុខនេះ ។
អ្នកនិពន្ធរូបនេះបញ្ជាក់ថា ខ្សែភាពយន្ត«រឿងលោកម្ចាស់គ្រញូង»អាចចំណាយលើសពីរដងពីខ្សែភាពយន្តខ្នាតធំមុនៗដែលអ្នកស្រីបានផលិត ។ គោលបំណងដែលអ្នកស្រីចង់ផលិតខ្សែរឿងនេះឡើង គឺដើម្បីបំពេញបំណង និងស្វែងរកអ្វីដែលថ្មី ប្លែកសម្រាប់ទស្សនិកជន ដែលធ្លាប់គាំទ្រស្នាដៃរបស់អ្នកស្រីកន្លងមក ។
ពាក់ព័ន្ធទៅនឹងការចាកចេញពីស្ថានីយទូរទស្សន៍ស៊ីធីអិន អ្នកស្រី ពាន់ ភួងបុប្ផា អះអាងថា មូលហេតុដែលនាំឱ្យអ្នកស្រីមិនអាចបម្រើការនៅស្ថានីយទូរទស្សន៍ជាប្រចាំបានតទៅទៀតនោះ គឺព្រោះតែអ្នកស្រីមានការនឿយហត់ ខណៈពេលបច្ចុប្បន្នអ្នកស្រីមានវ័យកាន់តែច្រើន សុខភាពមិនដូចមុនឡើយ ។
ផលិតកររូបនេះបានលើកឡើងនូវចំណុចមួួយចំនួនពាក់ព័ន្ធពីការចាកចេញនេះថា ក្នុងពេលដែលអ្នកស្រីធ្វើការនៅស្ថានីយទូរទស្សន៍ស៊ីធីអិន អ្នកស្រីត្រូវធ្វើការងារក្នុងតួនាទីជាច្រើន ក្នុងនោះមានតួនាទីជាអ្នកនិពន្ធផង ដឹកនាំរឿង និងគ្រប់គ្រងផង ។ ហេតុដូច្នេះ អ្នកស្រីមិនអាចរត់រួចឡើយ ដោយក្នុងមួយសប្តាហ៍អ្នកស្រីត្រូវផលិតរឿងសម្រេចយ៉ាងតិចចំនួន៧៥នាទី ។ បញ្ហាទាំងអស់នេះហើយដែលជាមូលហេតុធ្វើឱ្យអ្នកស្រីសម្រេចលាឈប់ដោយសុំឱ្យអ្នកគ្រប់គ្រងនៅទីនោះរកអ្នកថ្មីមកជំនួស ដោយសារអ្នកស្រីត្រូវទុកកម្លាំងខ្លួនឯងសម្រាប់បន្តផលិតរឿងខ្នាតធំយ៉ាងហោចណាស់មួយឆ្នាំបានមួយរឿង ។
នៅពេលជជីកសួរក្រោយពេលចាកចេញពីស្ថានីយទូរទស្សន៍ស៊ីធីអិន ហើយតើអ្នកស្រីអាចនឹងទៅបម្រើការងារនៅក្នុងស្ថានីយទូរទស្សន៍ណាផ្សេងទៀត ឬយ៉ាងណានោះ ផលិតកររូបនេះបញ្ជាក់ថា អ្នកស្រីគ្មានគំនិតណាមួយចង់ចូលបម្រើការងារនៅក្នុងស្ថានីយទូរទស្សន៍ជាប្រចាំឡើយ ប៉ុន្តែប្រសិនបើមានការអញ្ជើញយ៉ាងទទូចពីថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍មួយចំនួនដែលធ្វើឱ្យអ្នកស្រីមិនអាចប្រកែកបាន នោះអ្នកស្រីអាចនឹងពិចារណាជួយដឹកនាំរឿង ក៏ដូចជានិពន្ធបានមួយរយៈខ្លី តែអ្នកស្រីមិនអាចជួយជាប្រចាំឡើយ ពោលគឺអ្នកស្រីអាចជួយបាន១រឿង ឬ២រឿងប៉ុណ្ណោះ ទម្រាំស្ថានីយទូរទស្សន៍ដែលអ្នកស្រីជួយនោះអាចរឹងដៃរឹងជើងដើរដោយខ្លួនឯងបាន ។
ជុំវិញដំណើរចូលទ្រនំថ្មី ផលិតករល្បីឈ្មោះរូបនេះ ត្រូវបានគេដាក់ការសង្ស័យថា អ្នកស្រីអាចនឹងចូលបម្រើការនៅស្ថានីយទូរទស្សន៍ហង្សមាស ព្រោះនៅទីនោះមានចៅប្រុសរបស់អ្នកស្រី គឺតារាចម្រៀងភ្លេងរីខតលោក ម៉ុង ម៉ានិត ស្រាប់ ៕
ចែករំលែកព័តមាននេះ