ខេត្តព្រៃវែង ៖ វេទិកាជួបសំណេះសំណាលមួយរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ មិថុនាក្រោមអធិបតីភាព លោក កឹម សុខា ជាមេបក្ស បានបង្កើតឱ្យមានភាពអាម៉ាស់បំផុត ក្នុងហ្វូងមហាជនដ៏កុះករ ។
តាមរូបភាពក្នុងវីដេអូឃ្លីបរបស់កោះសន្តិភាពបង្ហាញថា លោក កឹម សុខា បន្ទាប់ពីបានធ្វើដំណើរទៅដល់ទីតាំងប្រារព្ធពិធី យើងសង្កេតឃើញមានសកម្មជនដែលគាំទ្រគណបក្សនៅរង់ចាំទទួល ខ្លះឈរ ខ្លះអង្គុយពេញក្នុងរោង វេទិកា ។
នៅតាមទីធ្លា ឬផ្លូវឆ្ពោះទៅវេទិកាមានមនុស្សឈរទទួលត្រៀបត្រា ដែលពេលនោះ លោក កឹម សុខា អមដំណើរដោយអង្គរក្សមួយក្រុមផង បានដើរលើកដៃស្វាគមន៍ដោយរីករាយបំផុត ក្រោមសម្រែកស្រែកជយឃោសតាមមីក្រូលាន់កងរំពង ជយោ ! គណបក្សសង្គ្រោះជាតិ ជយោ ! ឯកឧត្តមកឹម សុខា មិនដាច់សូរ ។ កំពុងដើរលូកដៃស្វាគមន៍ចំពោះអ្នកឈររង់ចាំ ស្រាប់តែស្ត្រីម្នាក់ដែលគេស្គាល់ថា ឈ្មោះ សម ផល្លា ជាម្តាយរបស់ប្រពន្ធចុង លោក កឹម សុខា ដែលឈរអមផ្លូវនឹងគេដែរបានចាប់កដៃស្តាំ លោក កឹម សុខា ជាប់ ។ ចំណែកអ្នកស្រី កែវ សុផាន់ណារី ក៏ឈរជាប់ម្តាយដែរ ។ លោក កឹម សុខា ក្រឡេកមើលមុខស្រី្តដែលចាប់ដៃ បែបស្គាល់ច្បាស់ថា មិនស្រួល ក៏រលាស់ដៃចេញយ៉ាងរហ័ស ហើយគេចមកឆ្វេងដៃ ចូលក្នុងហ្វូងមហាជនបាត់ពីមុខកាមេរ៉ាវីដេអូទៅ គឺអត់បានដើរអបអរសាទរជាមួយហ្វូងមនុស្សទៀតទេ ធ្វើឱ្យឈុតឆាកដើរស្វាគមន៍បានបញ្ចប់ ។
ជាបន្ទាប់មកស្រាប់តែផ្អើលឈុល ដោយមានជនដៃដល់មួយក្រុមស្ទុះមករារាំងមិនឱ្យស្ត្រី២នាក់ម្តាយនិងកូននេះរុលទៅមុខវេទិកាទេ ។ អ្នកស្រី កែវ សុផាន់ណារី និងម្តាយឈរជំទាលស្រែកហៅលោក កឹម សុខា ឱ្យមកជួបនិយាយគ្នា ប៉ុន្តែពេលស្រែកហៅលោក កឹម សុខា លាយឡំទៅនឹងពាក្យប្រមាថយ៉ាងអសុរោះខ្លះផង បណ្តាលឱ្យជនដៃដល់មួយក្រុម ក្នុងនោះមានស្ត្រីម្នាក់ផង គិតតែពីរុញផង ច្រានផង វាយផង ទៅលើស្ត្រី២នាក់ម្តាយនិងកូន មានទាំងលើកជើងធាក់ទៀតឱ្យថយក្រោយ ។ ការតស៊ូដើម្បីឱ្យលោក កឹម សុខា ដែលជាប់សង្ស័យជាប្តីេហងស៊យចេញមុខមកចរចាគ្នារបស់ម្តាយ និងកូនស្រីនេះ ពុំបានសម្រេចដូចបំណងឡើយ ទោះបីជំទាលស្រែកខ្លាំងៗយ៉ាងណាក៏ដោយ បានត្រឹមបរាជ័យ និងទ្រមខ្លួនរហូតដល់សន្លប់ត្រូវដឹកមកមន្ទីរពេទ្យ ។ នាឱកាសនោះ បើកុំតែបានមន្ត្រីនគរបាលមូលដ្ឋានចូលជួយអន្តរាគមន៍ កុំអីប្រហែលជីវិតអ្នកទាំងពីរពិបាកធានាណាស់ក្នុងហ្វូងលោក កឹម សុខា ។
ចំពោះលោក កឹម សុខា វិញ បែបស្មានមិនដល់ថា មានរឿងចៃដន្យបែបនេះកើតឡើងទេ ហើយប្រហែលជាមិនបានត្រៀមខ្លួនទុកជាមុនឱ្យអង្គរក្សណាដែលស្គាល់នាងប្រពន្ធចុង និងម្តាយ ចាំរារាំងពីចម្ងាយ ឬជួយមើលផ្លូវទុកជាមុនទេមើលទៅ ។ ចាត់ទុកជារឿងធ្វេសប្រហែសមួយ ដែលថ្ងៃក្រោយសុំកុំរាង ! ប្រសិនបើនៅតែគេចវេះពីការចរចាគ្នាទេនោះ ។ ក្នុងរឿងនេះ ក្រែងនាងពិតជាប្រពន្ធទី២របស់លោកមែនទេដឹង ?
ក្រោយហេតុការណ៍ជ្រួលច្របល់រហូតឈានដល់ការប្រើហិង្សាបណ្តាលឱ្យស្ត្រីឈ្មោះ កែវ សុផាន់ណារី អាយុ៤១ឆ្នាំ ជាប្រពន្ធចុងលោក កឹម សុខា រងរបួស និងម្តាយឈ្មោះ សម ផល្លា អាយុ៦២ឆ្នាំ រងរបួសរហូតដល់សន្លប់ កាលពីព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែងនោះ ស្ត្រីរងរបួសកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យកាល់មែ៉តនៅឡើយទេ ។ ប៉ុន្តែពាក្យបណ្តឹងរបស់ពួកគេ ដែលបានដាក់ប្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃកើតហេតុនោះ ពេលនេះស្នងការនគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក សេង សុភក្តិ ស្នងការរងទទួលផែនកណ្តាលយុតិ្តធម៌នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា នៅក្នុងពាក្យបណ្តឹងរបស់ស្ត្រីទាំងពីរនាក់នេះ បានប្តឹងចោទទៅលើមនុស្សប្រុសស្រី៤នាក់ ពីបទបង្ករបួសស្នាម ដែលបានវាយដំមកលើពួកគេ នៅខណៈពេលដែលពួកគេកំពុងព្យាយាមចូលទៅជួបលោក កឹម សុខា នៅពេលដែលលោក កឹម សុខា កំពុងដើរចូលទៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សសង្គ្រោះជាតិនៅក្រុងព្រៃវែង កាលពីថ្ងៃទី១៣ មិថុនា កន្លងទៅនេះ ។
មកដល់ពេលនេះ ជនទាំង៤នាក់នោះត្រូវបានគេស្គាល់អត្តសញ្ញាណស្រ្តីដៃដល់ម្នាក់ថា មានទីលំនៅឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ដោយឡែកមនុស្ស៣នាក់ផ្សេងទៀត នៅក្នុងពាក្យបណ្តឹងជនរងគ្រោះបានបញ្ជាក់ថា ពួកគេស្គាល់តែមុខមិនស្គាល់ឈ្មោះ ។ ហេតុនេះហើយទើបតម្រូវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ទើបឈានទៅសុំដីកាពីព្រះរាជអាជ្ញាដើម្បីចាប់ខ្លួននៅពេលខាងមុខ ។ តែទោះជាយ៉ាងណា ប្រភពនេះមិនបានបញ្ជាក់ថា ជនទាំង៤នាក់ដែលជាមុខសញ្ញាត្រូវចាប់ខ្លួននេះ ជាអង្គរក្ស លោក កឹម សុខា ឬក៏ជាសកម្មជនគណបក្សនោះនៅឡើយទេ ប៉ុន្តែបើតាមវីដេអូឃ្លីប ដែលកោះសន្តិភាពបានទទួល មនុស្សទាំង៤នាក់នោះ រួមទាំងស្ត្រីម្នាក់ផង ដូចជា «មនុស្សកាចណាស់» ។
ចែករំលែកព័តមាននេះ