ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីបានចាប់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូម្នាក់ដែលធ្វើសកម្មភាពនៅវិទ្យាល័យប៉ោយប៉ែតក្រុង ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១១ មិថុនា កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏ឈានទៅបង្ក្រាបជនសង្ស័យបាន២នាក់ផ្សេងទៀតជាបក្ខពួក និងអ្នកទទួលផលចោរកម្ម៧នាក់ ហើយបានធ្វើការបង្ហាញមុខជាសាធារណៈនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១៤ មិថុនា ។
ជនសង្ស័យដែលជាប់ពាក់ព័ន្ធជាក្រុមចោរកម្មកាច់សោ.កម៉ូតូនេះមាន ១-ឈ្មោះរី ធារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ២-ឈ្មោះប៊ុត តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង៣-ឈ្មោះគូ វិឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្នភូមិកណ្ដាល សង្កាត់កណ្តាល ក្រុងប៉ោយប៉ែត។
ចំណែកជនជាប់ចោទទទួលផលចោរកម្មទាំង៧នាក់រួមមាន១-ឈ្មោះរស់ កក្កដា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ២-ឈ្មោះកែវ សេរី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ៣-ឈ្មោះ អា៊ ឆេងហៃ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ៤-ឈ្មោះជុំ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ៥-ឈ្មោះ ជិន ចាន់ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ៦-ឈ្មោះ ជិន សូឡៃ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបងប្អូនបង្កើតរបស់ឈ្មោះ ជិន ចាន់ដារ៉ា និងមានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា និង៧-ឈ្មោះ ភួង សុខគា ហៅគក់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជននេះ និងម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ មិនបានបង្ហាញមុខទេ ព្រោះបញ្ជូនមកមិនទាន់ដល់) ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យជាចោរកាច់សោ.កម៉ូតូទាំង៣នាក់ ដំបូងគឺផ្តើមចេញពីការឃាត់ខ្លួនជនម្នាក់ឈ្មោះ រី ធារឹទ្ធ ដែលកាច់សោ.កម៉ូតូស្គូពី ស៊េរីឆ្នាំ២០១៣ ពណ៌ឈាមជ្រូករបស់សិស្សស្រីម្នាក់ឈ្មោះ ម៉េង ឆេងមួយ អាយុ១៦ឆ្នាំ នៅវិទ្យាល័យប៉ោយប៉ែតក្រុង នារសៀលថ្ងៃទី១១ មិថុនា ហើយត្រូវបានកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថព័ទ្ធចាប់បានភ្លាមៗ ។ លោកមេបញ្ជាការរូបនេះបន្តថា ក្រោយការសួរនាំជនសង្ស័យដែលចាប់បានទើបកំណត់បានមុខសញ្ញា ហើយក៏ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលដោយលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង ទើបឈានទៅចាប់បានបក្ខពួក២នាក់ផ្សេងទៀតជាបន្តបន្ទាប់ដែលកំពុងលាក់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត ។ បន្ទាប់ពីការសួរនាំ ជនសង្ស័យទាំងបីនាក់ ទើបឈានទៅរកឃើញជនទទួលផលចោរកម្មពីក្រុមចោរទាំងនេះ ដោយសហការគ្នាជាមួយកម្លាំងតាមខេត្ដ ។
ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពកាច់សោ.កបានតាមបណ្ដាខេត្ដ មានចំនួន៥គ្រឿងត្រូវបានរឹបអូសរួមមាន ម៉ាកហុងដាស្គូពី ២គ្រឿង ម៉ាកPcx ១គ្រឿង ម៉ាកឃ្លីក ១គ្រឿង និងសេ១២៥ ស៊េរី២០០៧ ១គ្រឿង (កំពុងបញ្ជូនពីខេត្ដកំពង់ស្ពឺ) ។ ម៉ូតូចំនួន៤គ្រឿងក្នុងចំណោម៥គ្រឿងដែលរឹបអូសបានវិញ គឺក្រោយពីការលួចកាច់សោ.កបាន ក្រុមចោរយកទៅលក់នៅខេត្ដកំពង់ស្ពឺមួយគ្រឿង លក់នៅខេត្ដបាត់ដំបងមួយគ្រឿង និងលក់នៅខេត្ដសៀមរាប២គ្រឿង ។
លោក ហម ម៉ុត ប្រាប់ថា ជនសង្ស័យទាំង៣នាក់ ក្រោយពីការសួរនាំឆ្លើយថា ពួកគេធ្វើសកម្មភាពកាច់សោមានគ្នា៥នាក់(២នាក់ទៀតមិនទាន់ចាប់បាន) ហើយក្រោយពីកាច់សោ.កបាន តែងតែយកទៅលក់នៅតាមបណ្ដាខេត្ដ រហូតដល់រាជធានីភ្នំពេញ ។ ចំណែកជនដែលទទួលផលចោរកម្មទាំងអស់បានសារភាពថា ពួកគេទទួលទិញម៉ូតូទាំងនេះមែន ។ លោក ហម ម៉ុត ប្រាប់ទៀតថា ជនសង្ស័យទាំងអស់នឹងកសាងសំណុំរឿងបញ្ចូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ដើម្បីចាត់ការបន្ដតាមច្បាប់ ៕
ចែករំលែកព័តមាននេះ