ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ព្រៃ​នប់​មានតំបន់​សេដ្ឋកិច្ចពិសេស​ថ្មី​មួយទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង​១៣០​ហិ​កតា ស្ថិត​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ត្រូវ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ហើយ កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា កន្លង​មក…

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង​១៣០​ហិ​កតា ស្ថិត​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ត្រូវ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ហើយ កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា កន្លង​មក ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ នឹង​ស្រូប​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃ​នប់ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​មួយ​រួច​ទៅ​ហើយ​ដែល​កំពុង​ដំណើរការ​យ៉ាង​រលូត និង​ផ្ដល់​ការងារ​ដល់​កូន​ខ្មែរ​ប្រមាណ​២​ម៉ឺន​នាក់ ។

អភិបាល​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា ចេ ជាង ហ្គ៍​រ ជី អេសអុ​ី​ហ្សេ​ត បាន​សាងសង់​លើ​ផ្ទៃដី​ចំនួន​១៣៣​ហិ​កតា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​បន្ដ​ថា ៖« តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មាន​ចម្ងាយ​ពី​តំបន់​វាល​រេញ​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ និង​ពី​ទីរួមខេត្ត​ព្រះ​សីហ​នុ​ប្រមាណ​ជា​៥៣​គីឡូម៉ែត្រ ហើយ​ជា​ជំហាន​ដំបូង តំបន់​សេដ្ឋកិច្ច​នេះ នឹង​អាច​ស្រូប​យក​កម្មករ​ប្រមាណ​១​ម៉ឺន​នាក់ »​។

លោក កឹ​ម ស៊ី​ថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ។ ជាក់ស្តែង ពេល​នេះ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ថ្មី​ទៀត​ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ ដែល​ជា​ការ​អភិវឌ្ឍ​ក្រោម​ដំបូល​សន្តិភាព សេដ្ឋកិច្ច​រីក​ម្រើ​ន ដោយ​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត ។ លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា ៖« នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី​២ បន្ទាប់​តំបន់​សេដ្ឋ​ពិសេស​បិត​ត្រាំ​ង ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ដែល​បាន​ផ្ដល់​ការងារ​ជូន​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ទីនោះ » ។

បច្ចុប្បន្ន​ខេត្ត​ព្រះ​សីហ​នុ​បាន​ក្លាយជា​ខេត្ត​មួយ ដែល​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​ជា​ច្រើន ចូល​ទៅ​វិនិយោគ​នៅ​ទីនោះ ដោយសារ​ខេត្ត​នេះ​ស្ថិត​ក្នុង​គម្រោង « ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » របស់​ចិន ក៏​ដូច​ជា ស្រប​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ខេត្ត​នេះ​ទាំងមូល​ជា​តំបន់ឧស្សាហកម្ម នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាលពី​ខែតុលា ឆ្នាំ​២០១៥ ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​កន្លង​មក​ថា កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ស្រប​ពេល​ចិន​ក៏​ចង់​ពង្រីក​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ហើយ​ចិន​អាច​ឈរជើង និង​អាច​យក​កម្ពុជា​ជា​ចំណត​មួយ ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ ខណៈ​ដែល​ចិន​មិន​អាច​ឈរជើង​ជាមួយ​វៀតណាម ថៃ មី​យ៉ា​ន់​ម៉ា ដោយសារ​ប្រទេស​ទាំងនោះ​ជា​កូនក្រមុំ​ដែល​បាន​ងាក​ទៅ​រក​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖« ពី​មុន​មក ចិន​បាន​ចាប់ដៃ​ជាមួយ​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​ពេល​នេះ​មី​យ៉ា​ន់​ម៉ា​បាន​ងាក​ទៅ​អា​មេ​រិ​ក ដូច្នេះ​មាន​តែ​កម្ពុជា​ទេ ដែល​ចិន​អាច​ឈរជើង​បាន »​។ លោក​បន្ថែម​ថា ៖« ប្រវត្តិសាស្ត្រ​កម្ពុជា និង​ចិន​ក៏​មាន​ភាព​យូរអង្វែង​ដែរ ស្រប​ពេល​ចិន​បាន​ដាក់​ចេញ​គោលនយោបាយ​ផ្លូវ​សូត្រ និង​ចិន​មាន​ប្រជាជន​ច្រើន លុយ​ច្រើន គាត់​ក៏​បង្ហូរ​មក​កាន់​អាស៊ី និង​អាហ្វ្រិក ដើម្បី​ផ្តល់​ការងារ​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដល់​គាត់ »​។

លោក​បណ្ឌិត ហុង វណ្ណៈ បាន​បញ្ជាក់​ថា ៖« ស្រប​ពេល​កម្លាំង​ធនធាន​របស់​កម្ពុជា​មាន​កម្រិត ហេតុនេះ​យើង​ត្រូវ​ទទួល​ជំនួយ​របស់​គេ ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស តែបើ​គិត​អវិជ្ជមាន​ជា​រឿង​ផ្សេង ហើយ​បើ​គិត​ពី​វិជ្ជមាន គឺ​យើង​មាន​តម្រូវការ​ធនធាន និង​ការ​វិនិយោគ ដើម្បី​យក​មក​កសាង​ប្រទេស »​។ លោក​ថា ៖« បើ​និយាយ​ពី​ចិន​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ គឺ​ចិន​ចូល​ចិត្ត​តំបន់​សមុទ្រ តំបន់​សមុទ្រ​ជា​គោលដៅ​របស់​ពួក​គេ និង​ជា​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ