រាជធានីភ្នំពេញ ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវបានរថយន្តសាមុយដឹកចេញពីផ្ទះលេខ 105 E2 ផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៣០យប់ថ្ងៃទី១៦ មិថុនា ដើម្បីសង្គ្រោះជីវិត ក្រោយពីបុរសនោះហូបគុយទាវ ហើយមានអាការក្អួតចង្អោរ និងបានស្លាប់តាមផ្លូវ មុនពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំងបានឱ្យដឹងថា បុរសជនជាតិអូស្ត្រាលីដែលស្លាប់ក្រោយពីហូបគុយទាវនោះឈ្មោះ Wiltshire Maxweel Stephen អាយុ៦៧ឆ្នាំ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ M9125663 ប្រពន្ធឈ្មោះ ប៊ុត រុន អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកក្តីក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្នាក់នៅផ្ទះលេខ 105 E2 ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ស្ត្រីជាប្រពន្ធបាននិយាយថា មុនពេលកើតហេតុ ប្តីរបស់អ្នកស្រីចង់ហូបគុយទាវ ហើយអ្នកស្រីក៏បានទៅទិញពីម្តុំផ្សារអូរឫស្សី ។ នៅពេលយកមកដល់ផ្ទះបុរសរងគ្រោះបានហូបជាមួយប្អូនប្រុសបង្កើត ស្រាប់តែបន្តិចក្រោយមក ប្តីរបស់អ្នកស្រីមានអាការក្អួតចង្អោររហូតដល់បាត់មាត់បាត់ក ធ្វើឱ្យអ្នកស្រីនិងប្អូនប្រុសជនរងគ្រោះមានការភ័យស្លន់ស្លោ ក៏បានហៅរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យប្រាប់ថា ប្តីរបស់អ្នកស្រីបានស្លាប់តាមផ្លូវមុនពេលមកដល់មន្ទីរពេទ្យទៅទៀត ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីបុរសខាងលើស្លាប់ គណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើង ក្នុងនោះមានតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលរួមពិនិត្យសពបុរសជនជាតិអូស្ត្រាលីខាងលើនៅសាលតម្កល់សពរបស់មន្ទីរពេទ្យកាល់ម៉ែត ហើយសមត្ថកិច្ចជំនាញបានវាយតម្លៃថា បុរសរូបនេះស្លាប់ដោយសារគាំងបេះដូង ៕
ចែករំលែកព័តមាននេះ