ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ សុនីតា រយាល​ពី​ការ​សម្ដែង​ព្រោះ​យក​ចិត្ដ​ទុក​ដាក់​លើ​ការ​សិក្សា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីត​ហ្វ្រេស៊ី​ហ្គើល​ចំណាត់​ថ្នាក់​លេខ​៤​ ឆ្នាំ​២០០៩​ នាង​មាន​ សុនីតា​បាន​អះ​អាង​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​លើ​រូប​នាង​ថា​​ជា​តារា​សម្ដែង​មួយ​រូប​ដែល​រើស​អើង​ផលិត​កម្ម​ ។​ ការ​​ចោទ​ប្រកាន់​នោះ​ បន្ទាប់​ពី​មួយរយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​នាង​ត្រូវ​ម្ចាស់​ផលិត​កម្ម​ដ៏​ល្បី​ល្បាញ​គឺ​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ផ្ចុង​ផ្ដើម​ឱ្យ​សម្ដែង​ជា​តួ​ឯក​ជា​បន្ដ​បន្ទាប់​ ធ្វើ​ឱ្យ​កេរ្ដិ៍​ឈ្មោះ​ក្នុង​វិស័យ​

រាជធានីភ្នំពេញ ៖  អតីត​ហ្វ្រេស៊ី​ហ្គើល​ចំណាត់​ថ្នាក់​លេខ​៤​ ឆ្នាំ​២០០៩​ នាង​មាន​ សុនីតា​បាន​អះ​អាង​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​លើ​រូប​នាង​ថា​​ជា​តារា​សម្ដែង​មួយ​រូប​ដែល​រើស​អើង​ផលិត​កម្ម​ ។​ ការ​​ចោទ​ប្រកាន់​នោះ​ បន្ទាប់​ពី​មួយរយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​នាង​ត្រូវ​ម្ចាស់​ផលិត​កម្ម​ដ៏​ល្បី​ល្បាញ​គឺ​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ផ្ចុង​ផ្ដើម​ឱ្យ​សម្ដែង​ជា​តួ​ឯក​ជា​បន្ដ​បន្ទាប់​ ធ្វើ​ឱ្យ​កេរ្ដិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​របស់​នាង​កាន់​តែ​រីក​សាយ​ភាយ​មួយ​កម្រិត​ថែម​ទៀត​ ។​ កត្ដា​នេះ​អាច​ចាត់​ទុក​ជា​ដើម​ចម​មួយ​នាំ​ឱ្យ​គេ​សន្និដ្ឋាន​ទៅ​លើ​រូប​នាង​ថា​ រើស​អើង​ចំពោះ​បណ្ដា​ផលិត​កម្ម​នានា​ដែល​ចង់​បាន​រូប​នាង​ទៅ​ថត​ ដោយ​សារ​តែ​នាង​ត្រូវ​ចង​ជើង​ជាប់​ជា​មួយ​ផលិត​កម្ម​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ។​

ពាក់​ព័ន្ធ​បញ្ហា​ចោទ​ប្រកាន់​នោះ​ តារាសម្ដែង​មាន​​ សុនីតា​ បដិសេធ​ថា​នាង​​មិន​រើស​អើង​ចំពោះ​ផលិត​កម្ម​ផ្សេង​ក្រៅ​ពី​ផលិត​កម្ម​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ទេ​ ។​ នៅ​ក្នុង​ជំនួប​ផ្ទាល់​ក្នុង​ពេល​សម្ពោធ​ខ្សែ​ភាព​យន្ដ​ខ្នាត​ធំ​រឿង​ «​កុមារី​២៥​ឆ្នាំ​»​វគ្គ២​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ តួ​ឯក​ស្រី​ក្នុង​រឿង​ «បេះ​ដូង​អ្នក​ការពារ​»​ និង​រឿង​ «​នាយ​ឡប់​ជំពប់​ស្នេហ៍​»​ រូប​នេះ​ប​ញ្ជាក់​ថា​ កន្លង​មក​នាង​បាន​ទទួល​ដំណឹង​ពី​ការ​ចោទ​ប្រកាន់​លើ​រូប​នាង​ថា​រើស​អើង​ផលិត​កម្ម​ ឬ​ក៏​មិន​ព្រម​ទទួល​ថត​ចំពោះ​បណ្ដា​ផលិត​កម្ម​ផ្សេង​ក្រៅ​ពី​ផលិត​កម្ម​របស់​អ្នក​ស្រី​ពាន់​​ ភួង​បុប្ផា​ ដោយ​សារ​អ្នក​ស្រី​ជួយ​លើក​តម្ដើង​ឱ្យ​នាង​មាន​ឱ​កាស​សម្ដែង​ជា​តួ​ឯក​ក្នុង​ខ្សែភាព​យន្ដ​របស់​អ្នក​ស្រី​ជា​បន្ដ​បន្ទាប់​ ។​

ត្រង់​ចំណុច​នេះ​មាន​​​ សុនីតា​ បញ្ជាក់​ថា​ មូល​ហេតុ​ដែល​នាង​បដិសេធ​ចំពោះ​ការ​ថត​ឱ្យ​ផលិត​កម្ម​មួយ​ចំនួន​នោះ​ គឺ​ដោយ​សារ​តែ​ក្នុង​អំឡុង​ពេល​នេះ​នាង​បាន​សម្រេច​ចិត្ដ​ងាក​មក​ចាប់​យក​ការ​សិក្សា​បន្ដ​ទៀត​ បន្ទាប់​ពី​បាន​ព្យួរ​ការ​សិក្សា​មួយ​រយៈ​ក្នុង​ពេល​ដែល​នាង​ចាប់​ផ្ដើម​ទទួល​ថត​ខ្សែ​ភាពយន្ដ​ ។​ នាង​និយាយ​ថា​ ក្នុង​ពេល​ថ្មី​ៗ​នេះ​ នាង​ទើប​តែ​បញ្ចប់​ការ​ថត​រឿង​ «​អ្នក​មាន​គុណ​»​ ដែល​កំពុង​តែ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ស៊ីធី​អិន​ ។​ ក្នុង​ពេល​នាង​ថត​ចប់​ខ្សែ​ភាព​យន្ដ​នេះ​ នាង​ទៅ​បន្ដ​ការ​សិក្សា​របស់​នាង​ទៀត​ ហេតុ​នេះ​ប្រសិន​បើ​នាង​ទទួល​យក​ការ​ថត​ខ្សែ​ភាព​យន្ដ​ណា​មួយ​បន្ដ​ទៀត​នោះ​ គឺ​អាច​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​​ ដូច្នេះ​នាង​ត្រូវ​តែ​បដិសេធ​រាល់​ការ​ស្នើ​សុំ​ណា​មួយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ ដោយ​សារ​ថា​នាង​នឹង​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ការ​សម្ដែង​ ។​ តារា​រូប​នេះ​បន្ថែម​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ភាន់​ច្រឡំ​មក​លើ​រូប​នាង​ ថា​ទទួល​ថត​ឱ្យ​តែ​ផលិត​កម្ម​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​នោះ​ គឺ​ដោយ​សារ​តែ​ពេល​ថ្មី​ៗ​នេះ​នាង​ទើប​តែ​ថត​ឱ្យ​ផលិត​កម្ម​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ បាន​ចំនួន​២​រឿង​ជាប់​គ្នា​ ហើយ​គេ​មិន​បាន​ឃើញ​វត្ដ​មាន​របស់​នាង​សម្ដែង​នៅ​ក្នុង​ផលិត​កម្ម​ផ្សេង​ក្រៅ​ពី​នេះ​ ។​

តារាស្រី​រូប​នេះ​និយាយ​ថា​ «​សម្រាប់​នាង​ខ្ញុំ​គឺ​មិន​បាន​គិត​រើស​អើង​ឡើយ​ ពោល​គឺ​នាង​ខ្ញុំ​ទទួល​ថត​គ្រប់​ផលិត​កម្ម​ ប្រសិន​បើ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ថត​ឱ្យ​ពួក​គាត់​ ។​ វា​ជា​ពេល​គាប់​ជួន​ខ្លះ​ដែរ​​ ក្នុង​ពេល​ដែល​នាង​ខ្ញុំ​ព្រម​ទទួល​យក​ការសម្ដែង​ឱ្យ​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ហើយ​នោះ​​ ស្រាប់​តែ​មាន​ផលិតកម្ម​មួយ​ផ្សេង​ទៀត​បាន​ទាក់​ទង​មក​ដែរ​ ហើយ​ទាម​ទារ​ឱ្យ​ថត​ភ្លាម​ៗ​ ទើប​នាង​ខ្ញុំ​បដិសេធ​ចោល​ ។​ នាង​ខ្ញុំ​គិត​ថា​ ការងារ​សម្ដែង​មិន​ចង់​ទទួល​យក​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ​ ដោយ​សារ​តែ​ការ​សម្ដែង​រឿង​តែ​មួយ​នោះ​គឺ​យើង​មាន​ពេល​គ្រប់​គ្រាន់​ហ្វឹក​ហាត់​សម្ដែង​ឱ្យ​មាន​គុណ​ភាព​សម្រាប់​អ្នក​ទស្សនា​ តែ​ប្រសិន​បើ​យើង​ទទួល​យក​ការងារ​ពីរ​ ឬ​បី​ក្នុង​​ពេល​តែ​មួយ​នោះ​​​ គឺ​ធ្វើ​ឱ្យ​យើង​ហត់​នឿយ​ ហើយ​ការ​សម្ដែង​ក៏មិន​សូវ​ជា​បាន​ល្អ​ដែរ​»​ ។​

មាន​​​ សុនី​តា​ ប្រកាសថា​ នាង​នឹង​រយាល​ពេល​ក្នុង​ការ​សម្ដែង​នៅ​ក្នុង​អំឡុង​ពេល​នេះ​​ ដោយ​សារ​តែ​នាង​ត្រូវ​ប្រើ​ពេល​វេលា​ឱ្យ​បាន​ច្រើន​ងាក​មក​ការ​សិក្សា​ក្នុង​នាម​ជា​និស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​ជំនួញ​ នៅ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្រ្ដ​ ។​ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ស្នេហា​វិញ​ បើ​ទោះ​បី​ជា​កន្លង​មក​ មាន​ សុនីតា​ បាន​ពើប​ប្រទះ​ទៅ​នឹង​ព័ត៌​មាន​ស្នេហា​ជា​បន្ដ​បន្ទាប់​ក៏​ដោយ​ ប៉ុន្ដែ​តារា​សម្ដែង​រូប​នេះ​បដិសេធ​ដោយ​អះ​អាង​ថា​ បេះដូង​របស់​នាង​គឺ​នៅ​ទំនេរ​មិន​ទាន់​មាន​ម្ចាស់​ឃុំ​គ្រង​នៅ​ឡើយ​ទេ​ ៕​