ខេត្តកណាល ៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅល្ងាចថ្ងៃទី១៩ វិច្ឆិកា ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនតៃកុងរថយន្តដែលបើកវ៉ាម៉ូតូជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសម្នាក់នៅស្រុកខ្សាច់កណ្ដាល ដាក់ពន្ធនាគារបណ្តះអាសន្នពីបទ«បើកបរបណ្ដាលឲ្យរបួសដល់អ្នកដ៍ទៃ និងបើកបរបណ្តាលឲ្យស្លាប់ដល់អ្នកដទៃ» ដែលប្រព្រឹត្តនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមមាត្រា៨៣ និងមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជនត្រូវចោទមានឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល នគរបាលបានអោយដឹងថា កាលពីថ្ងៃ និងវេលាកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ទឹកប៊ិច ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2C-0072 បើកបរដោយឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើង ។
លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានវ៉ាម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក ហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក SMAHS C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1J-4774 បើកបរដោយឈ្មោះ ពៅ លាងអេង អាយុ២៨ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ អេង លាង អ៊ី ភេទស្រី អាយុ២ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ។
ករណីខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តខាងលើបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ។ ចំពោះអ្នកបើកបររថយន្តរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅអធិការនគរបាលស្រុក ។ ចំណែកសពត្រូវបានត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ