រាជធានីភ្នំពេញ ៖ នេះជាលើកទី១ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពិតជាមានកិតិ្តយសដ៏ឧត្តុងឧត្តម ដោយបានទទួលធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំលើកទី៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងជាមហាកិត្តិយសថ្មីមួយទៀតសម្រាប់ប្រទេសនិងប្រជា ជនកម្ពុជា បន្ទាប់ពីបានទទួលធ្វើជាប្រធានអាស៊ានប្រកបដោយភាពម្ចាស់ការ ទទួលខុសត្រូវប្រកបដោយជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ កាលពីឆ្នាំ២០១២កន្លងទៅ ។
ក្នុងពិធីបើកសម័យប្រជុំលើកទី ៣៧របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១៦ មិថុនា នៅវិមានសន្តិភាព បានបង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់កិត្យានុភាព អភិរក្ស និងការអភិវឌ្ឍតំបន់អង្គរ «អតីតរាជធានីដ៏ល្បីល្បាញនៃអធិរាជាណាចក្រខ្មែរ» ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ។
មានប្រសាសន៍បើក សម័យប្រជុំលើកទី៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការផ្តល់ឱកាសឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំលើកទី៣៧នេះ មិនត្រឹមតែជាមហាកិត្តិយសសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃសេចក្តីគោរព និងការផ្តល់តម្លៃចំពោះកម្ពុជាផងដែរ ជាពិសេសគឺវាបានបង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់កិត្យា នុភាព ការអភិរក្សនិងការអភិវឌ្ឍតំបន់អង្គរ អតីតរាជធានី ដ៏ល្បីល្បាញនៃអធិរាជាណាចក្រខ្មែរ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ចូលរួមមតិមួយចំនួនជាមួយអ្នកស្រាវជ្រាវទាំង អស់រួមមាន ប្រវត្តិវិទូ បុរាណវិទូ និងស្ថាបត្យករបេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក ដើម្បីគូសបញ្ជាក់អំពីសារសំខាន់និងការរួមចំណែកនៃប្រាសាទអង្គរ នៅក្នុងវប្បធម៌ និងអរិយធម៌ពិភពលោក គឺដើម្បីជួយពង្រឹងបន្ថែមទៀតនូវតម្លៃលេចធ្លោជាសាកលរបស់រមណីយ ដ្ឋានអង្គរ ។
ជាការពិត អធិរាជាណាចក្រខ្មែរ ដែលស្ថិតនៅចន្លោះអាណាចក្រធំពីរគឺចិន និងឧបទ្វីបឥណ្ឌា បានរក្សានូវលក្ខណៈពិសេសដោយឡែករបស់ខ្លួន តាមរយៈភាសាដែលនៅមានលក្ខណៈរស់រវើកមកទល់សព្វថ្ងៃ និងវប្បធម៌រូបីដ៏អស្ចារ្យរបស់ខ្លួន ។ អង្គរបានបង្ហាញឱ្យឃើញអំពីការរៀបចំប្លង់ប្រកបដោយនវានុវត្តន៍ ដោយយកលំនាំតាមគំរូទីក្រុងដែលមានរាងចតុកោណកែង និងមានរចនាសម្ព័ន្ធសុរិយាដីច្បាស់លាស់ដូចដែលបានឃើញទីក្រុង ញូវយ៉កនាពេលបច្ចុប្បន្ន។
អង្គរធំដែលត្រូវបានកសាងឡើង ដោយអធិរាជខ្មែរដ៏អស្ចារ្យគឺ ព្រះបាទជ័យវរ្ម័នទី៧ និងជាទីក្រុងមួយគ្របដណ្តប់លើផ្ទៃដី ៩០០ហិកតា ព្រមទាំងត្រូវបានការពារដោយកំពែងដ៏ធំព្រមទាំងមានកសិណទឹកដ៏ ធំទូលាយព័ទ្ធជុំវិញ ពិតជាមានលក្ខណៈពិសេសគ្មានពីរលើពិភពលោកនាសម័យកាលសតវត្សទី១២ ។
សមិទ្ធ ផលដ៏មហាសាលរបស់ទីក្រុងអង្គរផ្នែកវារីវិស្វកម្ម ទើបតែត្រូវបានរកឃើញដោយក្រុមអ្នកជំនាញវារីវិស្វកម្មវ័យ ក្មេងកម្ពុជា ។ វិទ្យាសាស្ត្រនិងបច្ចេកទេសគ្រប់គ្រងនាសម័យនោះ អាចឱ្យដំណើរការប្រព័ន្ធទាញយកទឹក រក្សាស្តុកទឹក បញ្ជូននិងចែកចាយទឹកទៅគ្រប់ទីកន្លែងអស់រយៈពេលជាច្រើនសតវត្ស រ៍នៅលើផ្ទៃដីដ៏ធំសម្បើម ចាប់ពីភ្នំគូលែននៅទិសឦសានចាក់ទៅបឹងទន្លេសាបនៅទិសខាងត្បូង ។ លើសពីនេះទៅទៀត គេបានរកឃើញថា ខ្មែរសម័យបុរាណមានជំនាញរៀបចំទឹកដីយ៉ាងពូកែសម្រាប់អភិវឌ្ឍន៍ វិស័យកសិកម្ម និងដំណាំវប្បកម្មនៅក្នុងតំបន់ដែលមានផ្ទៃដីប្រមាណ២.០០០គីឡូ ម៉ែត្រក្រឡា នៅជុំវិញអង្គរ ដោយប្រើប្រាស់វិធីសាស្ត្របកស្រាយរូបភាពក្នុងចម្ងាយដែលទទួល បានពីផ្កាយរណប ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រីសង្ឃឹមថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិតជានឹងអាចជួយឱ្យសាកលលោកទាំងមូល ផ្តល់ឋានៈដ៏សក្តិសម ដល់អារ្យធម៌ខ្មែរ នៅក្នុងប្រវតិ្តសាស្ត្រមនុស្សជាតិ រួមទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផង ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ តម្លៃវប្បធម៌ជាតិខ្មែរ ជាមួយនឹងចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពដ៏ច្បាស់លាស់ដោយចាត់ទុកថា «វប្បធម៌គឺជាព្រលឹងជាតិនិងជាអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព» ។
សមិទ្ធ ផលជាច្រើនដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ល្បីសុសសាយនៅលើឆាកអន្តរជាតិ បន្ទាប់ពីតំបន់អង្គរត្រូវបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២ ការបញ្ជូលរបាំក្បាច់បុរាណខ្មែរគឺ «របាំព្រះរាជទ្រព្យ»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣ និងល្ខោនស្រមោលស្បែកធំ នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០០៥ ។ បន្ថែមលើនេះ នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ «ប្រាសាទព្រះវិហារ»ជាទីសក្ការៈរបស់កម្ពុជា ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ជាតិកម្ពុជា ។ លើមូលដ្ឋាននេះ នៅថ្ងៃទី២៦ តុលា ឆ្នាំ២០០៩ ប្រទេសកម្ពុជា ក៏បានទទួលនូវជំនឿទុកចិត្តនិងការគាំទ្រដ៏ធំធេង ពីសំណាក់អន្តរជាតិ ដោយបានជាប់ឆ្នោតលំដាប់លេខ២ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបេតិកភណ្ឌពិភពលោកថែមទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលដាក់បេតិកភណ្ឌជាតិលើទង់ ជាតិរបស់ខ្លួននោះគឺប្រាសាទអង្គរវត្ត ។ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយកេរដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបុរាណវិទ្យា បេតិកភណ្ឌគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលក្នុងអត្ថន័យ សេដ្ឋកិច្ច ។ ជាការពិត បេតិកភណ្ឌគឺជាមូលធនសង្គមដែលអាចបង្កើតជាលំហូរនៃសេវាសម្រាប់ រយៈពេលយូរអង្វែង ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា យើងបានស្នើបញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនូវ ប្រាសាទ «សម្បូរព្រៃគុហ៍» ដែលជារមណីយដ្ឋានមុនសម័យអង្គរដ៏សំខាន់របស់យើងនិងប្រាសាទ«កោះ កេរ្តិ៍» ដែលធ្លាប់ជារាជធានីរយៈពេលខ្លីនៃអធិរាជាណាចក្រខ្មែរ នៅក្នុងសតវត្សទី១០ ដែលបង្ហាញឱ្យឃើញនូវសិល្បៈនៃរូបចម្លាក់រស់រវើកមុនគេនៅទ្វីប អាស៊ី ។
នៅក្នុងរយៈពេលពីរទសវត្សកន្លងទៅនេះ វិស័យទេសចរណ៍វប្បធម៌និងធម្មជាតិ បានក្លាយទៅជាសសរស្តម្ភ មួយនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបានចូលរួមវិភាគទានដ៏មានតម្លៃដល់ការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ។
ជាក់ស្តែងអត្រាប្រជាជនរស់នៅ ក្នុងភាពក្រីក្របានធ្លាក់ពី១០០% នៅឆ្នាំ១៩៧៩ មកនៅត្រឹម ១៩% ក្នុងឆ្នាំ ២០១១ ។ ជាការពិតបេតិកភណ្ឌ និងទេសចរណ៍វប្បធម៌កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងកំណើននេះ ។ កាលពី២០ឆ្នាំមុន នៅពេលដែលរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ជូលទៅក្នុងបេតិកភណ្ឌ ពិភពលោក ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជាមានត្រឹមតែ ១២០.០០នាក់ប៉ុណ្ណោះ ។ តួលេខនេះបានកើនឡើងដល់៣,៥លាននាក់ក្នុងឆ្នាំ២០១២ ហើយត្រូវរំពឹងថា នឹងកើនដល់៤,៥លាននាក់នៅឆ្នាំ២០១៥ ខាងមុខ ។
ប៉ុន្តែការរីកចំរើននេះ ទាមទារឱ្យយើងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងថែមទៀត ។ យើងមិនត្រូវបណ្តោយឱ្យបេតិកភណ្ឌទទួលរងនូវផលប៉ះពាល់អវិជ្ជមានពី កំណើននេះឡើយ ។ អ្នកជំនាញរបស់យើងសហការជាមួយអង្គការយូណេស្កូ និងប្រទេសអូស្រ្តាលី បានរៀបចំ ផែនការគ្រប់គ្រងទេសចរណ៍សម្រាប់អង្គរ និងតំបន់អង្គរទាំងមូល ដើម្បីធានាតុល្យភាពចាំបាច់នៃការអភិវឌ្ឍនិងអភិរក្ស ដោយអនុលោមតាមទស្សនទានថ្មីនៃការអភិវឌ្ឍបៃតង ។ នេះគឺជាមេរៀនដ៏ល្អសម្រាប់យុវជនកម្ពុជា ក៏ដូចជាសម្រាប់យុវជននៃសកលលោកទាំងមូល ។ ខ្ញុំយល់ថា យុវជនអាចទាញយកបទពិសោធន៍ពីរចំណុចដើម្បីពិចារណាបង្កើតការ ចូលរួមរបស់ខ្លួន ។
ទី១-បទពិសោធន៍របស់កម្ពុជា បានរំលេចឡើងអំពីតួនាទីដ៏សំខាន់របស់បេតិកភណ្ឌក្នុងដំណើរការ នៃការអភិវឌ្ឍ ។ អេកូទេសចរណ៍និងទេសចរណ៍ឆ្នេរនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្ពុជា កាន់តែច្រើន ប៉ុន្តែអ្វីដែលនៅ ជាការពិតនោះគឺចំនួនដ៏ច្រើនលើសលប់នៃភ្ញៀវទេសចរអន្តរជាតិត្រូវ បានទាញដោយកិត្យានុភាពនៃអច្ឆរិយអង្គរ ។
ទី២-ក្រុមសីលធម៌ក៏ ជាបទពិសោធន៍មួយទៀត សម្រាប់យុវជនផងដែរ ។ វាជាប្រការដ៏មានសារសំខាន់ណាស់ដែលត្រូវបញ្ជូនសារទៅមនុស្ស ជំនាន់ក្រោយឱ្យបន្តលើកស្ទួយតម្លៃនៃបេតិកភណ្ឌដែលជារបស់ជាតិ នីមួយៗផង និងជារបស់មនុស្សជាតិទាំងមូលផង ។ ដូច្នេះ មនុស្សគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការអភិរក្ស ថែរក្សា និងផ្តល់តម្លៃដល់សម្បត្តិ បេតិកភណ្ឌគ្រប់ប្រភេទទាំងរូបី ទាំងអរូបី និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ថាសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ទាំងអស់នេះជារបស់ជាតិណា សាសន៍ណា ឬមានទីតាំងនៅក្នុងប្រទេសណានោះទេ ។
លទ្ធផលប្រកបដោយ ផ្លែផ្កា ដែលសម័យប្រជុំលើកទី៣៧នេះសម្រេចបាន នឹងរួមចំណែកដល់ការពង្រឹងសាមគ្គីភាពអន្តរជាតិ សម្រាប់ការការពារ និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌរបស់មនុស្សជាតិ ។ នៅក្នុងខ្សែភ្នែករបស់យើងទាំងអស់គ្នា អនុសញ្ញាឆ្នាំ១៩៧២គឺជាឧបករណ៍ដ៏មានថាមពលសម្រាប់រក្សាសន្តិភាព ពិភពលោក។ ក្នុងសុន្ទរកថា លោកបណ្ឌិតសភាចារ្យសុខ អាន ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ ចំនួនរដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកបានឈានដល់ចំនួន ១៩០ប្រទេស ។ ដោយសារអង្គការយូណេស្កូ មានសមាជិក១៩៥ប្រទេសមានន័យថា អនុសញ្ញានេះស្ទើរតែក្លាយជាលិខិតូបករណ៍គតិយុត្តសាកលទៅហើយ នាពេលឥឡូវនេះ ។ ដូច្នេះ បេសកកម្មរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលគឺជាបេសកកម្មសកល ។ អំណោយរបស់គណៈកម្មាធិការមានលក្ខណៈទូលំទូលាយ ចម្រុះ និងមានសារសំខាន់ យ៉ាងខ្លាំងសម្រាប់ផ្នែកវប្បធម៌ ធម្មជាតិនិងសង្គម ។
លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា គណៈកម្មាធិការ មានកាតព្វកិច្ចក្នុងការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយដោយ ផ្នែកលើលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ ថា តើគួរចុះបញ្ជី ឬមិនចុះបញ្ជី សម្បត្តិណាមួយក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ គណៈកម្មាធិការ ក៏មានកាតព្វកិច្ចផងដែរក្នុងការសិក្សា លើស្ថានភាពអភិរក្សនៃសម្បត្តិបេតិកភណ្ឌ ដែលបានចុះបញ្ជីហើយ ដែលជួនកាលអាចត្រូវប្រកាសថា ជាសម្បត្តិបេតិកភណ្ឌកំពុងរងគ្រោះ ។ ក្នុងករណីដែលសម្បត្តិបេតិកភណ្ឌមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាក់លាក់ណាមួយ និងនៅពេលដែលលែងមានគ្រោះថ្នាក់ សម្បត្តិបេតិកភណ្ឌនោះនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌកំពុងរង គ្រោះថ្នាក់ ។
លោកបណ្ឌិតសភាចារ្យ ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបញ្ជាក់ថា ឥឡូវនេះបេតិកភណ្ឌពិភពលោកត្រូវបានគេគោរពនិងប្រារព្ធអបអរសា ទរឡើងជាសកល ។ ប៉ុន្តែទន្ទឹមគ្នានេះដែរ យើងត្រូវដឹងថា អនុសញ្ញានេះនៅថ្ងៃអនាគតទំនងជាប្រឈមនឹងបញ្ហាប្រឈមធំៗជា ច្រើន ។ ការលំបាកជាច្រើនបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើការចុះបញ្ជីនិងការវាយតម្លៃ លើស្ថានភាពអភិរក្សនៃសម្បតិ្តបេតិកភណ្ឌមួយចំនួនដែលមានភាពមិន ច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ