ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំងទូក​(​ង​) ​ខ្នាត​អន្តរជាតិ​លើក​ដំបូង​នៅ​ខេត្តពោធិ៍សាត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៩ និង​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់ ខេត្តពោធិ៍សាត់ ដែល​បាន​ធ្វើ​ពិធី​ប្រណាំងទូក​(​ង​)​ខ្នាត​អន្តរជាតិ​ជា​លើក​ដំបូង ក្រោម​ការ​រៀបចំ​របស់…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៩ និង​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់ ខេត្តពោធិ៍សាត់ ដែល​បាន​ធ្វើ​ពិធី​ប្រណាំងទូក​(​ង​)​ខ្នាត​អន្តរជាតិ​ជា​លើក​ដំបូង ក្រោម​ការ​រៀបចំ​របស់ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម ឈុ​ន សុង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​អបអរសាទរ និង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ បណ្ដែតប្រទីប ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក​។ តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​គណៈកម្មការ​បាន​ឲ្យ​ដឹង​ថា ទូក​(​ង​) ដែល​ចូលរួម​ប្រកួត​នា​ពេល​នេះ​មាន​ចំនួន​២៥​ទូក ចម្រុះ​ពណ៌​មក​ពី​តាម​បណ្ដា​មន្ទីរ អង្គភាព​នានា និង​ក្រុង​ស្រុក​ទាំង​០៦​ក្នុង​ខេត្តពោធិ៍សាត់​។

ទោះបី​ឆ្នាំ​នេះ​ទឹកស្ទឹង​ពោធិ៍សាត់​តិច​ជាង​រាល់​ឆ្នាំ​ក៏​ដោយ ប៉ុន្ដែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ប្រណាំងទូក​នោះ​ទេ​។ កីឡាករ​អុំទូក​មាន​ឯកសណ្ឋាន​ខុស​ៗ​គ្នា ក្រោម​ការ​ឧបត្ថម្ភ​ពី​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន និង​លោក​ជំទាវ​ផ្ទាល់​តែ​ម្ដង​។ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ប្រមាណ​ជាង​ប្រាំ​ម៉ឺន​នាក់​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ និង​មួយ​ចំនួន​ទៀត​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ បាន​មក​ទស្សនាការ​ប្រណាំងទូក​យ៉ាង​ណែនណាន់តាន់តាប់​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ដោយ​មានការ​ដាក់​តាំងពិព័រណ៍​លក់​ផលិតផល​នានា និង​ទំនិញ​ផ្សេង​ៗ ព្រមទាំង​មាន​ម៉ូតូ​ហោះ​លើ អាកាស​ព្រោងព្រាត ញ៉ាំង​ឲ្យ​ភ្ញៀវ​ដែល​មក​ទស្សនា​កាន់តែ​ពុះកញ្ជ្រោល​ថែម​ទៀត​។

ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន មាន​ប្រស​សន៍​ថា ពិធីបុណ្យ​អុំទូក​មាន​តាំងពី​ដូនតា​មក ហើយ​យើង​អាច​ធ្វើ​ពិធី​ប្រណាំងទូក​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​។ ឯកឧត្តម​អភិបាលខេត្ត​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ថែរក្សា​សន្តិភាព​នេះ ឲ្យ​មាន​ជា​រៀង​រហូត ដើម្បី​យើង​ធ្វើ​ពិធី​ប្រណាំងទូក​នេះ​ជា​រៀង​រាល់​ឆ្នាំ និង​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឲ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ទោះបី​ការ​ប្រណាំងទូក​(​ង​) នៅ​ខេត្តពោធិ៍សាត់​នេះ ទើបតែ​ជា​លើក​ដំបូង​ក៏​ពិតមែន ប៉ុន្តែ​យើង​មាន​របៀបរៀបរយ​ល្អ ទាំង​សន្តិសុខ​សណ្ដាប់ធ្នាប់ ទាំង​កីឡាករ​អុំទូក និង​ការ​អនាម័យ​បរិស្ថាន​។ ឆ្នាំ​នេះ​យើង​ធ្វើ​បាន​ប៉ុណ្ណឹង ឆ្នាំ​ក្រោយ​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​ជាមួយ​ខេត្ត​ដទៃ​។

ការ​ប្រណាំងទូក​(​ង​) រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ នេះ ពិតជា​បង្ក​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី ដោយ​មានការ បាញ់​កាំជ្រួច នា​ពេល​រាត្រី​ផង​ដែរ​។ នៅ​ថ្ងៃ​បញ្ចប់​បាន​រក​ឃើញ​ទូក​(​ង​) ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ មាន​ចំនួន​០៥​ទូក ក្នុង​មួយ​ទូក​ទទួល​បាន​ថវិការ​០៥​លាន​៥០​ម៉ឺន​រៀល​ពី​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន​។ ទូក​ចំណាត់ថ្នាក់​លេខ​២ ចំនួន​០៨​ទូក ក្នុង​មួយ​ទូក​ទទួល​បាន​០៥​លាន​៣០​ម៉ឺន​រៀល​។ ទូក​លេខ​៣​ចំនួន​០៨​ទូក ក្នុង​មួយ​ទូក​ទទួល​បាន​០៥​លាន​២០​ម៉ឺន​រៀល​។ ទូក​លេខ​៤​ចំនួន​០៤​ទូក ក្នុង​មួយ​ទូក​ទទួល​បាន​០៥​លាន​រៀល​។ ដោយឡែក​ទូក​កិត្តិយស​តូច​ៗ​ចំនួន​០២​ទូក ក្នុង​មួយ​ទូក ទទួល​បាន​មួយ​លាន​រៀល ហើយ​ទូក​នីមួយ​ៗ​ក៏​ទទួល​បានការ​ឧបត្ថម្ភ​បន្ថែម​ពី​សប្បុរសជន​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ