ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រ៉ែ​មាស​ភ្នំ​ព្រិច​រង​ការ​កាយ​បំផ្លាញ​និង​បំពុល​ដោយ​សារ​ធាតុ​គីមី

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ តំបន់​រ៉ែ​មាស​ នៅ​ចំណុច​ភ្នំព្រិច​ ក្នុង​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ កំពុង​តែ​ប្រឈម​មុខ​និង​ការ​បំផ្លាញ​យ៉ាង​រង្គាល​ ក្រោម​ស្នា​ដៃ​របស់​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច​ កំពុង​បោះ​ទី​តាំង​យ៉ាង​រឹង​មាំ​ ។ នៅ​តំបន់​នោះ​ ជា​ព្រៃ​ភ្នំ​ត្រូវ​ពួក​គេ​កាយ​លុង​ដី​យក​រ៉ែ​មាស​យ៉ាង​គគ្រឹក​​គគ្រេង​ដោយ​ប្រើ​ប្រាស់​សុទ្ធ​តែ​សម្ភារ​ទំនើប​ៗ​ ដូច​ជា​ស្ពាន​សម្រាប់​ដឹក​ជញ្ជូន​ដី​រ៉ែ​ និង​សារ​ធា​តុ​​គីមី​រាប់​​ធុង​ធំ​ៗ​ ដោយ​មាន​ការ​

ខេត្ត​ក្រចេះ​ ៖ តំបន់​រ៉ែ​មាស​ នៅ​ចំណុច​ភ្នំព្រិច​ ក្នុង​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ កំពុង​តែ​ប្រឈម​មុខ​និង​ការ​បំផ្លាញ​យ៉ាង​រង្គាល​ ក្រោម​ស្នា​ដៃ​របស់​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច​ កំពុង​បោះ​ទី​តាំង​យ៉ាង​រឹង​មាំ​ ។ នៅ​តំបន់​នោះ​ ជា​ព្រៃ​ភ្នំ​ត្រូវ​ពួក​គេ​កាយ​លុង​ដី​យក​រ៉ែ​មាស​យ៉ាង​គគ្រឹក​​គគ្រេង​ដោយ​ប្រើ​ប្រាស់​សុទ្ធ​តែ​សម្ភារ​ទំនើប​ៗ​ ដូច​ជា​ស្ពាន​សម្រាប់​ដឹក​ជញ្ជូន​ដី​រ៉ែ​ និង​សារ​ធា​តុ​​គីមី​រាប់​​ធុង​ធំ​ៗ​ ដោយ​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​កម្ម​ករ​រាប់​សិប​នាក់​ ដើម្បី​​កែ​ច្នៃ​ចម្រាញ់​យក​មាស​ ធ្វើ​ដូច​មាន​ច្បាប់​ពី​រាជ​រដ្ឋា​ភិបាល​ ។​

ប្រភព​ព័ត៌​មាន​ពី​តំបន់​រ៉ែ​ភ្នំ​ព្រិច​បាន​និយាយ​ថា​ ការ​ជីក​ដី​កាយ​យក​រ៉ែ​របស់​ក្រុម​ឈ្មួញ​មួយ​ចំនួន​នៅ​តំបន់​នេះ​ គឺ​កើត​មាន​ជា​យូរ​មក​ហើយ​ ដោយ​សកម្ម​ភាព​របស់​ពួក​គេ​បាន​ធ្វើ​ឡើង​ក្នុង​ព្រៃ​ ជ្រក​ក្រោម​ស្លាក​អតី​ត​ទី​តាំង​ក្រុម​ហ៊ុន​វិនិយោគ​ថ្ម​ម៉ាប​មិន​ច្បាស់​លាស់​មួយ​ ។ សកម្ម​ភាព​នេះ​ក៏​មាន​ការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​ខ្លះ​ៗ​ផង​ដែរ​ តែ​ហាក់​ដូច​ជា​មាន​កម្រិត​ ។

ប្រជា​ពល​រដ្ឋ​ដែល​ប្រកប​របរ​រក​រ៉ែ​មាស​ដោយ​ដៃ​ ជា​ទម្លាប់​ប្រពៃ​ណី​សម្រាប់​ជីវ​ភាព​គ្រួសារ​នៅ​តំបន់​នោះ​ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​បាត់​បង់​ធន​ធាន​ធម្ម​ជាតិ​ទូ​ទៅ​នៅ​តំបន់​ភ្នំ​ព្រិច​​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​លើ​សត្វ​ពាហ​នៈ​ ដែល​តែង​តែ​កើត​ជំងឺ​ឈឺ​ងាប់​ជា​បន្ត​បន្ទាប់​ ។ ក្រោយ​ពី​សត្វ​គោ​ក្របី​ដែល​ជា​កម្លាំង​អូស​ទាញ​របស់​ពួក​គាត់​សម្រាប់​បង្ក​បង្កើន​ផល​ បាន​ទៅ​ផឹក​ទឹក​ព្រែក​អូរ​ដែល​លាយ​ឡំ​ទៅ​ដោយ​​សា​រ​ធាតុ​គី​មី​បំពុល​បរិ​ស្ថាន​របស់​ក្រុម​អ្នក​ច្នៃ​រ៉ែ​បង្ហូរ​ចូល​ ។

គេ​សង្កេត​ឃើញ​ថា​ កន្លង​មក​អាជ្ញា​ធរ​ស្រុក​ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សា​ហកម្ម​ខេត្ត​ធ្លាប់​បាន​ចុះ​ទៅ​បង្ក្រាប​ដល់​ទី​តាំង​តំបន់​រ៉ែ​អនា​ធិប​តេយ្យ​នោះ​ជា​ច្រើន​លើក​ច្រើន​សា​​ដែរ​ កាល​ពី​ចុង​ឆ្នាំ​២០១២​កន្លង​ទៅ​ តែ​ការ​ចុះ​បង្ក្រាប​នោះ​គឺ​ធ្វើ​ឡើង​បាន​តែ​មួយ​ភ្លែត​​ប៉ុណ្ណោះ​ ។ ក្នុង​សកម្ម​ភាព​បង្ក្រាប​របស់​អាជ្ញា​ធរ​នា​ពេល​នោះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ សមត្ថ​កិច្ច​ពុំ​បាន​ចាប់​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​នៅ​ក្នុង​ជំនួញ​រ៉ែ​ខុស​ច្បាប់​នេះ​ទេ​ គឺ​បាន​ត្រឹម​តែ​ចាប់​ដក​ហូត​ឧប​ករណ៍​កែ​ច្នៃ​រ៉ែ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ទុក​ចោល​ក្នុង​ព្រៃ​ព្រោះ​ដឹក​ចេញ​មិន​រួច​ខុស​ពី​ឈ្មួញ​ដែល​ដឹក​ចូល​ទៅ​បាន​ ។ ជាង​នេះ​ទៅ​ទៀត​ភាព​ស្ងប់​ស្ងាត់​នៃ​ការ​ឈប់​រុក​រក​រ៉ែ​នោះ​ ត្រូវ​គេ​ដឹង​ថា​បាន​ផ្អាក​មួយ​រយៈ​ពេល​ដែរ​ ។ ប៉ុន្តែ​រហូត​មក​ទល់​និង​ពេល​នេះ​ ត្រូវ​គេ​ដឹង​ថា​ ក្នុង​តំបន់​នោះ​កំពុង​តែ​កើត​ជា​តំបន់​រុក​រក​រ៉ែ​​យ៉ាង​អនា​ធិប​តេយ្យ​ពេញ​បន្ទុក​ទៀត​ហើយ​ និង​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​ថែម​ទៀត​ ។

តំបន់​រុក​រក​រ៉ែ​មាស​អនា​ធិប​តេយ្យ​នេះ​ ត្រូវ​ក្រុម​ជន​ខិល​ខូច​បាន​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​ និង​ធ្វើ​ការ​កាយ​យក​ដី​រ៉ែ​ដាក់​ចូល​អាង​ធំ​ៗ​ ដែល​មាន​​លាយ​ទឹក​ផ្សំ​ជាមួយ​សារ​ធាតុ​គីមី​​​ដើម្បី​ចម្រាញ់​​​យក​មាស​​​ ​ហើយកាក​សំណល់​​ដែល​នៅសល់​បាន​​​​បង្ហូរ​ចោល​​​ទៅ​ក្នុង​ទឹក​​ព្រែក​​​ និង​អូរ​​នៅ​ក្បែរ​​នោះ​ ។​

​ប្រភព​ព័ត៌​មាន​បាន​និយាយ​ថា ​​ប្រសិន​បើ​អ្នក​ស្រុក​តំបន់​នោះ​ធ្វើអាជីវកម្ម​​រែង​រ៉ែ​​ដោយ​ដៃ​មាន​​​លក្ខណៈ​​តូច​តាច​​សម្រាប់​គ្រួសារ​​ដូច​តាម​​ទម្លាប់​ជា​យូ​រ​មក​ហើយ​​​ តែង​ត្រូវ​បាន​​​អាជ្ញាធរ​បង្ក្រាប​​​​ និង​ព្រមាន​​​ឱ្យ​ធ្វើ​កិច្ច​សន្យា​​​ គឺ​កៀប​គ្នា​ខ្លាំង​ណាស់​ ។ ប៉ុន្តែ​សម្រាប់​​ពួក​ឈ្មួញ​​ធំ​ៗ​វិញ​​​គ្មាន​អ្នក​ណា​អើពើ​​​​យក​ភ្នែក​មើល​​ពី​ទោស​កំហុស​​​ទាំ​ង​នោះទេ ។​​​ ​ក្នុង​សកម្ម​ភាព​របស់​ឈ្មួញ​​​​ធ្វើ​អាជីវ​កម្មរ៉ែមាស​នោះ​​​ គេ​ដឹ​ង​ថា​​មិន​មាន​​អាជ្ញាប័ណ្ណ​​​ស្រប​ច្បាប់​​​ពី​ស្ថាប័ន​​​ណា​មួយ​​ អនុញ្ញាត​​ឱ្យ​ពួក​គេ​​ធ្វើ​អាជីវ​កម្ម​​នោះ​ឡើយ​ ។ ​

ជុំ​វិញ​ការ​ធ្វើ​រ៉ែ​អនាធិបតេយ្យ​​ដោយ​មាន​ប្រើ​ប្រាស់​សារ​ធាតុ​គ​ីមី​​​ កំពុង​បំ​ពុល​​ទឹក​ព្រែក និង​ស្ទឹង​​អូរ​នោះ​​ ​លោក ណុប ចន្ធី​ ប្រធាន​មន្ទីរ​បរិស្ថាន​​​​​បាន​ឱ្យ​ដឹង​​កាល​ពី​ព្រឹក​​​​ថ្ងៃទី​១៧ ​មិថុនា ​ដោយ​លោក​បាន​អះអាង​ថា ​រឿង​រ៉ែ​គីមី​​​នេះគឺ​​មាន​នៅ​តែ​មន្ទីរ​ឧស្សាហ​កម្ម​រ៉ែ ​និង​ថាម​ពល​ទេ​ដែល​ជា​អ្នក​ចាត់​វិធាន​ការ​​​​​ ព្រោះ​មន្ត្រី​​​របស់​លោក​​មាន​តិច និង​​​បាន​ចុះ​ទៅ​បំពេញ​ការ​ងារ​តែ​នៅ​​​តាម​បណ្ដា​ស្រុក​​ប៉ុណ្ណោះ​​​ ។ ​​

​លោក​ អីុវ ​​ច័ន្ទសេរី​​ អនុ​ប្រធាន​មន្ទីរ​​ឧស្សាហ​កម្ម​​​រ៉ែ និង​ថាម​ពល​​ខេត្ត​ទទួល​បន្ទុក​​​​​ការិយាល័យ​​​​រ៉ែ​បាន​ប្រាប់​​ដែរ​ថា ​​ចំពោះ​សកម្ម​ភាព​​រុក​រក​រ៉ែ​អនាធិបតេយ្យ​​ និង​សកម្មភាព​​របស់ជន​ខិល​ខូច​​​ទាំង​នោះ​​​ លោក​កំពុង​​តែ​ដាក់​ឯកសារ​​​ជូន​ទៅ​ថ្នាក់​ខេត្ត​ ​សុំ​យោបល់​​សម្រេច​​ ដើម្បីឈាន​​​​ទៅ​ធ្វើ​​ការ​បង្ក្រាប​​​​​រឹបអូ​ស​​​នៅ​ថ្ងៃ​​​ខាង​មុខ​នេះ​​​​ ហើយកសាង​សំណុំ​រឿង​​ចាត់ការ​តាម​​​នីតិវិធី​  ច្បាប់ ។ ​ការប្ដេជ្ញា​ចិត្ត​របស់​មន្ត្រីខាង​លើ​នេះ​​សង្ឃឹម​ថា​​ អាច​សង្គ្រោះ​​តំបន់​​ភ្នំ​ព្រិច​ដែល​មាន​ធន​ធាន​រ៉ែ​​ដ៏មហា​សាល​​​ចេញ​ពី​កណ្ដាប់​ដៃ​ជន​ទុច្ច​រិត​​​មិន​ខាន ព្រោះ​ជន​ទុច្ច​រិត​ទាំង​នេះ​មិន​មែន​អ្នក​ភូមិ​ទេ​ គឺ​ជា​ក្រុម​ឈ្មួញ​ដែល​ទៅ​ពី​ទី​ឆ្ងាយ​ធ្វើ​​ជាថៅ​កែ​​ ទើប​អាច​មាន​ឧប​ករណ៍​ធំ​ៗ​បែប​នេះ​ ។ គេ​​មាន​ជ​ំនឿ​ថា ​បើ​មាន​ឆន្ទះ​​បង្ក្រាប​មែន​ ប្រាកដ​​​ជា​អស់​នូវ​ការ​បំផ្លាញ​ធំ​បែប​នេះ​មិន​ខាន​៕​