ខេត្តស្វាយរៀង ៖ តុលាការសាលាដំបូងខេត្តបានពន្យារពេលប្រកាសសាលក្រមលើសំណុំរឿងលោកឈូក បណ្ឌិត នៅថ្ងៃទី២៥ មិថុនា បន្ទាប់ពីសវនាការដំណើរការអស់រយៈពេល៣ថ្ងៃរួចមក ដោយគ្មានវត្តមានលោកឈូក បណ្ឌិត ឡើយ ។ការតាមដានក្នុងអង្គសវនាការឃើញថា ទីបំផុតមេធាវីទាំង៤នាក់របស់ជនរងគ្រោះបានធ្វើការសន្និដ្ឋានដូចគ្នា ដោយដាក់បន្ទុកទៅលើលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតជាអ្នកបាញ់ទៅលើកម្មការិនីរោងចក្រកៅវ៉េ ទាំង៣នាក់ឱ្យរងរបួស ។
បើតាមការស្តាប់ចម្លើយរបស់សាក្សីចំនួន២១នាក់ ដែលចូលខ្លួនបំភ្លឺគឺ១៦នាក់ ដាក់បន្ទុកទៅលើលោកឈូក បណ្ឌិត ក្នុងនោះមាន៤នាក់ឃើញលោកឈូក បណ្ឌិត កាន់កាំភ្លើង ហើយឃើញបាញ់ទៅលើកម្មការិនី។ មានតែពីរនាក់ឆ្លើយដាក់បន្ទុកទៅលើលោក សរ ចន្ថា ក៏ប៉ុន្តែមេធាវីទាំង៤នាក់ បានសុុំបដិសេធចម្លើយរបស់លោកកើត ចំរើន សុំុឱ្យច្រានចោលទុកជាមោឃភាព ដោយសារលោកកើត ចំរើន ឆ្លើយកុហកបែបសិប្បនិម្មិត ។ បើតាមអង្គហេតុពុំមានសញ្ញាណដែលពាក់ព័ន្ធនឹងលោកសរ ចន្ថា ឡើយ ។
លោកមេធាវីរបស់ជនរងគ្រោះបានស្នើសុំលោកចៅក្រមជំនុំជម្រះសុំឱ្យចោទប្រកាន់លោកឈូក បណ្ឌិត ជាថ្មីពីបទប៉៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនានៅទីសាធារណៈវិញ ។ រីឯជនរងគ្រោះ ប៊ុន ចិន្ថា សុំទារសំណង៥ម៉ឺនដុល្លារ រីឯកញ្ញា កែវ នា និងកញ្ញានុត សាខន សុំសំណងរដ្ឋប្បវេណីម្នាក់ៗ៤៥.០០០ដុល្លារ ។ សាលក្រមនេះនឹងប្រកាសនៅថ្ងៃទី២៥ មិថុនា វេលាម៉ោង៩ព្រឹក ។
លោកសរ ចន្ថា ជនត្រូវចោទដែលមានវត្តមានក្នុងសវនាមានប្រសាសន៍ថា បើតាមការស្តាប់សាក្សីបំភ្លឺ រូបលោកគ្មានពាក់ព័ន្ធក្នុងរឿងនេះទេ ហើយច្បាប់នៅព្រះរាជាណាចក្រកម្ពុជា គឺសុក្រឹតណាស់ អ្នកប្រព្រឹត្តត្រូវតែមានទោស ដូច្នេះរូបលោកនឹងទទួលបានយុត្តិធម៌ ៕
ចែករំលែកព័តមាននេះ